ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​បារម្ភ​អំពី​អំពើ​ពុករលួយ​ក្នុង​ការ​គ្រប់គ្រង់​ការ​លក់​សំបុត្រ​ចូល​ឧទ្យាន​អង្គរ


រូបឯកសារ៖ អ្នក​ទេសចរណ៍​ដើរ​ចេញ​ពី​ប្រាសាទ​អង្គរ​វត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​អង្គារ ទី១០ ខែ​មករា ឆ្នាំ​២០១២។ (រូបថត៖ AP/Heng Sinith)

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ពង្រឹង​អភិបាលកិច្ច ​បាន​ផ្តល់​មតិ​ផ្សេងៗ​គ្នា​ បន្ទាប់​ពី​មាន​ការ​ផ្ទេរ​ការ​លក់​សំបុត្រ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​​​ពី​ក្រុមហ៊ុន​ឯកជន​មក​ឲ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​វិញ​នោះ។

ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​មិន​បង្ហាញ​គម្រោង​របស់​ខ្លួន​អំពី​ការ​គ្រប់​គ្រង​ការ​លក់​សំបុត្រ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​ក្នុង​ខេត្ត​សៀមរាប​នោះ​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ពង្រឹង​អភិបាលកិច្ច ​បាន​ផ្តល់​មតិ​ផ្សេងៗ​គ្នា​ បន្ទាប់​ពី​មាន​ការ​ផ្ទេរ​ការ​លក់​សំបុត្រ​នេះ​ពី​ក្រុមហ៊ុន​ឯកជន​មក​ឲ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​វិញ​នោះ។

ពួក​គេ​សំដែង​ក្តី​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​កើត​ឡើង​នៃ​អំពើ​ពុករលួយ​ បន្ទាប់​ពីរាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដក​យក​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​ពី​ក្រុមហ៊ុន​សុខា​អូតែល​របស់​លោក​ឧកញ៉ា​ សុខ គង់​ មក​គ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​វិញ។

​ពួក​គេ​ថ្លែង​ថា​ រដ្ឋាភិបាល​គួរ​គិត​គូរ​ឲ្យ​បាន​ល្អិតល្អន់​ទៅ​លើ​ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​ប្រាក់​ចំណូល​ និង​ការ​ប្រកាស​ឲ្យ​ដេញ​ថ្លៃ​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ផ្សេង​ទៀត​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​លើ​លក់​សំបុត្រនេះ។​

លោក​ មាស​ នី​ អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ឯករាជ្យ​ ដែល​មាន​បទពិសោធន៍​គ្រប់គ្រង​អាជីវកម្ម​របស់​រដ្ឋ​នា​ពេល​កន្លង​មក​ តែង​តែ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី​កើត​ឡើង​ទាក់​ទិន​ការ​គ្រប់គ្រង​ប្រាក់​ចំណូល​រក​បាន​ដោយ​ស្ថាប័ន​រដ្ឋ។

លោក​បញ្ជាក់​ថា៖​«យើង​ពី​ដើម​មក ​យើង​តែង​តែ​មាន​សង្កេត​ឃើញ​ថា​ អ្វីៗ​ក៏ដោយ​ ដែល​ធ្វើ​គ្រប់​គ្រង​ដោយ​រដ្ឋ​ ដោយ​រួម​ហ្នឹង​វា​ច្រើន​តែ​មិន​រីក។ អញ្ចឹង​បើ​សិន​ជា​រដ្ឋាភិបាល​មាន​ប្រព័ន្ធ​គ្រប់​គ្រង​មួយ​ដែល​ច្បាស់​លាស់​ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​នឹង​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រមូល​ថវិកា​ ហើយ​ធ្វើ​ការ​បែងចែក​ថវិកា​ហ្នឹង​ ដោយ​ទុក​អាទិភាព​ហ្នឹង​សម្រាប់​ការ​ជួយ​ដល់​ប្អូន​យើង​ដែល​រស់​នៅ​ជុំវិញ​ នៅ​ក្នុង​តំបន់​អង្គរ​ហ្នឹង​ផង​ដែរ។​ ក៏ប៉ុន្តែ​ បើ​សិន​ជា​ដូច​ដែល​យើង​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​វិស័យ​ដទៃ​ទៀត​ ដែល​រដ្ឋ​គ្រប់​គ្រង​ ដូច​ជា​ព្រៃ​ឈើ​ដូច​អី​ផ្សេងៗ​ អាហ្នឹង ​យើង​រំពឹង​តិច​ណាស់​ ដែល​ថា​ការ​គ្រប់​គ្រង​ដោយ​រដ្ឋ​ វា​មាន​ភាព​ប្រសើរ​ជាង​ក្រុមហ៊ុន»។

ទេសចរ​អន្តរជាតិ​ចំណាយ​២០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់​ ដើម្បី​ចូល​មើល​ប្រាង្គ​ប្រាសាទ​បុរាណ​ក្នុង​ក្រុង​សៀមរាប​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។​ អ្នក​ទេស​ចរណ៍​មាន​កម្រិត​ជីវភាព​មធ្យម​ក៏​ត្រូវ​ចំណាយ​មិន​តិច​ជាង​៣០​ដុល្លារ​ លើ​ការ​ហូបចុក​ និង​ស្នាក់​នៅ​របស់​គេ​ដោយ​មិន​ទាន់​រាប់​បញ្ចូល ​ការ​ចំណាយ​របស់​អ្នក​ទេសចរណ៍​ដែល​មាន​លុយកាក់​ច្រើន។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ឯករាជ្យ​រូបនេះ។

ឧទ្យាន​ប្រាង្គប្រាសាទ​បុរាណ​អង្គរ​មាន​លក្ខណៈ​ស្មុគស្មាញ​ ហើយ​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​ជួល​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សុខាអូតែល​របស់​លោក​ ឧកញ៉ា​ សុខ​ គង់​ សម្រាប់​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​អស់​រយៈ​ពេល​១៧ឆ្នាំ​មក​ហើយ។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​កិច្ច​សន្យា​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នេះ​លក់​សំបុត្រ​ដល់​អ្នក​ទេសចរណ៍​អន្តរ​ជាតិ​ សម្រាប់​ការ​ចូលទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ ​កាល​ពី​ថ្ងៃ​ទី៦​ ខែ​វិច្ឆិកា​ ឆ្នាំ​មុន​នេះ។

រូបឯកសារ៖ ថ្ងៃ​រះ​ពី​លើ​ប្រាសាទ​អង្គរវត្ត​កាល​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ លោក​ស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ទើប​បាន​អញ្ជើញ​មក​ដល់​ក្រុង​សៀមរាប​កាល​ពី​យប់​ថ្ងៃ​សុក្រ​ក្នុង​ដំណើរទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​មួយ​នេះ។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ ថ្ងៃ​រះ​ពី​លើ​ប្រាសាទ​អង្គរវត្ត​កាល​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ លោក​ស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ទើប​បាន​អញ្ជើញ​មក​ដល់​ក្រុង​សៀមរាប​កាល​ពី​យប់​ថ្ងៃ​សុក្រ​ក្នុង​ដំណើរទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​មួយ​នេះ។ (នូវ ពៅលក្ខិណា/VOA)

អ្នកស្រី​ ធីតា ឃឹៈ​ នាយិកា​អង្គការ​សីលកា ដែល​ធ្វើការ​ពង្រឹង​អភិបាល​កិច្ច​សាធារណៈ​ ​ថ្លែង​ប្រាប់​ VOA ដោយ​សម្តែង​ក្តី​បារម្ភ​អំពី​ការ​កើត​មាន​នៃ​សកម្មភាព​ពុករលួយ​នៅ​ក្នុង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាង្គប្រាសាទ​អង្គរនេះ។ ហើយអ្នក​ស្រី​បាន​ស្នើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ប្រកាស​ការ​ដាក់​ដេញ​ថ្លៃ​រក​ក្រុមហ៊ុន​ជា​ដៃគូ​មក​ចាត់​ចែង​ការងារ​នេះ​ប្រកបដោយ​តម្លាភាព។

អ្នក​ស្រីមានប្រសាសន៍​ថា៖​«ទីមួយ​គឺ​ថា​ ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​ដេញថ្លៃ​ ប៉ុន្តែ​មុន​ដែល​ធ្វើ​ការ​ដេញថ្លៃ​ហ្នឹង​ ពេល​ដែល​យើង​រៀបចំ​ជា​ លក្ខណៈ​សម្បត្តិ​មាន​គេ​ហៅ​ថា​ term​ of​ reference ​សំបុត្រ​ ដើម្បី​ដេញ​ថ្លៃ​ហ្នឹង​ ត្រូវ​តែ​ឲ្យ​មាន​សង្គម​ចូល​ជួយ​ដើម្បី​ផ្តល់​ជា​យោបល់​ និង​តាម​ដាន​ឲ្យ​មាន​តម្លាភាព​ផង។​ អញ្ចឹង​ទៅ​ពេល​ប្រកាស​គួរ​តែ​ប្រកាស​ឲ្យ​មាន​តម្លាភាព​ ពេល​ត្រឹម​ត្រូវ​ ឲ្យ​ក្រុមហ៊ុន​ល្អ​ចូល​ដេញថ្លៃ​ជាមួយ​ ហើយ​នៅ​ក្នុង​សេចក្តី​ term​ o​f reference​ ដែល​គាត់​បើក​ឡើង​សម្រាប់​ឲ្យ​គេ​ការ​ដេញ​ថ្លៃ​ហ្នឹង​ អាច​ចូល​ថា​ ជា​កាតព្វកិច្ច​មួយ​របស់​ក្រុមហ៊ុន​ហ្នឹង​ ដែល​ក្រុមហ៊ុន​នោះ​ត្រូវ​តែ​មាន​ផែនការ​ សកម្មភាព​ វិធានការ​យ៉ាង​ណា​ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ហ្នឹង»។​

ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ដល់​អ្នក​ទេសចរណ៍​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៤ មាន​ចំនួន​៥៩​លាន​ដុល្លារ។​ នៅ​ក្នុង​រយៈពេល​១១ខែ​នៃ​ឆ្នាំ​២០១៥​ ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​នេះ​ មាន​ចំនួន​៥៣​លាន​ដុល្លារ​ ដោយ​មាន​ចំនួន​ភ្ញៀវ​១,៨​លាន​នាក់។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា។​

លោក​ ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ថ្លែង​ថា​ លោក​មិន​ទាន់​អាច​សន្មត​ថា នឹង​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ បើ​សិន​ជា​ស្ថាប័ន​រដ្ឋ​ត្រូវ​ទទួល​បន្ទុក​មើល​ការ​លក់សំបុត្រ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​នេះ។ ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​គួរ​ផ្តើម​ការ​គិត​ពី​ការ​គ្រប់​គ្រង​ដោយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ សម្រាប់​ប្រតិបតិ្តការ​កិច្ច​ការងារ​នេះ។

លោក​និយាយ​ថា៖​«ប្រព័ន្ធ​កុំព្យូទ័រ​នេះ​ គឺ​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ ហើយ​និង​សវនកម្ម​ដោយ​ភ្នាក់ងារ​ ឬ​ក៏​អ្នក​ជំនាញ​ដែល​ជា​ផ្នែក​នៃ​ស្ថាប័ន​ឯករាជ្យ​មួយ​របស់​រដ្ឋ​ ឬ​ក៏​អាច​ជា​ស្ថាប័ន​ដែល​រដ្ឋ​ជួល​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ។ ហើយ​យើង​ត្រូវ​មាន​ការ​ចេញ​របាយការណ៍​ចំណូល​ចំណាយ​ជា​ទៀង​ទាត់​ បើ​សិន​ជា​យើង​អាច​ធ្វើ​បាន​រៀង​រាល់​ត្រី​មាស​ ឬ​ក៏ប្រចាំ​ខែ​រឹត​តែ​ល្អ។ ហើយ​ឯកសារ​ទាំង​អស់​ហ្នឹង​គឺ​រក្សា​ទុក​ ដើម្បី​ធ្វើ​សវនកម្ម​ដោយ​អាជ្ញាធរ​សវនកម្ម ​ឬ​ក៏​ក្រុមហ៊ុន​សវនកម្ម​ឯករាជ្យ មាន​ភាគី​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ត្រួត​ពិនិត្យ​ធ្វើ​អធិការកិច្ច ហើយ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ពី​ចំណូល​ចំណាយ​ឲ្យ​បាន​ទៀង​ទាត់»។​

លោក​បន្ថែម​ថា​ សកម្មភាព​ទាំងអស់​នេះ​នឹង​អាច​ជួយ​ទប់​ស្កាត់​ការ​កើត​មាន​ឡើង​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក​ មី វ៉ាន់​ ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ ថ្លែង​ថា​ លោក​ពុំ​មាន​ភារកិច្ច​ក្នុង​កិច្ចការ​ផ្ទេរ​នៃ​ការ​លក់​សបុត្រ​នេះ​ទេ។

យ៉ាង​ណា​ក៏ដោយ​ លោក​ ឡុង​ កុសល្យ​ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែង​ប្រាប់ VOA​ ថា​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ច្រាន​ចោល​នូវ​ក្តី​បារម្ភ​ទាក់​ទិន​លទ្ធភាព​ ដែល​អាចធ្វើ​ឲ្យ​មាន​ការ​បែក​ធ្លាយ​នៃ​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​នេះ។​

«ខ្ញុំ​អាច​បញ្ជាក់​បាន​អញ្ចេះ​ គឺ​ថា ​កន្លង​មក​ អាហ្នឹង​មាន​ការ​ប្រមូល​ប្រាក់​ចំណូល​អី​នោះ​ណ៎ា​ ដោយ​ក្រុម​ហ៊ុន​ឯក​ជន​អី​អញ្ចឹង​ណា៎។ ក៏​ប៉ុន្តែ​ឥឡូវ​ដែល​រដ្ឋ​ដែល​គាត់​យក​មក​គ្រប់​គ្រង​ ក៏ប៉ុន្តែ​ឥឡូវ​ដែល​រដ្ឋ​ដែល​គាត់​យក​អាហ្នឹង​មក​បំពេញ​ការងារ​ខ្ញុំ​ជឿជាក់​ថា​ រដ្ឋ​នឹង​បំពេញការងារ​ដោយ​ពេញ​លេញ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ប្រមូល​ប្រាក់​ចំណូល​នេះ​ឲ្យ​កាន់​តែ​បាន​ច្រើន​ណ៎ា។ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ប្រាក់​ចំណូល​នឹង​អាច​ប្រមូល​បាន​រឹត​តែ​ច្រើន​ តែ​ចំណូល​ទាំង​អស់​ហ្នឹង​ គឺ​កាន់​តែ​ គឺ​ចូល​ហ្នឹង​ នឹង​ចូល​មក​ដល់ក្នុង​ថវិកា​រដ្ឋ​ទាំង​អស់»។​

កាល​ពី​ឆ្នាំ​២០១៤​ ​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចាត់​ទុក​ថា​ កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភពលោក​ជាមួយ​ដោយ​ចាត់​ចំណាត់​ថ្នាក់​លេខ​១៥៤​ក្នុង​ចំណោម​ប្រទេស​១៧៤​ក្នុង​តារាង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ៕

XS
SM
MD
LG