ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចំណូល​ពី​អង្គរ​ច្រើន​តែ​អ្នកសៀមរាប​នៅ​តែ​ក្រ


ក្រុម​អ្នក​ទេសចរណ៍​អន្តរជាតិ​រង់ចាំ​ផ្តិត​យក​រូបភាព​នៃ​ព្រះអាទិត្យ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​ប្រាសាទ​ អង្គរវត្ត កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែមករា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី​/VOA)

ប្រាក់​រាប់សិប​​លាន​ដុល្លារ​ បាន​ហូរចូល​ក្រុង​នៃ​ប្រាង្គប្រាសាទ​ដ៏​ល្បី​ល្បាញ​នេះ​ជា​រៀងរាល់​ឆ្នាំ​ តាម​រយៈ​ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេស​ចរណ៍​​អន្តរជាតិ។

ក្រុង​សៀមរាប​នៃ​ខេត្ត​សៀមរាប​ជា​ក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​របស់​ប្រទេស​កម្ពុជា។ សំណង់​ អាគារ​នានា​កំពុង​កើនឡើង​នៅ​ក្នុង​ក្រុង​បុរាណ​មួយ​នេះ។ ប្រាក់​រាប់សិបលាន​ដុល្លារ​ ក៏​បាន​ហូរចូល​ក្រុង​នៃ​ប្រាង្គប្រាសាទ​ដ៏​ល្បី​ល្បាញ​នេះ​ជា​រៀងរាល់​ឆ្នាំ​ តាម​រយៈ​ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេស​ចរណ៍អន្តរជាតិ។

ក៏​ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ឆ្ងាយ​ពី​ក្រុង​នេះ​ប្រមាណ​ជាជាង​ ២០​គីឡូម៉ែត្រ មិនបាន​ដឹង​ឮ​ពី​ប្រាក់ដុល្លារ​ដែល​ហូរចូល​ក្នុង​ទឹក​ដី​កំណើត​របស់​ពួក​គេ ​ខណៈ​ដែល​ពួក​គេ​ កំពុង​រស់​នៅ​ក្នុង​សភាព​តោកយ៉ាក​ និង​ពុំ​បាន​ខ្វាយខ្វល់​ពី​ប្រាក់​ចំណូល​ទាំង​នេះ​ឡើយ។​ ប្រាក់​ចំណូល​សំខាន់​មួយ​ ដែល​ចូល​មកក្នុងខេត្ត​សៀម​រាប​រាល់​ថ្ងៃនោះ​ គឺ​ការ​លក់សំបុត្រ​ចូល​ទស្សនា​ប្រាង្គប្រាសាទ​អង្គរវត្ត។​

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​រស់​នៅ​ក្រៅក្រុង​សៀមរាប ជាច្រើនឆ្នាំមក​ហើយ​នោះ​ និយាយ​ថា​ ពួក​គេ​បាន​ផ្តោត​តែ​លើ​ការ​រក​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។

អង្គុយ​លើ​អង្រឹង​ក្រោម​ផ្ទះ​ ដែល​យក​ធាង​ដូង​ធ្វើ​ជា​ជញ្ជាំង​ អ្នក​ស្រី​ តន់​ សាម៉ីត​ ​វ័យ​ ៥២​ ឆ្នាំ​ ជា​ស្រ្តី​មេម៉ាយ​ និង​ ជា​ម្តាយកូន២​នាក់​និយាយប្រាប់​ វីអូអេ​ថា​ អ្នកស្រី​បានរស់​នៅ​ឃុំ​ព្រះដាក​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប​ អស់​រយៈ​ពេល​ ជិត​២០ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​អ្នកស្រី​មិន​ដែល​ចំណាយ​ពេល​គិត​ដល់ប្រាក់​ចំណូល​ដែល​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គវត្ត​នោះ​ឡើយ។​ អ្នក​ស្រី​និយាយ​ថា៖​

«ខ្ញុំ​វាខ្ជិល​នឹង​តាម​ដាន ព្រោះ​អ្វី​វា​ស្មុគស្មាញ​ ត្រង់​ខ្លួន​យើង​ វាខ្លាច​តែ​ចិញ្ចឹម​កូន​មិនរស់​ផង​ កំព្រី​កំព្រា​កម្សត់​កម្រ​ វាអត់​បាន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​រឿង​ព័ត៌មាន​ រវល់​តែ​ចាប់​អារម្មណ៍​រឿង​ខ្លាច​ ព្រួយចិត្ត​តែ​ចិញ្ចឹម​កូន»។

អ្នកស្រី​ថ្លែង ​បន្ត​ថា​ អាជ្ញាធរ​ថ្នាក់​ភូមិ​ឃុំ​ ពុំបាន​ផ្តល់​ដំណឹង​ ​ទាក់​ទិន​ ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ ឲ្យ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូលទស្សនាប្រាង្គ​ប្រាសាទ​អង្គរវត្ត​ផង​ដែរ។​ ជា​ម្តាយ​ដែល​មាន​កូន​ចំនួន​ពីរនាក់ អ្នក​ស្រី​ តន់​ សាម៉ីត​ និយាយ​បញ្ជាក់​ថា​ ចំណូល​ដែល​ទទួលបាន​មក​ពីអ្នក​ទេសចរណ៍​នោះ មិនបាន​ជួយ​ឲ្យ​ជីវភាព​អ្នក​ស្រីល្អ​ប្រសើរ​នោះ​ទេ​ ព្រោះ​សូម្បី​តែ​ បន្ទប់​ទឹក​មួយ ឬ​បង្គន់ក៏​អ្នកស្រី​ពុំមាន​ប្រើ​ផង​នោះ។​ អ្នកស្រី​ពន្យល់​ថា​ អាជ្ញាធរភូមិ​ឃុំបាន​ត្រឹម​ផ្តល់​សម្ភារៈ​សម្រាប់​សាងសង់​ តែមិន​បាន​សង់ឲ្យ​នោះ​ទេ។​ ​

«និយាយរួម​ទៅ​ បន្ទប់​ទឹក គេឲ្យ​ ហើយ​គេ​ឲ្យ​យើង​ ចេញ​លុយ​ធ្វើ​ប៉ុណ្ណោះ​ឯង។ គេ​គ្រាន់​តែ​ឲ្យ​គ្រឿង​ ដូច​ជា​ ឆ្នាំង​បង្គន់​ ឆ្នាំង​អី​ អាហ្នុង​គេ​ឲ្យ​»។

អ្នក​ទេសចរណ៍​អន្តរជាតិ​ចំណាយ​ ២០ដុល្លារ​ អាមេរិក​ ក្នុង​មួយ​នាក់​សម្រាប់​ការចូល​មើល​សួន​ប្រាង្គ​ប្រាសាទ​បុរាណ​មាន​លក្ខណៈ​ស្មុគស្មាញ​ ក្នុង​ក្រុង​សៀមរាបក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។​ អ្នក​ទេស​ចរណ៍​មាន​កម្រិតជីវភាព​មធ្យម​ក៏ត្រូវ​ចំណាយ​ មិនតិច​ជាង​ ៣០​ដុល្លារ​លើ​ការ​ហូបចុក​ និង​ស្នាក់នៅ​របស់​គេ​ដោយ​មិន​ទាន់​រាប់​បញ្ចូល ​ការចំណាយ​របស់​អ្នក​ទេសចរណ៍​ដែល​មាន​លុយកាក់​ច្រើន​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់ ​របស់​លោក​ មាស នី​ អ្នកសិក្សា​ការ​អភិវឌ្ឍ​សង្គម​ឯករាជ្យ។​

លោក​ មាស​ នី​ ទទួលស្គាល់​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​តំបន់​អង្គរ​ ឬនៅ​ក្រៅ​ក្រុងសៀមរាប​ មាន​ជីវ​ភាព​ក្រ​លំបាក​ជាង​គេ បើ​ធៀប​ទៅ​នឹង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ បើ​ទោះ​ជា​ខេត្ត​នេះ​ទទួល​បាន​ចំណូល​បាន​មក​ពីការលក់​សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ប្រាង្គប្រាសាទ​របស់​អ្នកទេសចរណ៍​អន្តរ​ជាតិ​ក៏ដោយ។​

លោកនិយាយ​ថា​ចំណូល​ប្រមូល​បាន​មក​ពីការលក់​សំបុត្រ​នេះ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែងប្រមូល​ចំណូល​ថ្នាក់​កណ្តាល​របស់​ជាតិមុន ទើប​បែងចែក​ត្រឡប់​មក​ថ្នាក់​ក្រោម​វិញ ​ដែល​នេះ​បញ្ច្រាស​ពី​ការ​អនុវត្ត​របស់​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​រួម​មាន ប្រទេស​ម៉ាឡេស៊ី​ជាដើម​។​

លោកបញ្ជាក់ថា៖​ «នៅក្នុង​ប្រទេស​គេ​ដទៃ​ គឺ​គេ​តែងតែ​មាន​ គេ​ហៅ​ថា​ មាន​ជា​គោលការណ៍​មួយ​ ដោយ​គិត​អំពី​ការ​ដក​យក ផ្នែក​ណាមួយ​ដែល​ជា​មាន​ជា​គោលការណ៍​ គោល​នយោបាយ​ត្រឹមត្រូវ។​ ឧទាហរណ៍​ថា​ ដក​ជាភាគរយ​ នៃ​ប្រាក់​ចំណូល​ពី​តំបន់​ទេសចរណ៍​ហ្នឹង​ដើម្បី​ បង្វិល​យក​ទៅ​ជួយ​ដល់​ពលរដ្ឋ​ នៅ​ក្នុង​តំបន់​ហ្នឹង​វិញ​ ហើយ​គេនឹង​ធ្វើ​ការ​សិក្សា​ជា​រៀងរាល់​ឆ្នាំ​ទៀត ​ថា​តើ​ ការ​ទទួល​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​របស់​គេ​ នៅ​ក្នុង​តំបន់​ហ្នឹង ​តើ​មាន​ការ​កើន​ឡើង​ ឬ​ក៏​យ៉ាងម៉េច? ត្រង់​នេះ​ហើយ​ដែល​ខ្ញុំ​ អត់​ទាន់​មាន​ឃើញ​ការ​សិក្សា​អ្វី​ទេ​ គឺក្រៅតែ​ពី​រឿង​ដាក់​វិធានការ​ជា​បន្តបន្ទាប់​ត្រូវ​តែ​ធ្វើ​នេះ​ ត្រូវ​មាន​វិធានការ​នេះ​ វិធានការ​នោះ​ដើម្បី​គ្រប់​គ្រង​ពលរដ្ឋ​មិន​ឲ្យ​សង់​ផ្ទះ​ថ្មី​ ឬមិន​ឲ្យ​វាត​ដី​ថ្មី​អី​អញ្ចឹង»។

លោក​និយាយ​បន្ត​ថា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះ​ ក៏ពុំ​បាន​ទទួលផល​ច្រើន ​ពីអ្នក​ទេស​ចរណ៍​ ផង​ដែរ​ ដោយសារ​ការ​ម៉ៅផ្តាច់​មុខ​របស់​ក្រុមហ៊ុន​ឯកជន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​នៅ​ទី​នោះ។​ ​

«បើ​យើង​និយាយ​អំពី​ផលប្រយោជន៍ ដែល​អ្នក​ស្រុក​ នៅ​ក្នុង​តំបន់​អង្គរ​ ឬ​ក៏​ជាយទីក្រុង​សៀមរាប​បាន​ទទួល​ពី​អង្គរ​ហ្នឹង​ គឺវាបាន​តិច​ ហើយ​ពេលខ្លះ​ គឺ​ពិបាក​ដោយសារ​តែ​ ពួកគាត់​ត្រូវ​ប្រឈម​ជា មួយ ​នឹង​ការ​វាតទី​ របស់​ក្រុម​ហ៊ុន​ ឬក៏​អ្នក​ជំនួញដែលមាន​អំណាច​នៅ​ក្នុង​តំបន់​នោះ។​ ដូច​ជា​យើង​ឃើញ​ពេល​ខ្លះ​ ក្រុម​គាត់​ហ្នឹង​បាន​ត្រូវ​ កងសន្តិ​សុខ​ដេញ​ប្រផាប់​ចាប់​ប្រផីង​ មិន​ឲ្យ​លក់​ដូរ​នៅ​ក្នុង​តំបន់​អង្គរ​ ហ្នឹង។​ អាហ្នឹង​ គឺ​ដោយសារអ្វី?​ ដោយសារ​តែ​វា​មាន​ការ​ គេហៅថា​ ​ម៉ៅ​ផ្តាច់​ ពី​ក្រុម​ហ៊ុន ឬ​ក៏​អ្នក​ឈ្មួញ​ ដែល​គេ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​រកស៊ីនៅ​ក្នុង​តំបន់​ហ្នឹង»។

លោក​បញ្ជាក់​ថា​ ផលិតកម្ម​ក្នុង​ស្រុក​មិនបាន​ទទួល​ការ​គាំពារ​ ពី​ភាគីពាក់​ព័ន្ធ​ និង​រដ្ឋា​ភិ​បាល​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ ប្រជាពលរដ្ឋ​ខ្មែរ​ ត្រូវ​នាំចូល​ទំនិញ​នានា​ដូចជា​ វត្ថុ​អនុស្សាវរីយ៍​ពី​ប្រទេស​ក្បែរ​ខាង​មក​លក់​ជូន​ភ្ញៀវ​ទេសចរណ៍។​ ​

លោក​ មាស នី បញ្ជាក់​បន្ថែម​ទៀតថា​ ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​តំបន់​អង្គរ​ ក៏ពុំត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពង្រីក​ដី​ធ្វើ​ស្រែចម្ការ​ ដោយសារ​ដីរបស់​ពួក​គេ​ជាដី​ស្ថិតក្នុង​តំបន់​អភិរក្ស។​ ចំពោះ​វិស័យអប់រំ​វិញ​ លោក​ថ្លែង​ថា​ មាន​យុវជន​តិច​ណាស់​ ដែល​បាន​ឆ្លង​ផុត​ពី​កម្រិត​បឋមសិក្សា​នៅ​ក្នុង​តំបន់​សៀម​រាប។​

ចំណូល​បាន​មក​ពី​ការលក់​សំបុត្រ​ដល់​អ្នក​ទេសចរណ៍​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៤ មានចំនួន​ ៥៩​លាន ដុល្លារ ហើយ​នៅ​ក្នុង​រយៈ​ពេល​១១ខែនៃឆ្នាំ​ ២០១៥​ ចំណូល​បាន​មក​ពីការលក់​សំបុត្រ​នេះ​ មានចំនួន​៥៣​ លាន​ដុល្លារ​ ដោយមាន​ចំនួន​ភ្ញៀវ​ ១,៨ ​លាន​នាក់។ នេះ​បើ​យោង​ទៅ​តាមសេចក្តី​ប្រកាសព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា។​

ចំណូល​រាប់​សិបលាន​ដុល្លារនេះ​ មិន​បាន​ធ្វើ​ឲ្យ​ លោក​ សៀន ពៅ​ រស់​នៅ​ដោយ​ការ​រកត្រី​ នាជាយ​ក្រុង​សៀម​រាបនោះ​ ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​រឿង​ប្រាក់​ចំណូល​ក្នុង​ក្រុង​អង្គរ​ទេ​ ព្រោះ​លោកមិនបាន​ដឹង​អ្វី​ទាំងអស់​អំពី​ចំណូល​ទាំងនោះ។

អង្គុយ​លើកង់​ ជាមួយឧបករណ៍​អង្រុត​ត្រី​ លោក សៀន ពៅ ​វ័យ​ ៥០​ឆ្នាំ​ និយាយ​ថា៖

«ខ្ញុំអត់​ដែល​មាន​អ្វី​ស្តាប់​ផង​ ចុះ​បើ​មនុស្ស​ក្រីក្រ»។​

ទោះបី ​ជា​មាន​ចំណូល​ចូល​រាប់​សិប​លាន​ដុល្លារ​ពី​ការ​លក់សំបុត្រ​ចូល​ទស្សនា​ប្រាង្គប្រាសាទ​អង្គវត្ត​ក្តី​ លោក​ សៀ​ន​ ពៅ​ និយាយ​ថា​ ផ្ទះ​របស់​លោក​មាន​សភាព​ទ្រុឌទ្រោម​ ដោយ​គ្រួសារ​លោក​ ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ជួស​ជុល​ឡើង​វិញ។

មិនមែន​មាន​តែ​អ្នកស្រុក​បន្ទាយ​ស្រី​ប៉ុន្មាន​នាក់​នេះ​ បាន​លើក​ពី​ការមិន​បាន​ទទួល​បាន​ព័ត៌មាន​ទាក់​ទិន​ចំណូល​ដែល​បាន​មកពី​ប្រាង្គប្រាសាទ​អង្គរវត្ត​ ឬ​ក៏​ការចំណាយ​ដោយ​ផ្ទាល់​របស់​អ្នក​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​នោះ​ទេ​ គឺ​មាន​ពលរដ្ឋ​ជាច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​នេះ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ពួក​គេ មើល​ឃើញ​តែភាព​ខ្មៅងងិត​ បើ​និយាយ​ពី​បញ្ហា​ចំណូល​ និង​ចំណាយ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ។​

ជារឿយៗ​រូបភាព​កូន​ក្មេង​ជាច្រើន​ដើរ​សុំទាន​ ដោយ​ស្ទើរតែ​រក​ស្បែកជើង​ពាក់​ពុំ​បាន​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​និង​ចេញ​ទៅក្រៅ​ដែល​នាំ​ឱ្យ​មានការ​ចោទ​សួរ​ថា​ តើ​ប្រាក់​ដែល​មកពី​អ្នក​ទេស​ចរណ៍​រាប់​លាន​ដុលា្លរ​នេះ​ ត្រូវ​រដ្ឋា​ភិ​បាលយក​ទៅ​ឯណា?​

លោក សុខ​ ឦសាន​ អ្នក​នាំពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ថ្លែង​ថា​ រដ្ឋាភិបាល​មិន​អាច​ឲ្យ​ប្រជា​ពល​រដ្ឋ​ ដឹង​ឮ​គ្រប់​រាល់​សកម្ម​ភាព​ នៃ​ការ​រកប្រាក់​ចំណូល​រាល់​គ្រប់​ស្ថាប័ន​របស់​រដ្ឋ​នោះ​ទេ។​ លោក​បញ្ជាក់​ថា៖​ ​

«អាណា​ទៅ​ប្រាប់​គាត់ គ្រប់​តែ​គ្នា​អីចឹង។​ រកស៊ី​របស់​រដ្ឋ​ហ្នឹង​ អញ្ចឹង​ក្រសួង​មួយ​ៗ​ រាយការណ៍​ឲ្យ​គាត់​ម្នាក់ៗ​ គ្រប់​អញ្ចឹង​!​ អាហ្នឹង​ដែល​មាន​ទេ? អាមេរិក​ក៏​មិន​ដែល​មាន​ដែរ។​ កុំ​ទៅថា​ ដល់​ស្រុក​ខ្មែរ​នោះ»។​

លោក​ ថ្លែង​បញ្ជាក់​ទៀត​ថា​ ចំណូល​ បាន​មក​ពី​ការលក់​សំបុត្រ​នៅ​ប្រាង្គប្រាសាទ​អង្គរ​ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ទូទៅ​ នៅក្នុង​តំបន់​អង្គរ។​

លោក​ ឡុង កុសល្យ​ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែង​ប្រាប់​វីអូអេ​ ថា​ អាជ្ញាធរ​ជាតិ​អប្ស​រា​ បាន​រួម​ចំណែក​ជា​ច្រើន​ដល់​ការ​អភិវឌ្ឍ​សហគមន៍​នានា​ក្នុង​តំបន់​អភិ​រក្ស​អង្គរ។​ លោក​បញ្ជាក់​ថា៖​

«មិនមែន​បាន​ន័យ​ថា យើង​អភិវឌ្ឍន៍​ តែ​ការងារ​អភិរក្ស​ប្រាសាទ​តែ​មួយ​ទេ​ ក៏ប៉ុន្តែ​យើង​បាន​ធ្វើ​ការ​ងារ​ជាច្រើន​ណាស់​ ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​លើក​តម្កើង​ កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ដូច​ជា​ការ​សាងសង់​ផ្លូវ​ ការសាង​សង់​ប្រឡាយ​ទឹក​ ការ​ធ្វើ​យ៉ាង​ម៉េច​ជួយ​បណ្តុះ​បណ្តាល​គាត់​ឲ្យមាន​កម្រិត​ជំនាញ​កាន់​តែ​ខ្ពស់​ ឲ្យ​គាត់​មាន​លទ្ធភាព​ក្នុង​ការ​រក​របរ​រកស៊ី​ គឺថា​ យើង​ធ្វើ​ការ​ងារ​ហ្នឹង​ច្រើន​ណាស់​ពាក់​ព័ន្ធ​អារឿង​ការ​អភិវឌ្ឍន៍​សហគមន៍​ហ្នឹង»។

លោក​មិន​អាច​បញ្ជាក់​ឲ្យ​ថា​ តើ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដក​ប៉ុន្មាន​ភាគរយ​ពី​ចំណូល​សរុប​បាន​មក​ពី​ការ​លក់​សំបុត្រ​យក​មក​អភិវឌ្ឍន៍​សហគមន៍​នានា​នោះ​ទេ​ ដោយ​លោកគ្រាន់​តែ​អះអាង​ថា​ ប្រជា​ពល​រដ្ឋ​បាន​ទទួល​ផល​ប្រយោជន៍​ដូច​ការពន្យល់​របស់​លោក​ខាង​លើ​នេះ។​ ​លោក​បាន​ច្រានចោល​ ការ​ចោទ​ប្រកាន់​ដែល​ថា​ មាន​ក្រុមហ៊ុន​ឯក​ជន​បាន​វាតទី​យក​កន្លែង​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​ ពី​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត​សៀម​រាប។

សួនឧទ្យាន​ប្រាង្គប្រាសាទ​បុរាណអង្គរមាន​លក្ខណៈ​ស្មុគស្មាញ​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សុខាអូតែល​របស់​លោក​ ឧកញ៉ា​ សុខ​ គង់​ សម្រាប់​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​អស់​រយៈ​ពេល​ ១៧​ឆ្នាំ​មក​ហើយ។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា​ ឆ្នាំមុន​នេះ​ បញ្ចប់​កិច្ច​សន្យា​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នេះ​លក់​សំបុត្រ​ដល់​អ្នក​ទេសចរណ៍​អន្តរ​ជាតិ​ សម្រាប់​ការ​ចូលទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ៕

XS
SM
MD
LG