ប្រទេសចិនដែលជាសមាជិកមួយមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងប្លុកមួយដែលគេស្គាល់ថា BRICS កំពុងស្វះស្វែងបន្តធ្វើឲ្យប្រសើរឡើងនូវតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិនៅពេលដែលក្រុមអង្គការនោះធ្វើសន្និសីទកំពូលប្រចាំឆ្នាំរបស់ខ្លួននៅប្រទេសអាហ្វ្រិកខាងត្បូងនៅឆ្នាំនេះ។
ប្រធានាធិបតីចិន ស៊ី ជីងពីង បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋដើម្បីចូលរួមសន្និសីទកំពូលនោះដែលរៀបចំដោយប្រទេសអាហ្វ្រិកខាងត្បូងមួយថ្ងៃមុនពេលចាប់ផ្តើមនៃសន្និសីទកំពូលរយៈពេល៣ថ្ងៃនៅថ្ងៃពុធនេះ។
ប្រធានាធិបតីស៊ីដែលត្រូវបានសភាចិនបោះឆ្នោតដ៏ច្រើនលើសលុបឲ្យធ្វើជាប្រធានាធិបតីម្តងទៀត មិនមានពេលកំណត់កាលពីខែមីនា បានសរសើរទំនាក់ទំនងខាងការទូតរយៈពេល២០ឆ្នាំរបស់ចិនជាមួយប្រទេសអាហ្វ្រិកខាងត្បូង ដែលជាផ្នែកមួយនៃអ្វីទំនងជាជំរុញឲ្យបង្កើនទំនាក់ទំនងទាំងអស់ជាមួយចិន។
ក្នុងអត្ថាធិប្បាយរបស់លោក ប្រធានាធិបតីស៊ីបានសរសើរទំនាក់ទំនងដែលលោកបាននិយាយថា រួមមានកិច្ចផ្តួចផ្តើមខាងហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគទុន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបានអញ្ជើញប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅខែកញ្ញា។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Ramaphosa តបតវិញដោយនិយាយថា «ថាមភាពនៃភាពជាដៃគូរវាងចិន និងអាហ្វ្រិកខាងត្បូងកើតចេញពីបំណងរួមដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរបស់យើង។ហើយជាការពិត ទស្សនៈរួមរបស់យើង គឺថា ទំនាក់ទំនងរបស់ប្រទេសទាំង២ក្នុងរបៀបជាច្រើនបានទៅហួសពីទំនាក់ទ្វេភាគី។ វាជាទំនាក់ទំនងយុទ្ធសាស្ត្រដ៏សំខាន់បំផុតដែលមានឥទ្ធិពលដល់បញ្ហាជាច្រើនដែលយើងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អដើម្បីអត្ថប្រយោជន៍ទៅវិញទៅមករបស់ប្រជាពលរដ្ឋទាំង២របស់យើង»៕