លោក Evo Morales ប្រធានាធិបតីប្រទេសបូលីវីបានទទួលស្គាល់ពីការចាញ់នៅក្នុងការបោះឆ្នោតប្រជាមតិមួយដែលមានគោលបំណងអនុញ្ញាតឲ្យលោកឈរឈ្មោះជាប្រធានាធិបតីនៅក្នុងអាណត្តិទី៤នៅឆ្នាំ២០១៩។
នៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃពុថ លោក Morales បានមានប្រសាសន៍ថា លោកនឹងគោរពទៅតាមឆន្ទៈរបស់ប្រជារាស្រ្ត។
លោកប្រធានាធិបតីឆ្វេងនិយមរូបនេះបានមានប្រសាសន៍ដោយបន្ទោសទៅលើយុទ្ធនាការឃោសនារើសអើងនិងបង្ខូចកេរ្តិ៍ឈ្មោះ ឬជាសង្រ្គាមកខ្វក់របស់គណបក្សប្រឆាំងស្តាំនិយមថា លោកបានចាញ់សមរភូមិប្រជាធិបតេយ្យប៉ុន្តែមិនមែនចាញ់សង្គ្រាមនោះទេ។
លទ្ធផលបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យបានបង្ហាញថា ការបដិសេធលើលោកប្រធានាធិបតីមានសម្លេង៥១,៣ភាគរយ ហើយការគាំទ្រមានសម្លេង៤៨,៧ភាគរយ។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសបូលីវី ប្រធានាធិបតីម្នាក់អាចកាន់អាណត្តិថ្មីរយៈពេល៥ឆ្នាំតែម្តងប៉ុណ្ណោះ។
ប៉ុន្តែលោក Morales បានកែប្រែរដ្ឋធម្មនុញ្ញ៣ឆ្នាំបន្ទាប់ពីលោកចូលកាន់តំណែងកាលពីឆ្នាំ២០០៦។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញដែលត្រូវបានកែប្រែ លោកត្រូវបានគេបោះឆ្នោតធ្វើជាប្រធានាធិបតីម្តងទៀតកាលពីឆ្នាំ២០០៩ ហើយបានឈ្នះម្តងទៀតកាលពីឆ្នាំ២០១៤។ អាណត្តិថ្មីរបស់លោកនឹងបញ្ចប់នៅឆ្នាំ២០២០៕