បណ្តាប្រទេសនៅក្នុងប្លុក BRICS បានទទួលយកប្រទេសអាហ្វ្រិកខាងត្បូងជាសមាជិកកាលពីឆ្នាំ២០១០ ដើម្បីធ្វើឲ្យប្លុកនេះកាន់តែមានឥទ្ធិពលក្នុងពិភពលោកថែមទៀត ក្នុងការធ្វើជាតំណាងអំណាចសេដ្ឋកិច្ចដែលមិនមានលក្ខណៈប្រពៃណី។
មេដឹកនាំនៃបណ្តាប្រទេសក្នុងប្លុកនេះបានថ្លែងថា គោលបំណងរបស់កិច្ចប្រជុំកំពូល BRICS កាន់តែមានសារៈសំខាន់ដោយសារតែមានកំណើននៃគោលនយោបាយ និងនយោបាយពាណិជ្ជកម្មដែលដាក់កំហិតការនាំចូលទំនិញនៅជុំវិញពិភពលោក។
លោក Cyril Ramaphosa ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូល BRICS នៅឯទីក្រុង Johannesburg កាលពីថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
លោក Ramaphosa បានថ្លែងថា៖
«អស់លោក និងលោកស្រីទាំងអស់! យើងប្រជុំនៅទីនេះ ក្នុងខណៈពេលដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងតែជួបនឹងបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមក។ យើងបារម្ភពីការកើនឡើងនៃវិធានការឯកតោភាគី ដែលមិនស្របនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយយើងក៏បារម្ភពីផលប៉ះពាល់នៃវិធានការទាំងនេះ ជាពិសេសគោលនយោបាយទាំងនេះប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ព្រឹត្តិការណ៍ទាំងនេះតម្រូវឲ្យមានការពិភាក្សាយ៉ាងល្អិតល្អន់អំពីតួនាទីនៃពាណិជ្ជកម្មដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសកំណើនដែលឲ្យផលដល់មនុស្សគ្រប់គ្នា»។
នៅទីបញ្ចប់នៃសុន្ទរកថារបស់លោក លោក Ramaphosa បានថ្លែងថា ចាប់តាំងពីការបង្កើតធនាគារអភិវឌ្ឍន៍ BRICS កាលពីឆ្នាំ២០១៤មក ធនាគារនេះបានផ្តល់កម្ចីប្រមាណ៥,១ពាន់លានដុល្លារលើគម្រោងអភិវឌ្ឍន៍។
មួយថ្ងៃ មុនកិច្ចប្រជុំកំពូល BRICS លោក Ramaphosa បានជួបជាមួយនឹងលោកស៊ី ជីនពីង ប្រធានាធិបតីចិន។ ប្រទេសចិនព្យាយាមធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរជាតិរបស់ខ្លួន នៅពេលមានការគំរាមកំហែងដោយលោក ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការបង្កើនពន្ធលើទំនិញនាំចូលពីប្រទេសចិន។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំតម្រង់ទិសពាណិជ្ជកម្ម ដែលបានធ្វើឡើងមុនកិច្ចប្រជុំកំពូល BRICS លោក Rob Davies រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានចង្អុលបង្ហាញថា ពាណិជ្ជកម្មមិនទាន់មានតុល្យភាពនៅឡើយទេ សូម្បីក្នុងចំណោមសមាជិក BRICS ក៏ដោយ។ ប្រទេសអាហ្វ្រិកខាងត្បូងគឺជាសមាជិកចុងក្រោយ និងមានសេដ្ឋកិច្ចតូចបំផុតក្នុងចំណោមសមាជិកទាំងប្រាំរបស់ BRICS ប៉ុន្តែប្រទេសនេះវិនិយោគច្រើនជាងអ្វីដែលប្រទេសនេះទទួលបានពីប្លុកសេដ្ឋកិច្ចមួយនេះ។
លោក Davies និយាយថា៖
«ប្រសិនបើយើងមើលលើទំនាក់ទំនងនៃការវិនិយោគ ខ្ញុំគិតថា យើងអាចមើលឃើញថា មានការជឿនលឿនតិចតួចជាងមុន។ តួលេខ ដែលយើងបានកត់ត្រា បានបង្ហាញថា វិនិយោគរបស់ BRICS នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងចន្លោះឆ្នាំ២០០៣ និង ២០១៧ មានជិត១៨ពាន់លានដុល្លារគឺ១៧ពាន់៨រយលានដុល្លាអាមេរិកប៉ុណ្ណោះ ប៉ុន្តែប្រទេសអាហ្វ្រិកខាងត្បូងបានវិនិយោគប្រមាណ៦ម៉ឺន៨ពាន់លានដុល្លារអាមេរិកនៅក្នុងបណ្តាប្រទេសផ្សេងៗក្នុងប្លុក BRICS ពីចន្លោះឆ្នាំ២០០១ និង២០១៦»។
លោកស្រី Luanda Mpungose អ្នកវិភាគសេដ្ឋកិច្ចបានថ្លែងថា ដោយសារមានការគំរាមកំហែងដ៏ធំពីខាងក្រៅ ស្ថានភាពសេដ្ឋកិច្ចប្លុក BRICS កំពុងតែផ្លាស់ប្តូរ។ លោកស្រីបាននិយាយថា វាជារឿងដែលគួរឲ្យកត់សម្គាល់ដែលនៅក្នុងឆ្នាំនេះ ប្លុក BRICS បានឈោងដៃរកសមាជិកភាពផ្សេងទៀត ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង។
លោកស្រី Mpungose៖
«ករណីដែលប្លែកសម្រាប់ប្លុក BRICS នៅឆ្នាំនេះ ជាពិសេសខណៈដែលប្រទេសអាហ្វ្រិកខាងត្បូងធ្វើជាម្ចាស់ផ្ទះនោះ គឺថា គំនិតផ្តួចផ្តើមនេះមិនផ្តោតលើតែសមាជិករបស់ប្លុក BRICS ដែកមាន៥ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែយើងពិតជាបានមើលឃើញថា បណ្តាប្រទេសជិតខាងមួយចំនួនក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ដូច្នេះរបៀបវរៈនៃការអភិវឌ្ឍន៍ក្នុងទ្វីបអាហ្វ្រិកក៏ត្រូវដាក់បញ្ចូលក្នុងរបៀបវារៈរបស់កិច្ចប្រជុំកំពូល BRICS នេះដែរគឺមានន័យថា បណ្តាប្រទេសផ្សេងៗដូចជាប្រទេសរវ៉ាន់ដា (Rawanda) ប្រទេសសេណេហ្គាល់ (Senegal) និងប្រទេសតូហ្គោ (Togo) ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ»។
កិច្ចប្រជុំកំពូល BRICS បានបញ្ចប់កាលពីថ្ងៃសុក្រ ទី២៧ ខែកក្កដាឆ្នាំ២០១៨នេះ៕
ប្រែសម្រួលដោយកញ្ញា យូ សុធារី