ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​អុំទូក​មិន​ចង់​ឲ្យ​ព្រះរាជ​ពិធី​នេះ​ចប់​ទេ ដោយសារ​មាន​ប្រាក់​ឧបត្ថម្ភ​ច្រើន


កីឡាករ​អុំទូក​អង្គុយ​មើល​ការប្រណាំង​ទូក​ពី​ច្រាំង​ទន្លេ នៅ​ថ្ងៃ​ទីមួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
កីឡាករ​អុំទូក​អង្គុយ​មើល​ការប្រណាំង​ទូក​ពី​ច្រាំង​ទន្លេ នៅ​ថ្ងៃ​ទីមួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

ថ្ងៃ​សុក្រ​នេះ​ គឺជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ដែល​មាន​រយៈពេល​បី​ថ្ងៃ​ ​ក៏ប៉ុន្តែ ​កីឡា​ករ​អុំទូក​មិន​ចង់​ឲ្យពិធីនេះ​បាន​បញ្ចប់​ទេ​ ដោយ​សារ​តែ​ពួកគេ​បាន​អះអាង​ថា​ នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ​បាន​ទទួល​ការ​ហូប​ចុក​គ្រប់​គ្រាន់ ​ហើយ​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរស​ជន​ និង​អ្នក​កាន់​ទូក​ក៏​បាន​ច្រើន​ក្រាស់​ក្រែល​ដែរ។​

នៅ​ពេល​ពិធី​បុណ្យ​អុំទូក​បាន​បិទ​បញ្ចប់​ភ្លាម​ប្រាក់​ឧបត្ថម្ភ​ដែល​គេ​ធ្លាប់​ទទួល​បាន​ពេល​ចូល​រួម​ប្រកួត​ក៏​លែង​ទទួល​បាន​ ដូច​ពី​មុន​ទៀត​ដែរ។​

ក្រុម​កីឡា​ករ​ដែល​ធ្លាប់​ចូល​រួម​អុំទូក​មួយ​ចំនួន​ធំ​បាន​វិល​ត្រឡប់​ទៅ​ប្រកប​ការ​ងារ​ប្រចាំ​ថ្ងៃ​វិញ​ ហើយ​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​ ​មិន​មាន​ការ​ងារ​គាប់​ប្រសើរ​ទេ​ និង​ជា​មន្ត្រី​មាន​មុខ​មាត់​ ដូច​អ្នក​កាន់​ទូក​ និង​អ្នក​ឧបត្ថម្ភ​ទូកទេ។​

លោក​វ៉ាន់​ វ៉េត​បាន​ចុះ​ពី​លើ​ទូក​ដែល​មាន​កីឡាករ​អុំទូក​ចំនួន​២២​នាក់។​ ​លោក​បាន​សម្តែងការ​រីក​រាយ​នៅ​ពេល​ដែល​ទូក​របស់​លោក​បាន​អុំ​ឈ្នះ​គូ​ប្រកួត។​ ​លោក​បាន​និយាយ​ថា ​នៅ​ពេល​ជា​កីឡា​ករ​អុំទូក គេ​ទទួល​បានប្រាក់​ឧបត្ថម្ភ​មិន​ខ្វះ​ទេសម្រាប់​ក្រុម​កីឡាករ​ ទាំង​ការ​ហូប​ចុក ​និង​សោហ៊ុយ​សម្រាប់​ដើរ​លេង​ក្នុង​ពិធី​បុណ្យ​អុំទូក។​

លោក​មាន​ប្រសាសន៍​ថា ​នៅ​ពេល​ដែល​ការ​ប្រកួត​បាន​បញ្ចប់​ លោក​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​ប្រកប​ការងារ​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការវិញ​ ហើយ​ប្រាក់​ឧបត្ថម្ភ​ក៏​មិន​ដែល​បាន​ទទួល​ទៀត​ដែរ​គឺ​លោក​ទទួល​បាន​តែ​ក្នុង​ពេល​មក​ចូល​រួម​ប្រកួត​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖ ​«អត់»

វីអូអេ៖ ​«អញ្ចឹង​គេ​ឧបត្ថម្ភ​តែ​បុណ្យ​អុំទូក​ហ្នឹង​ទេ?»​

កីឡាករ​អុំទូក៖​ «បាទៗ»។​

វីអូអេ៖ ​«ចុះ​ជីវភាព​យើង​វា​ពិបាក​យ៉ាង​ម៉េច​ដែរ​ បើ​មិន​ឧបត្ថម្ភ?»​

កីឡាករ​អុំទូក៖ ​«ជីវភាព​ពួក​ខ្ញុំ​ពិបាក​តែម្តង»។​

លោក​ហ៊ុល គឹម​ហួត​ កីឡាករ​អុំទូក​មក​ពី​ខេត្ត​ក្រចេះ ​បាន​បញ្ជាក់​ថា​ ក្រុម​កីឡាករ​អុំទូក​នៅ​ក្នុង​ភូមិ​របស់​លោក​ភាគ​ច្រើន ​ក្រោយ​ពី​បញ្ចប់​បុណ្យ​អុំទូក​ បាន​វិល​ត្រឡប់​ធ្វើ​ស្រែ​ចម្ការដើម្បី​ចិញ្ចឹម​ជីវិត​ ពីព្រោះ​ប្រាក់​ឧបត្ថម្ភ​លែង​ទទួល​បាន​ទៀត​ហើយ​ពី​អ្នក​គ្រប់​គ្រង​ទូក។​

លោក​និយាយ​ថា៖ ​«ពី​ព្រោះ​និយាយ​ទៅ​ មុខ​របរ​ មិន​មាន​មុខ​របរ​អ្វី​ក្រៅ​ពី​ហ្នឹង​ទេ​ខ្ញុំ ​ពី​ព្រោះ​យើង​អត់​មាន​ចំណេះ​វិជ្ជា​អ្វី​ខ្ពង់​ខ្ពស់​នឹង​គេ ​ហើយ​បើ​យើង​មិន​ធ្វើ​ទេ ​ជីវភាព​យើង​មិន​អាច​ទៅ​រួច​នឹង​គេ​ទេ។​ បាទ​នៅ​ភូមិ​ខ្ញុំ​ អញ្ចឹង​គ្រប់​គ្នា»។​

នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ស្ទើរ​តែ​មិន​ដាច់​អំពី​ប្រាក់​ឧបត្ថម្ភ​ដល់​កីឡាករ​អុំទូក​ ដោយ​មន្ត្រី​ជាន់​ខ្ពស់​ និង​អ្នក​ឧកញ៉ា​ដែល​មាន​ប្រាក់​សន្ធឹក​សន្ធាប់។​ ក៏​ប៉ុន្តែ​កម្មវិធី​ទូរទស្សន៍​នេះ​មិន​ដែល​ប្រកាស​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៀត​ទេ​ដល់​កីឡាករ ​នៅ​ពេល​ពិធី​បុណ្យ​បាន​បញ្ចប់។​

កីឡា​ការិនី​មួយ​រូប​មក​ពី​ខេត្ត​កំពង់​ឆ្នាំ​បាន​ប្រាប់​វីអូអេ​ថា៖​ «ធ្វើ​ស្រែ​ចម្ការ»។​

​វីអូអេ៖​ «ក្រោយ​ពី​អុំទូក​ ទៅ​ធ្វើ​ស្រែ​ចម្ការ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ទៀត​ទេ?»។

កីឡាការិនី៖ ​«អត់​ទេ»។

វីអូអេ៖​«មូល​ហេតុ​អ្វី​បាន​អត់»។

កីឡាការិនី៖​ «ដឹង​អី​ អត់​ដឹង​ដែរ»។​

បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំពិធី​បុណ្យ​ជាតិ​ និង​អន្តរ​ជាតិ​បាន​ឲ្យដឹង​ថា​ ចំនួន​ទូក​ដែល​បាន​ចូល​រួម​ប្រកួត​ឆ្នាំ​នេះ​មាន​ចំនួន​២៤៥​ទូក​ ក្នុង​នោះ​មាន​ទូក​អន្តរជាតិ​ចំនួន​៤៩​ទូក។​ ​ចំនួន​នេះ​បាន​ថយ​ចុះ​ជាង​ពាក់​កណ្តាល​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​មុន​មាន​ព្រឹត្តិ​ការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្តកោះ​ពេជ្រ​កាល​ពី​ឆ្នាំ​២០១០។​

ក្រោយ​ពី​បាន​ប្រកួត​អស់​រយៈពេល​បី​ថ្ងៃ​កន្លង​ទៅ​នេះ ​បើតាម​ការឲ្យដឹង​ពី​លោក​ប៊ូ ជុំសេរី​ អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ទទួល​បន្ទុក​គណៈកម្មការ​បច្ចេក​ទេស​និង​ជា​ប្រធាន​គណៈ​មេប្រយោគ​នៃ​ពិធី​បុណ្យ​អុំទូក​ មាន​ប្រសាសន៍​ថា ​មាន​ទូក​ពិសេស​ដែល​បាន​អុំ​លឿន​ជាង​គេ​មាន​បី​ទូក​ និង​ទូក​ដែល​មាន​សោភ័ណ្ឌ​ល្អ​ជាង​គេ​មាន​បួន​ទូក​ក្នុង​ចំណោម​ទូក​ដែល​បាន​ចូល​រួម​ប្រកួត។​

លោក​បាន​បញ្ជាក់​ថា ​កីឡាករ​ដែល​បាន​ចូល​រួម​ប្រកួត​អុំទូក​ឆ្នាំ​នេះ​មាន​ចំនួន​១៧៤២១​នាក់។​

លោក​និយាយ​ថា៖​ «ផែន​លេខ​ពីរ​មាន​ចំនួន​៤៨​ទូក​ ផែន​លេខ​បី​មាន​ចំនួន​៣២​ទូក​ ហើយ​ផែន​លេខ​៤​មាន​ចំនួន​១៦​ទូក។​ ទូក​ចែវ​នារី​ផែន​លេខ​មួយ​មាន​ចំនួន​១​ទូក​ ផែន​លេខ​ពីរ​មាន​ចំនួន​១​ទូក»។​

លោក​ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​ បាន​វាយ​តម្លៃ​ថា ​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​កន្លង​ទៅ​នេះ ​ស្ថានភាព​សន្តិសុខ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ ហើយ​នៅ​ថ្ងៃ​ចុង​បញ្ចប់​នេះ​លោក​រំពឹង​ថា ​នឹង​មាន​មនុស្ស​ជាង​១​លាន​នាក់​បាន​មក​ទស្សនា​បុណ្យ​អុំទូក៕

XS
SM
MD
LG