ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រាប់​យុវជន​អឺរ៉ុប​ អង់គ្លេស​ចាកចេញ​ពីសហភាព​អឺរ៉ុប គឺ​ប្រៀបដូច​ជា​ព្រឹត្តិការណ៍​“ជញ្ជាំង​បែរឡាំង”


(រូបភាព​ឯកសារ)​ មនុស្ស​ដើរកាត់​ និងថត​រូបភាព​ក្បែរ​កន្លែង​តាំង​'Lichtgrenze' ព្រំដែន​នៃពន្លឺ តាម​បណ្តោយ​សាល​កម្រង​រូបភាព​ផ្នែកខាង​កើត ដែល​ជាតំបន់​មាន​ផ្នែក​ជញ្ជាំង​បែរឡាំង​ធំជាងគេ​បង្អស់​សេសសល់​ ក្នុងរដ្ឋធានី​បែរឡាំង​ ប្រទេស​អាល្លឺម៉ង់​ ថ្ងៃទី៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
(រូបភាព​ឯកសារ)​ មនុស្ស​ដើរកាត់​ និងថត​រូបភាព​ក្បែរ​កន្លែង​តាំង​'Lichtgrenze' ព្រំដែន​នៃពន្លឺ តាម​បណ្តោយ​សាល​កម្រង​រូបភាព​ផ្នែកខាង​កើត ដែល​ជាតំបន់​មាន​ផ្នែក​ជញ្ជាំង​បែរឡាំង​ធំជាងគេ​បង្អស់​សេសសល់​ ក្នុងរដ្ឋធានី​បែរឡាំង​ ប្រទេស​អាល្លឺម៉ង់​ ថ្ងៃទី៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

យុវជន​មួយចំនួន​បានហៅ​លទ្ធផល​នៃការ​បោះឆ្នោត​អង់គ្លេស​ចាកចេញ​ពីសហភាព​អឺរ៉ុប​ថា ជា​ព្រឹត្តិការណ៍​ “ជញ្ជាំង​បែរឡាំង” និង​ជានិមិត្ត​រូបតំណាង​ឲ្យ​សេរីភាព។ យុវជន​ផ្សេងទៀត​បាននិយាយ​ថា ការដួល​រលំនៃ​ជញ្ជាំង​បែរឡាំង​ គឺជាការ​ចាប់ផ្តើម​នៃយុគ​សម័យ​សាកល​ភាវូបនីយ​កម្ម ហើយ​ការណ៍​ដែលអង់គ្លេស​ចាកចេញ​ពីសហភាព​អឺរ៉ុប នឹង​ផ្តើម​នូវ​យុគសម័យ​នៃការផ្តាច់​ទំនាក់​ទំនង​នយោបាយ​ ដែល​ធ្លាប់​បាន​ធ្វើឲ្យ​អឺរ៉ុបមាន​សុវត្ថិភាព​ និងវិបុល​ភាព។ ពីរដ្ឋធានី​បែរឡាំង​ នាង​ Heather Murdock នៃវីអូអេ​ បានសន្ទនា​អំពីអត្ត​សញ្ញាណ​ប្រែប្រួល​នៃទ្វីប​អឺរ៉ុប​ជាមួយ​យុវជន​អឺរ៉ុប​ដើរតាម​បណ្តោយ​ជញ្ជាំង​[បែរឡាំង] ​ដែល​សេសសល់​។

ក្នុងឆ្នាំ​១៩៨៩ ប្រជាជន​អាល្លឺម៉ង់​បានទម្លាយ​ជញ្ជាំង​ដែលបាន​ខណ្ឌចែក​ប្រទេស​អាល្លឺម៉ង់​ ហើយ​ក៏​ជា​ជញ្ជាំង​តំណាង​ការ​ខណ្ឌចែក​សាកល​លោកទាំង​មូលផង​ដែរ។

សព្វថ្ងៃ​ ផ្នែក​ខ្លះនៃ​ជញ្ជាំង​បែរឡាំង​ដែលនៅ​សេសសល់​ គឺជា​ការរំឮក​នៃ​សម័យកាល​ខ្មៅ​ងងឹត​ក្នុង​ទ្វីប​អឺរ៉ុប​ទាំងមូល។

បន្ទាប់​ពីលទ្ធផល​នៃការបោះឆ្នោត​អង់គ្លេស​ចាកចេញ​ពីសហភាព​អឺរ៉ុប​ យុវជនមួយ​ចំនួនមាន​ការ​ងឿង​ឆ្ងល់ថា​តើអឺរ៉ុប​កំពុង​តែបោះ​ជំហាន​ថយក្រោយ​ឬយ៉ាងណា។

យុវជន​ម្នាក់​ឈ្មោះ​ JESS KORZENYOWSKA មក​ពីចក្រភព​អង់គ្លេស​ បាន​និយាយ​ថា៖ «ខ្ញុំមាន​អារម្មណ៍​ចម្លែក​ខ្លះដែរ​ដែលមក​ទស្សនា​ជញ្ជាំង​នេះ ស្របពេល​ដែលយើង​កំពុង​និយាយ​អំពីការ​ខណ្ឌ​ចែកគ្នា​ឡើងវិញ​ វាជា​រឿងដ៏​គួរឲ្យ​ចម្លែក​ណាស់»។

អ្នក​បោះឆ្នោត​ជាយុវជន​នៅ​ចក្រភពអង់គ្លេស​ភាគ​តិចណាស់​ដែលបោះឆ្នោត​ចាកចេញ​ពីសហភាព​អឺរ៉ុប​ ប៉ុន្តែ​យុវជន​មិនបាន​រួបរួម​ប្រឆាំង​នឹង​និន្នាការ​ចាកចេញ​នេះឡើយ។

យុវជន​ម្នាក់​ឈ្មោះ JARNO KIRI មក​ពីប្រទេស​ហ្វាំងឡង់​ បាននិយាយ​ថា៖ «សម្រាប់​ខ្ញុំ វាគឺជាអារម្មណ៍​ច្របូក​ច្របល់​មួយ។ គ្មាននរណា​អាចដឹង​ពីផលប៉ះពាល់​វាលើទ្វីប​អឺរ៉ុប និង​ពិភពលោក​ឡើយ។ ទីមួយ​ ខ្ញុំគិតថា​ នេះជាការ​ផ្តល់អំណាច​ដល់ប្រជាជន​ ឬ​អ្វីៗ​ដូច្នោះ​ដែរ។ ឯទីពីរ​ទៀត​ ខ្ញុំគិតថា​ ការណ៍នេះ​នឹងផ្តល់​ផល​អវិជ្ជ​មាន​ដល់​សេដ្ឋ​កិច្ច»។

ឈរ​ពីមុខ​កម្រង​រូបថត​លើជញ្ជាំង​បង្ហាញ​ពីសោក​នាដកម្ម​នៃសង្រ្គាម​សម័យ​ទំនើប​ យុវជន​ម្នាក់នេះ​បាននិយាយ​ថា គាត់មិន​ចូលចិត្ត​ការបោះឆ្នោត​នេះឡើយ​ពីព្រោះ ​វាជា​លទ្ធផល​នៃបោះឆ្នោត​ដែលកើត​ឡើងដោយ​សារតែ​ការ​ភិតភ័យ​នឹង​អន្តោ​ប្រវេសន៍។

រឿង​ដែល​ច្បាស់​ប្រាកដ​នោះគឺ ប្រសិនបើ​ ឬខណៈ​ពេល​អង់គ្លេស​ចាកចេញ​ពីសហភាព​អឺរ៉ុប​ នោះ​នឹង​បង្កើត​រនាំង​ទំនាក់​ទំនង​ និងសេដ្ឋកិច្ច​ថ្មីមួយទៀត​ ហើយ​គ្មាន​នរណា​អាចដឹង​ថា​តើវាអាច​ខណ្ឌចែក​ដល់​កម្រិត​ណានោះ​ទេ។

យុវជន​ម្នាក់​ឈ្មោះ​ DOMENICO MANFREDELLI មក​ពីប្រទេស​អ៊ីតាលី​ បាន​និយាយ​ថា៖ «សម្រាប់​ខ្ញុំ ទីក្រុង​ឡុងដ៍​ គឺជានិមិត្ត​រូប​នៃការ​រួបរួម​ ដែល​ជាកន្លែង​ដែល​យើង​អាចជួប​មនុស្ស​មកពី​គ្រប់​ទិសទី​នៃពិភព​លោក។ អីចឹង​ វាធ្វើ​ឲ្យខ្ញុំ​មាន​អារម្មណ៍​ថា... ខ្ញុំមិន​ដឹងដែរ។ វាជា​ស្ថានភាព​មួយដ៏​ចម្លែក​ណាស់»។

យ៉ាងណា​ក៏ដោយ​ យុវជន​ទាំងអស់​នេះ បាន​និយាយថា​ លទ្ធផល​នៃការ​បោះឆ្នោត​អង់គ្លេស​ចាកចេញ​ពីសហភាព​អឺរ៉ុប គឺជា​ព្រឹត្តិការណ៍​ «ជញ្ជាំង​បែរឡាំង» សម្រាប់​មនុស្ស​ជំនាន់​នេះ។

យុវជន​JARNO KIRI មក​ពីប្រទេស​ហ្វាំងឡង់​ បាន​បន្ថែម​ថា «រឿង​នេះ​នឹងត្រូវបាន​គេក្រឡេក​មើល​ជាក់ជា​មិនខាន​នៅក្នុង​អំឡុងពេល​២០ឆ្នាំ​ខាងមុខ​នេះ ប្រធានបទ​នោះ​គឺ៖ មុនពេល​ និងក្រោយពេល​អង់គ្លេស​ចាកចេញ​ពីសហភាព​អឺរ៉ុប»។

យុវជន​ផ្សេងទៀត​បាននិយាយ​ថា ពួកគេ​ជឿជាក់​ថា សន្តិសុខ​ និង​វិបុលភាព​នៃអឺរ៉ុប​ក្នុងរយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​មាន​ទំនាក់ទំនង​នឹង​ការរួបរួម​របស់អឺរ៉ុប​ ស្របពេល​ដែល​គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ពិភាក្សា​លើការចាក​ចេញពី​សហភាព​អឺរ៉ុប។

ប៉ុន្តែ​ យុវជន​ទាំងនោះ​បាន​បន្ថែមថា​ វាពិបាក​នឹងនិយាយ​ឲ្យច្បាស់​ថាតើនឹង​មានអ្វីកើត​ឡើងបន្ត​ទៀត៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG