ជារៀងរាល់សប្ដាហ៍លោក William Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានឆ្លើយនឹងសំណួរផ្ដោតលើប្រធានបទយ៉ាងហោចណាស់មួយដែលអ្នកអានកម្ពុជារបស់លោកបានសួរមក។
លោកឯកអគ្គរដ្ឋទូត William Todd គឺជាអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកទីមួយប្រចាំនៅកម្ពុជាដែលប្រើប្រាស់វេទិកាស្មេរ ឬខ្ទង់សារព័ត៌មានដែលលោកដាក់ឈ្មោះថា «សួរឯកអគ្គរដ្ឋទូត» ដើម្បីជាផ្នែកមួយក្នុងការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងពលរដ្ឋកម្ពុជានិងផ្សព្វផ្សាយពីទស្សនៈរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចំពោះដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសកម្ពុជា។
តាមរយៈអ៊ីម៉េល AskAMBToddPP@state.gov គឺលោកទទួលបានសំណួរជាច្រើនដែលលោកត្រូវឆ្លើយតប។ បញ្ហាដែលលោកបានសរសេរឆ្លើយតបផ្ដោតលើបញ្ហាទូទៅជាច្រើនដូចជា ការអប់រំ សេដ្ឋកិច្ច នយោបាយ បរិស្ថាន សង្គមកិច្ច ទន្លេមេគង្គ អភិបាលកិច្ច វប្បធម៌ សុខភាព យុវជន សេរីភាពសារព័ត៌មាន នយោបាយរបស់សហរដ្ឋអាមេរិក និងជំនួយរបស់អាមេរិកដល់កម្ពុជាជាដើម។
លោកជេយ រ៉ាម៉ាន់ (Jay Raman) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជាបានបញ្ជាក់ថានេះជាវិធីមួយដែលលោករក្សាទំនាក់ទំនងជាប្រចាំជាមួយនឹងពលរដ្ឋកម្ពុជាជាការបន្ថែមទៅនឹងការសរសេរប្លុក ចុះជួបផ្ទាល់ និងសារតាមហ្វេសប៊ុករបស់ស្ថានទូត៖
«ខ្ទង់សារព័ត៌មានគ្រប់ដណ្ដប់លើបញ្ហាជាច្រើនចាប់តាំងពីបញ្ហាសិទ្ធិមនុស្សរហូតដល់ទំនាក់ទំនងពាណិជ្ជកម្មនិងបញ្ហាអភិវឌ្ឍន៍ ប៉ុន្តែខ្ញុំដឹងថាលោកឯកអគ្គរដ្ឋទូតតែងតែផ្ដោតលើប្រធានបទដែលគេគិតថាមានការជាប់ទាក់ទងបំផុតនឹងអ្នកអានរបស់លោកអញ្ចឹងហើយបានជាខ្ទង់នេះមានឈ្មោះ ថា«សួរឯកអគ្គរដ្ឋទូត»។ លោកចង់ឆ្លើយតបនឹងការព្រួយបារម្ភរបស់ពលរដ្ឋកម្ពុជាសាមញ្ញនិងចង់ឆ្លើយសំណួរដែលគេសួរមក»។
លោករ៉ាម៉ាន់ថាចាប់តាំងពីលោកឯកអគ្គរដ្ឋទូតបានចាប់ផ្ដើមសរសេរពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១២គឺភ្លាមៗក្រោយពីលោកបានមកកាន់ការងារនៅ ប្រទេសកម្ពុជាគឺធ្វើឱ្យទំព័រហ្វេសប៊ុករបស់ស្ថានទូតមានអ្នកចូលទស្សនានិងចូលចិត្តច្រើនដែរ។
លោកជេយ រ៉ាម៉ាន់បានបន្ថែមថា៖
«យើងសប្បាយរីករាយខ្លាំងណាស់ដែលពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ច្រើនលើខ្ទង់នេះ។ មានមនុស្សជាច្រើនចាប់អារម្មណ៍នឹងអ្វីដែលលោកចង់និយាយ។ ខ្ទង់នេះមានប្រជាប្រិយភាពខ្លាំងណាស់។ វាមានប្រជាប្រិយភាពតាមប្រព័ន្ធអ៊ីនធឺណិត»។
ខ្លឹមសារនៃសំណេររបស់លោកស្របជាមួយនឹងស្ថានការណ៍ដែលកំពុងកើតមាននៅក្នុងប្រទេសដូចជាក្នុងអំឡុងពេលជាប់គាំងនយោបាយក្រោយការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣និងឈានទៅដល់ការចាប់ខ្លួនអ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ៧នាក់ លោកបានសរសេរអត្ថបទដែលមានចំណងជើងថា«ជំរុញលទ្ធិប្រជាធិបតេយ្យតាមរយៈការដោះលែង ធ្វើកំណែទម្រង់ និងស្វែងរកដំណោះស្រាយ»។ ក្នុងអត្ថបទនោះលោកយល់ថាមានតែការដោះលែងអ្នកតំណាងរាស្ត្រនោះទេទើបពួកគេអាចចរចាគ្នាបាន។
នៅក្នុងខ្ទង់មួយកាលពីថ្ងៃទី១៨ខែឧសភា ដែលមានចំណងជើងថា«ផ្ដល់អំណាចដល់យុវជនកម្ពុជាធ្វើឱ្យមនុស្សគ្រប់គ្នាទទួលផលប្រយោជន៍» លោកឯកអគ្គរដ្ឋទូតបានបង្ហាញថាក្តីបារម្ភខ្លាំងរបស់ក្រុមយុវជនគឺឱកាសការងារសមស្របដែលពួកគេពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមមនុស្សដែលមានវ័យច្រើនជាងបើទោះបីជាគេមានសញ្ញាបត្រសាកលវិទ្យាល័យក៏ដោយ។ លោកក៏បានស្នើសុំឱ្យគណបក្សនយោបាយធំៗទាំងពីរធ្វើការរួមគ្នានិងស្ដាប់នូវក្តីកង្វល់និងទស្សនៈរបស់ក្រុមយុវជនក្មេងៗដើម្បីបើកចំហនូវឱកាសដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
លោកក៏បានសម្ដែងមតិភ្លាមៗទាក់ទងនឹងការចរចាដែលគណបក្សធំៗទាំងពីរសម្រេចបានបន្ទាប់ពីជាប់គាំងនយោបាយអស់ជិតមួយឆ្នាំដែលលោកហៅថាជា«ឆ្នាំដ៏រំជើបរំជួល»។ តាមរយៈអត្ថបទដែលមានចំណងជើងថា«ដើរទៅ មុខឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ»ចុះថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៤ លោកក៏បានផ្ដល់អនុសាសន៍ឱ្យអ្នកនយោបាយទាំងពីរបក្សបន្តធ្វើការដើម្បីឱ្យមានលទ្ធិប្រជាធិបតេយ្យគង់វង្សដោយសន្តិភាពនិងអហិង្សា។
នៅក្នុងខ្ទង់ដដែលនេះលោកឯកអគ្គរដ្ឋទូតក៏បានបញ្ជូនសារទៅអ្នកនយោបាយដែរថា៖
«ប្រជាជនកម្ពុជាជាច្រើនបានប្រាប់ខ្ញុំថានៅពេលគេនិយាយថាផ្លាស់ប្តូរគឺគេចង់មានន័យថាកំណែទម្រង់ដែលមិនមែនគ្រាន់តែជាកំណែទម្រង់នយោបាយប៉ុណ្ណោះទេតែក៏មានផងដែរនូវកំណែទម្រង់ដែលកែលម្អជីវិតរស់នៅរបស់ប្រជាជនសាមញ្ញ»។
លោកក៏បានយកខ្ទង់នេះលើកសរសើរដល់រដ្ឋមន្ត្រីរបស់រដ្ឋាភិបាលដែលបានទៅផ្តល់សក្ខីកម្មនៅតាមគណៈកម្មការជំនាញរបស់រដ្ឋសភាដោយលោកមើលឃើញថាវាជាការចូលរួមមួយក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យឱ្យកាន់តែសកម្មក្នុងប្រទេសកម្ពុជា។
នៅក្នុងខ្ទង់អត្ថបទចុះថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៤ លោកថូតបានសរសេរថា៖
«ខ្ញុំ ជឿថា សញ្ញាដំបូងៗនៃកិច្ចសហប្រតិបត្តិការរវាងគណបក្ស ដែលយើងកំពុងឃើញនៅក្នុងរដ្ឋសភានេះ កំពុងតែផ្តល់ឱ្យប្រជាជនកម្ពុជានូវទំនុកចិត្តកាន់តែច្រើនថា ដំណើរការប្រជាធិបតេយ្យអាចមានប្រសិទ្ធិភាព និងផ្ដល់ប្រយោជន៍ឱ្យគេ នៅក្នុងជីវិតរស់នៅរាល់ថ្ងៃ»។
ខ្ទង់ស្មេររបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលមានជាភាសាអង់គ្លេសនិងខ្មែរត្រូវបានចុះផ្សាយជារៀងរាល់សប្ដាហ៍នៅលើទំព័រសារព័ត៌មានរស្មីកម្ពុជា Cambodia Herald គេហទំព័រCambodian Express News គេហទំព័ររបស់ស្ថានទូតនិងទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិក ហើយត្រូវបានអ្នកអានចែករំលែកបន្តតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគេ។
រីឯប្រសិទ្ធភាពលើអ្នកនយោបាយវិញត្រូវបានលោក Jay Raman បញ្ជាក់ថា៖
«ខ្ញុំសូមទុកឱ្យអ្នកនយោបាយវាយតម្លៃចុះ។ ខ្ញុំពិតជាគិតថាអ្នកនយោបាយជាច្រើនបានអានអត្ថបទរបស់លោក។ ខ្ញុំគិតថាអ្នកអានមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ អ្នកជំនួញ អ្នកមកពីសហគមន៍អភិវឌ្ឍន៍ និងរដ្ឋាភិបាល។ ពួកគេអានសារព័ត៌មានដោយសារគេចង់ដឹងថាតើលោកឯកអគ្គរដ្ឋទូតចង់និយាយយ៉ាងណាលើបញ្ហាទាំងអស់នោះ»។
ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលដែលអានខ្ទង់សំណេររបស់លោកឯកអគ្គរដ្ឋទូតជាប្រចាំគឺមានលោកផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោកផៃ ស៊ីផាន បានបញ្ជាក់ប្រាប់វីអូអេថាមានសារខ្លះដែលកម្ពុជាយកមកពិចារណាប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយជារដ្ឋឯករាជ្យដែលមានអធិបតេយ្យភាពដោយខ្លួនឯងដោយមិនរងសម្ពាធពីប្រទេសក្រៅទេ។ លោកបានចោទជាសំណួរថាស្ថានទូតដទៃទៀតដែលផ្តល់ជំនួយដល់កម្ពុជាដែរហាក់ដូចជាមិនយកចិត្តទុកដាក់ខ្លាំងដល់កម្រិតនេះទេ។
លោកបន្ថែមថា៖
«យើងមានពេលខ្លះយើងភ្ញាក់ផ្អើលដែរក្នុងការលើកឡើងហាក់បីដូចជាមិនលើកឡើងក្នុងន័យអ្វី ដែលជានយោបាយរបស់រដ្ឋាភិបាលវ៉ាស៊ីនតោនគឺហាក់បីដូចជាការងារផ្ទាល់របស់លោកដែលវាមិនប្រក្រតីដែលអាចប្រៀបធៀបជាមួយនឹងបណ្ដាទូតនានាដែលប្រចាំនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា»។
លោកផៃ ស៊ីផាន បន្ថែមទៀតថាលោកចង់ឃើញឯកអគ្គរដ្ឋទូត William Todd ចំណាយពេលច្រើននៅក្នុងការធ្វើឱ្យពលរដ្ឋកម្ពុជាភាគច្រើនយល់អំពីគោលការណ៍នយោបាយរបស់សហរដ្ឋអាមេរិកដោយចាប់ផ្តើមពីការផ្សះផ្សានយោបាយកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកដែលចាប់តាំងពីឆ្នាំ១៩៧០មកគឺនៅតែនិយាយមិនទាន់ត្រូវគ្នា នៅតែពិចារណាមិនចំទិសដៅដែលឱ្យប្រទេសទាំងពីរយល់គ្នាកាន់តែច្បាស់អំពីការផ្ដល់និងកិច្ចសហការផ្ដល់ផលប្រយោជន៍ ថែរក្សាផលប្រយោជន៍ទាំងសងខាងរវាងកម្ពុជានិងសហរដ្ឋអាមេរិក។
លោកផៃ ស៊ីផានបន្ថែមថា៖
«ដូច្នេះអាមេរិកគួរតែចាប់ផ្តើមនូវការផ្សះផ្សានូវគោលនយោបាយអន្តរជាតិរវាងកម្ពុជាហើយនឹងសហរដ្ឋអាមេរិកឱ្យបានច្បាស់ជាងហ្នឹងតទៅទៀតដើម្បីបន្តទៅការងារដទៃទៀតកុំឱ្យយល់ច្រឡំ»។
ដោយឡែកលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងព័ត៌មាននៃរដ្ឋសភាជាតិកម្ពុជាយល់ឃើញថាការលើកពីបញ្ហាយុវជននិងបញ្ហាមួយចំនួនទៀតជាការជួយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីដោះស្រាយបញ្ហាដែលប្រទេសនេះកំពុងជួបប្រទះ។
«យើងមិនអាចថាយើងមើលឃើញ១០០ភាគរយទេ របស់រដ្ឋាភិបាលនិងសភា។ អង្គការសង្គមស៊ីវិល អង្គការទូតក៏អាចជួយយើងបានដែរប្រាប់យើងថាគាត់មើលទៅយុវជនមានការព្រួយបារម្ភ។ យើងដឹងដែរមិនមែនថាយើងមិនដឹងទេប៉ុន្តែគាត់និយាយថែមទៀតក៏មិនខុសអ្វី ដែរយើងកំពុងធ្វើកិច្ចការហ្នឹងហើយ។ អត់អីទេខ្ញុំគាំទ្រហើយប្រសិនបើគាត់និយាយមិនប៉ះពាល់កុំប្រកាន់ខាងណាៗ»។
មានពេលខ្លះ សំណេររបស់លោកឯកអគ្គរដ្ឋទូតបានធ្វើឡើងពេលលោកនៅប្រទេសកម្ពុជាហើយមានពេលខ្លះលោកនៅបន្តសរសេរសូម្បីពេលលោកកំពុងបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកក៏ដោយ។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថាសំណេររបស់លោកឯកអគ្គរដ្ឋទូតមានលក្ខណៈកណ្ដាលមិនប្រកាន់លើបក្សនយោបាយណាទេដោយសារតែលោកលើកពីបញ្ហាទូទៅប៉ុណ្ណោះ។ លោកអ៊ូ វីរៈយល់ថាអ្នកដែលទទួលបានផលប្រយោជន៍ខ្លាំងពីសំណេររបស់លោកឯកអគ្គរដ្ឋទូតគឺក្រុមយុវជនកម្ពុជាដោយសារពួកគេចង់ដឹងនិងចង់រៀនសូត្រអ្វីដែលថ្មីទាក់ទងនឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហើយសហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលពួកគេត្រូវសំឡឹងមើល។
លោកបានបន្ថែមថា៖
«ខ្ញុំមើលទៅវាមានឥទ្ធិពលជាមួយនឹងក្មេងៗ។ ក្មេងៗគាត់យកចិត្តទុកដាក់ណាស់ជាពិសេសគាត់យកចិត្តទុកដាក់លើស្ថានទូតសហរដ្ឋអាមេរិកនិងលោកខាងលិច។ ក្មេងៗស្រុកខ្មែរគាត់មិនសូវបានទៅដល់សហរដ្ឋអាមេរិក គាត់មិនទាន់បានរស់នៅឬមួយគាត់ឃើញជីវភាពពិតប្រាកដនៅ ទីនោះទេហើយអញ្ចឹងគាត់ស្រមើស្រមៃច្រើនអញ្ចឹងទៅគាត់ពេញចិត្តចង់ឃើញចង់ឮស្អីក៏ដោយដែលជាសហរដ្ឋអាមេរិក។ អញ្ចឹងទៅឯកអគ្គរដ្ឋទូតអាមេរិកនិយាយអ្វីច្រើនតែមានឥទ្ធិពលហើយប្រសិនបើយើងមើលតាមបណ្ដាញហ្វេសប៊ុកនៅពេលដែលគាត់លើកឡើងម្ដងៗមានមនុស្សរាប់ពាន់នាក់ដែលចុច”Like” ដែលបង្ហោះបន្ត។ អញ្ចឹងទៅជាលក្ខណៈមួយមានឥទ្ធិពលជាមួយនឹងក្មេងៗខ្លាំងមែនទែន»។
លោក ហឺយ សាលីម បុគ្គលិកស្ថាប័នមីក្រូហិរញ្ញវត្ថុមួយនៅក្នុងក្រុងព្រះសីហនុហើយជាអ្នកដែលតាមដានខ្ទង់សារព័ត៌មានរបស់លោកឯកអគ្គរដ្ឋទូតជាប្រចាំ។ លោកចាប់អារម្មណ៍ខ្លាំងលើបញ្ហានយោបាយ លទ្ធិប្រជាធិបតេយ្យ និងកម្មវិធីជំនួយអភិវឌ្ឍន៍ដែលសហរដ្ឋអាមេរិកផ្ដល់មកឱ្យប្រទេសកម្ពុជានិងបានរៀនសូត្រច្រើនពីអ្វី ដែលបានផ្សាយកន្លងមកប៉ុន្តែលោកយល់ថានៅ មានបញ្ហាច្រើនទៀតដែលលោកឯកអគ្គរដ្ឋទូតគួរផ្តោតការយកចិត្តទុកដាក់ឱ្យបានច្រើន។
«ខ្ញុំសំណូមពរថាគាត់ធ្វើម៉េចគាត់ឱ្យជួយពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅ កម្ពុជាដែលគាត់មានបញ្ហាដីធ្លី ក្នុងប្រទេសកម្ពុជាសូមឱ្យសហរដ្ឋអាមេរិកជួយធ្វើអត្ថាធិប្បាយទៅរដ្ឋាភិបាលកម្ពុជាឱ្យគាត់ជួយដោះស្រាយបញ្ហាដីធ្លី បញ្ហាប្រជាពលរដ្ឋដែលគ្មានដីនៅ។ ជាពិសេសដីសម្បទាន ដែលក្រុមហ៊ុនមួយចំនួនទៅយកដី យកព្រៃ ឱ្យអាជ្ញាធរទៅរំលោភយកដីរបស់គាត់»។
ប៉ុន្តែអ្នកនយោបាយគណបក្សប្រឆាំងក៏ទទួលបានផលប្រយោជន៍ពីខ្ទង់សារព័ត៌មានរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែរ។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រនិងជាអ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«ជាការងារដែលមានសារៈសំខាន់ពីព្រោះគណបក្សប្រឆាំងបានលើកឡើងហើយប្រសិនបើមានអ្នកការទូតដែលបានលើកឡើងនូវបញ្ហានិងដំណោះស្រាយបន្ថែមទៀតនោះជាការល្អមែនទែន។ យើងចង់បានមតិយោបល់ក្នុងការស្ថាបនានូវបញ្ហាដែលកម្ពុជាកំពុងជួបប្រទះការលំបាកសព្វថ្ងៃនេះ។ ហើយពេលខ្លះខ្មែរយើងបើសិនជាខ្មែរគ្នាឯងនិយាយមិនសូវជាស្ដាប់គ្នាប៉ុន្មានទេ ប្រសិនបើបរទេសគេនិយាយប្រហែលជាម្នាក់ៗឆាប់យកចិត្តទុកដាក់ជាង។ ដូច្នេះវាជាការល្អពេលបានមតិយោបល់បន្ថែមទៀតពីអ្នកការទូត»។
ក្រៅពីចំណាយពេលឆ្លើយជាប្រចាំទៅពលរដ្ឋកម្ពុជាលោក ឯកអគ្គរដ្ឋទូត William Todd ក៏សរសេរប្លុកជាប្រចាំអំពីការងារដែលលោកបំពេញនៅក្នុងប្រទេសកម្ពុជា។ គេអាចចូលអានប្លុករបស់លោកជាភាសាអង់គ្លេសនិងមានបកប្រែជាភាសាខ្មែរ តាមអាសយដ្ឋាន http://blogs.usembassy.gov/todd/ ។
លោកឯកអគ្គរដ្ឋទូត William Todd ក៏បានបង្កើតក្រុមប្រឹក្សាយុវជននៅពេលដែលលោកបានមកកាន់ការងារក្នុងប្រទេសកម្ពុជាភ្លាមហើយលោកជួបប្រជុំស្តាប់យោបល់និងពិភាក្សាជាមួយពួកគេជារៀងរាល់ខែ៕