ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​​អះអាង​ពី​សមត្ថភាព​ជួយ​បង្រៀន​អាមេរិក​ពី​ការ​ផ្លាស់​ប្តូរ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​អំឡុង​​ពិធី​សម្ពោធ​​​ថ្មី​មិត្តភាព​កម្ពុជា-ចិន​ឆ្លង​កាត់​ទន្លេ​បាសាក់​​ត្រង់​ចំណុច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​អំឡុង​​ពិធី​សម្ពោធ​​​ថ្មី​មិត្តភាព​កម្ពុជា-ចិន​ឆ្លង​កាត់​ទន្លេ​បាសាក់​​ត្រង់​ចំណុច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)

លោក​ ហ៊ុន សែន អះអាង​ថា បាន​​​ប្រែ​ក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ពី​សេដ្ឋកិច្ច​បែប​ផែនការ​មក​ជា​សេដ្ឋ​កិច្ច​ទី​ផ្សារ​សេរី​​និង​ការ​បន្ត​កាន់​អំណាច​បាន​ជាង​៣០​ឆ្នាំ។

ការ​ប្រែ​ក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ពី​សេដ្ឋកិច្ច​បែប​ផែនការ​មក​ជា​សេដ្ឋ​កិច្ច​ទី​ផ្សារ​សេរីនិង​ការ​បន្ត​កាន់​អំណាច​បាន​ជាង​៣០​ឆ្នាំ​កំពុងក្លាយ​ជា​ចំណុច​មោទនភាពសម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​លោក​យល់​ថា​អាច​នឹង​ចែក​រំលែក​បទពិសោធន៍​នេះ​បង្រៀន​ទៅ​សហរដ្ឋ​អាមេរិក​បាន​ផងដែរ។​

ប៉ុន្តែ​អ្នកវិភាគ​យល់​ថា​បើ​កម្ពុជា​អាច​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​លែង​សុំ​អំណោយពី​បរទេសមក​ជា​ប្រទេស​អ្នក​មាន​បាន​នៅ​ពេល​ណា​ទើប​ជា​ពេល​ដែល​កម្ពុជា​ត្រូវ​មានមោទនភាព​ពិតប្រាកដ។

ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​ពិសារ​ភោជនាហារ​សាមគ្គី​ ដែល​រៀប​ចំឡើង​ដោយ​សមាគម​អ្នកឧកញ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ លោក​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ថ្លែង​ថា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ខ្ពស់​ជាប់​គ្នា​ក្នុង​រយៈពេលពីរ​ទសវត្សរ៍ចុង​ក្រោយ​នេះ​ ហើយ​ថាអ្នក​វិនិយោគទុន​ក្នុង​ស្រុក​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​រដ្ឋាភិបាល​របស់​លោក។​

«ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ជាមួយ​នឹង​នយោបាយ​ របស់​គណបក្ស​ ក៏​ដូច​ជាការ​ដឹកនាំ​របស់​ខ្លួន​ខ្ញុំ ដែលបាន​ទទួល​ខុសត្រូវ​ទៅ​លើ​នីតិ​ប្រតិបត្តិ​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ។​ ខ្ញុំ​យល់​ច្បាស់​ណាស់​ថា​ប្រសិន​បើ​អ្នក​ទាំង​អស់​ មិន​ទុក​ចិត្ត​ទៅលើ​សមត្ថ​ភាព​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​ មិន​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​ ហើយ​មិន​ទុកចិត្ត​ទៅលើ​ស្ថិរភាព​របស់​ប្រទេស​ អ្នក​ទាំង​អស់​ពិត​ជា​យក​ប្រាក់​កាក់​នោះ​ ទៅ​ផ្ញើ​នៅ​បរទេស​ ឬ​ទៅ​ទិញ​ផ្ទះ​នៅ​បរទេស​ ដោយ​មិន​រវីរវល់​និង​ការ​វិនិយោគ​នៅ​ទីនេះ​ នោះ​ទេ»។

​លោក William E. Todd ​ឯកអគ្គរដ្ឋ​ទូត​របស់​សហរដ្ឋ​អាមេរិក​
​លោក William E. Todd ​ឯកអគ្គរដ្ឋ​ទូត​របស់​សហរដ្ឋ​អាមេរិក​

ក្រៅ​ពី​ការ​កោត​សរសើរ​ខ្លួន​ឯង​ លោក​ហ៊ុន​ សែន​ឲ្យ​ដឹង​ដែរ​ថា ​លោក​ធុញទ្រាន់​អំពី​ការ​ផ្តល់ដំបូន្មាន​ទាក់​ទិន​នឹង​ការ​ផ្លាស់​ប្តូរ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​នៅ​លោក​ខាងលិច។ ភ្ជាប់​ជាមួយ​គ្នា​នេះ​លោក​បាន​រិះគន់​ធ្ងន់ៗ​ និង​ចំៗ​ទៅ​លើ​ឯកអគ្គរដ្ឋ​ទូត​របស់​សហរដ្ឋ​អាមេរិក​ គឺ​លោក William E. Todd ​ដោយ​លោក​នាយករដ្ឋ​មន្ត្រីមាន​ប្រសាសន៍​ថា​ លោក​ខ្លួន​ឯង​ ​អាច​ជា​សាស្ត្រាចារ្យ​ម្នាក់​ដែល​អាច​បង្រៀន​ប្រធានាធិបតី​របស់​អាមេរិក​ គឺ​លោក ​Barack Obama។​

«ថ្ងៃ​មុន​ខ្ញុំ​ជួប​ ជាមួយ​អគ្គរដ្ឋទូត​អាមេរិក​ មុន​ពេល​ដែល​ចាក​ចេញ​ពី​កម្ពុជា​ នៅ​ពេល​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ​ គាត់​និយាយ​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​ហៅថា​ការ​ផ្លាស់​ប្តូរ។​ ខ្ញុំ​ក៏បាន​និយាយ​ទៅ​កាន់​គាត់​ថា​ តើ​អ្នក​ភ្លេច​ទេ​ឬ? អ្នក​កំពុង​និយាយ​ជាមួយ​អ្នក​ណា?​ ឯកឧត្ដម​កំពុង​និយាយ​ជាមួយ​អ្នកណា?​ ឯកឧត្ដម​ពិត​ជា​កំពុង​និយាយ​ជាមួយ​នឹងសាស្ត្រាចារ្យ​ម្នាក់​ដែល​អាច​បង្រៀន​ឯកឧត្ដម​ ឬ​ប្រធានាធិបតី​ប្រទេស​ឯក​ឧត្តម​ ឬ​នាយក​រដ្ឋមន្ត្រី​ប្រទេស​លើ​បញ្ហា​ការ​ផ្លាស់​ប្តូរ»។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​ចូលចិត្ត​និយាយ​ច្រើន​នៅ​មុខ​ក្បាល​មេក្រូ​ បាន​បន្ត​ទៀត​ថា​ សហរដ្ឋ​អាមេរិក​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​ការ​ផ្លាស់​ប្តូរ​របប​នយោបាយនៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ឯ​តំបន់​មជ្ឈឹម​បូព៌ា​ ដែល​កំពុង​ក្លាយ​ជា​ទីលាន​ប្រយុទ្ធ​របស់​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ហៅ​កាត់​ថា​ ISIS។​ ​ ​

«បើ​ខ្ញុំ​មិន​យល់​ដឹង​អំពី​ការ​ផ្លាស់​ប្តូរ​ និង​មិន​អាច​គ្រប់​គ្រង​នូវ​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្តូរ​ តើខ្ញុំ​អាច​មាន​លទ្ធ​ភាព​ ស្ថិត​នៅ​ក្នុង​អំណាច​ រយៈ​ពេល​ជាង​៣០​ឆ្នាំ​ទេ​ឬ​? ព្រោះ​ខ្ញុំ​ធុញ​ទ្រាន់​នូវ​ដំបូន្មាន​របស់​ប្រទេស​ខ្លះ​ មក​លើ​កម្ពុជា។​ ផ្លាស់​ប្តូរៗ​ ផ្លាស់​ប្តូរ។​ ខ្ញុំ​បាន​ប្រាប់​ គាត់​ថា​ ដោយសារ​តែ​អាមេរិក​មិន​អាច​ គ្រប់​គ្រង​បាន​នូវ​ការ​ផ្លាស់​ប្តូរ​ នៅ​លីប៊ី នៅ​ស៊េរី​ នៅ​អ៊ីរ៉ាក់​ និង​នៅ​អាហ្វហ្គានីស្ថាន​ បាន​ជា​មាន​ពួក​ISIS ​ធ្វើសកម្មភាព​នៅ​ទី​នោះ»។​

ដោយ​ឡែក​ លោក​ អ៊ូ វីរៈ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក ក៏​បាន​កោត​សរសើរ​នូវ​ភាព​ឈ្លាសវៃ​លោក​ហ៊ុន​ សែន​នៅ​ក្នុង​ការ​រក្សា​អំណាច​បាន​យូរ។​ ប៉ុន្តែ​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​យ៉ាង​ដិតដល់​រូប​នេះ​ មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​មិន​ទាន់​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​គំរូ​សម្រាប់​ប្រទេស​ដទៃ​គោរព​តាម​នោះ​ទេ​ ព្រោះ​ប្រទេស​នៅ​ញាំ​ញី​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ពឹង​ពាក់​លើ​ប្រទេស​ផ្តល់​ជំនួយ​នៅ​ឡើយ។​

«បើ​សិន​ជា​យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​មួយ​ដែល​អាច​ជាគំរូ​ ហើយ​អ្នក​ដឹកនាំ​ត្រូវ​គេ​រៀន​សូត្រ​តាម​ហ្នឹង​គឺ​ ត្រូវ​តែ​កែទម្រង់​ច្រើន​មែន​ទែន​ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​ទៅ​ជាមួយ​ប្រទេស​មួយ​អ្នក​មាន​ ហើយ​ជោគ​ជ័យ​ ហើយ​អាច​ដូរ​ពី​ប្រទេស​ក្រ​ ទៅ​ជា​ប្រទេស​អាចជោគ​ជ័យ​មួយ​បាន​ អាហ្នឹង​គឺ​យើង​អាច​ទៅ​ជា​គំរូ។ ប្រទេស​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​ពឹង​ផ្អែក​ទៅ​លើ​ ជំនួយ​ពិភព​លោកនៅ​ឡើយ មិន​ទាន់​អាច​ជា​គំរូ»។​

លោក​អ៊ូ វីរៈ​បញ្ជាក់​បន្ថែម​ថា​ ប្រទេស​កម្ពុជាបាន​បង្វែរ​ទិស​ដៅ​ការ​ពឹង​ពាក់​ផ្នែក​ហិរញ្ញវត្ថុ​លើ​ប្រទេស​នៅក្នុង​តំបន់លោក​ខាង​លិច​ មក​ប្រទេស​ចិន​វិញ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ កម្ពុជា​នៅ​មិន​ទាន់​អាច​ឈរ​លើ​ខ្លួន​ឯង​បាន​នៅ​ឡើយ​ ហើយ​ថា​ការ​ផ្លាស់​ប្តូរ​នឹង​កើត​មាន​ឬ​យ៉ាងណា​នោះ​ គឺ​អាស្រ័យ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ​តែ​ម្តង។​ លោក​មិន​អាច​ប៉ាន់​ស្មាន​ដឹង​ជាមុន​ថា​ តើ​លោក​ហ៊ុន សែន​នឹង​បន្សល់​កេរដំណែល​នយោបាយ​ល្អ​ ឬ​អាក្រក់​យ៉ាង​ណា​នោះ​ទេ​ បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​តំណែង​របស់​លោក។​

នៅ​ក្នុង​ខែ​សីហា​ឆ្នាំ​មុន​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​ចំអក​ដល់​លោក​ Barack Obama ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ អំពី​ការ​ប្រើ​ប្រាស់​ការ​វាយ​ប្រហារ​ជើង​អាកាស​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​ លោក​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ ពុំសូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ​ បើ​ធៀប​នឹង​ការ​វាយ​ប្រហារ​តាម​ជើង​គោក។​

យ៉ាង​ណា​ក៏ដោយ​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​មាន​ភាព​រសើប​នឹង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​បាន​កើត​មាន​ឡើង​នៅ​ប្រទេស​មួយ​ចំនួន។ ជា​ញឹកញយ​លោក​នាយករដ្ឋមន្ត្រី​និង​មន្ត្រី​របស់​លោក​តែង​តែ​ព្រមាន​មហាជន​កុំ​ឱ្យ​រៀបចំ​សកម្មភាព​ណា​មួយ​ដែល​ឈាន​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ​ បើ​ទោះបី​ជា​អ្នក​វិភាគ​យល់​ឃើញ​ថា​វា​ជា​ការ​ភ័យ​ខ្លាច​ហួស​ហេតុ​ក៏ដោយ។​

ជាក់​ស្តែង​មាន​និស្សិត​ឆ្នាំ​ទីមួយ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ម្នាក់​ ឈ្មោះ​ គង់​ រ៉ៃយ៉ា​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ដោយ​ប៉ូលិស​និង​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន​ បន្ទាប់​ពី​និស្សិត​រូប​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ ក្រោម​រហ័សនាម​ថា Sorriya Koko ​ដើម្បី​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ពណ៌នេះ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ និង​ការ​បញ្ជាក់​ពី​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ៕

XS
SM
MD
LG