ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាតាឡុក​ចម្រៀង​ចង្វាក់​រ៉ុក​របស់​លោក Bob Dylan ដែល​មាន​ដំណើរ​និពន្ធ៦០ឆ្នាំ ត្រូវ​បាន​លក់


រូបឯកសារ៖ តារាចម្រៀង​និង​ជា​អ្នក​និពន្ធ​ចម្រៀង​អាមេរិក​លោក Bob Dylan កំពុង​សម្ដែង​ក្នុ​ងកម្មវិធី​ប្រគុំ​តន្ត្រី​មួយ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California ថ្ងៃទី១២ ខែមករា ឆ្នាំ២០១២។

កាតាឡុក​បទចម្រៀង​ទាំង​ស្រុង​របស់​លោក Bob Dylan ដែល​មានដំណើរ​និពន្ធតាំង​ពី ៦០ឆ្នាំមុន ​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន Universal Music Publishing Group ទិញ​យក។

កាតាឡុក​ចម្រៀងនោះ មាន​ផ្ទុក​កម្មសិទ្ធិ​បញ្ញា​សម្រាប់​បទចម្រៀង ៦០០បទ ដែល​រួម​មាន​ទាំង​បទ "Blowin' In The Wind" បទ "The Times They Are a-Changin" បទ "Knockin' On Heaven's Door" និង​បទ "Tangled Up In Blue" ផង​ដែរ។ ​

ឥទ្ធិពល​នៃ​ស្នាដៃ​ចម្រៀង​របស់​លោក Dylan គឺ​ធំធេង ហើយ​មាន​តែ​ស្នាដៃ​ចម្រៀង​របស់​ក្រុម The Beatles ប៉ុណ្ណោះ​ដែល​ប្រហែល​អាច​មាន​ឥទ្ធិពល​ប្រហាក់​ប្រហែល​នឹង​ស្នាដៃ​របស់​លោក Dylan។

លក្ខខណ្ឌ​ហិរញ្ញវត្ថុ​នៃ​កិច្ចសន្យា​ទិញ​នោះ​មិន​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នោះ​ទេ​កាល​ពី​ថ្ងៃទី៧ ខែ​ធ្នូ កន្លង​ទៅ​នេះ ប៉ុន្តែ​បទចម្រៀង​ទាំង​នោះ​ប្រហែល​ជា​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​វិស័យ​តន្ត្រី។ កាល​ពី​ ៤ឆ្នាំ​មុន ក្រុមហ៊ុន​ចាត់ចែង​ទ្រព្យ​សម្បត្តិ​របស់​តារា​ចម្រៀង Michael Jackson បាន​លក់​កន្លះ​ភាគហ៊ុន​ចុង​ក្រោយ​នៃ​កាតាឡុក​ចម្រៀង​របស់​លោក​ Dylan ដែល​ខ្លួន​កាន់កាប់ ហើយ​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ៧៥០លាន​ដុល្លារ។

លោក Sir Lucian Grainge នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Universal Music Group បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «អស្ចារ្យ​ណាស់ ទាក់ទាញ​អារម្មណ៍ លើក​ទឹកចិត្ត ពិរោះ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ បទ​ចម្រៀង​របស់​លោក​ពេញ​និយម​គ្រប់ពេលវេលា មិន​ថា​បទ​ចម្រៀង​ទាំង​នោះ​ត្រូវ​បាន​និពន្ធ​តាំង​ពី​ជាង​មួយ​សតវត្សរ៍​មុន ឬ​ទើប​តែ​ម្សិលមិញ​នោះ​ទេ»។

បទចម្រៀង​របស់​លោក Dylan ត្រូវ​បាន​ថត​ឡើង​វិញជាង ៦.០០០ ដង​ដោយសិល្បករ​មក​ពី​ប្រទេស​ វប្បធម៌ និង​ប្រភេទ​តន្ត្រី​រាប់សិប ដោយ​រួម​មាន​តារា​ចម្រៀង​អាមេរិកាំង​ល្បី លោក Jimi Hendrix ដែល​បាន​ថត​បទ «All Along The Watchtower» របស់​លោក Dylan ឡើង​វិញ​ផង​ដែរ។

លោក Dylan ត្រូវ​បាន​សាធារណជន​ស្គាល់​ជា​លើក​ដំបូង​តាមរយៈ​ចលនា​តន្រ្តី​ប្រពៃណី​នៅ​សង្កាត់​ Greenwich Village ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​អំឡុង​ទសវត្សរ៍ ១៩៦០។

កាល​ពី​ឆ្នាំ ១៩៦៥ នៅ​ពេល​ដែល​លោក​ Dylanបាន​កាន់​ហ្គីតា​អេឡិចត្រូនិក​ឡើង​សម្តែង​លើ​ឆាក​ លោក​បានបំបែកសហគមន៍តន្រ្តី​ប្រពៃណី ដែលការណ៍​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការផ្លាស់​ប្តូរ​ដ៏​ខ្លាំងក្លា​មួយ​សម្រាប់​សិល្បករ​ម្នាក់។

បន្ទាប់​មក​ លោក Dylan បាន​ផលិត​អាល់ប៊ុម​ចម្រៀង​ចំនួន ៣​ ជាប់ៗគ្នា ក្នុង​រយៈពេល​ត្រឹម​តែ​ជាង ១ឆ្នាំ ដែល​បាន​ផ្លាស់ប្ដូរ​ប្រភេទ​ចម្រៀង​រ៉ុក​នៅ​ទសវត្សរ៍​នោះ ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង​បទ "Bringing It All Back Home"។

លោក Dylan លក់ចម្រៀង​បាន​ជាង ១២៥ លាន​អាល់ប៊ុមនៅ​ទូទាំង​ពិភពលោក។ លោក​ត្រូវ​បាន​គេ​ប្រគល់​ពាន​រង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រ​កាល​ពី​ឆ្នាំ ២០១៦ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​និពន្ធ​ចម្រៀង​ដំបូង​បំផុត​ដែល​ទទួល​បាន​ពានរង្វាន់​លំដាប់​កំពូល​មួយ​នេះ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្តា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG