ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​មាន​អ្នកចូលរួម​តិចជាង​កាលពី​មុន​មាន​ឧបទ្ទវហេតុ​រត់ជាន់​គ្នា​ឆ្នាំ​២០១០

  • ហេង រស្មី

លោក​ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍បាន​ទទួលស្គាល់​ថា ​ចំនួន​មនុស្ស​ដែល​មក​ទស្សនា​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ ​បើ​ទោះ​បី​ពិធី​នេះ​បាន​អាក់​ខាន​អស់​រយៈ​ពេល​បី​ឆ្នាំ ​ដោយ​សារ​តែ​ព្រឹត្តិ​ការណ៍​រត់​ជាន់​គ្នា​នៅ​លើ​កោះពេជ្រ​ក្តី។​

លោក​មាន​ប្រសាសន៍​ថា ​មូល​ហេតុ​នៃ​ការ​ថយ​ចុះ​ចំនួន​មនុស្ស​មក​ទស្សនា​បុណ្យ​អុំ​ទូក​ដោយ​សារ​តែ​ឆ្នាំ​នេះ​ចំនួន​ទូក​បាន​ថយ​ចុះ​ជាង​ពាក់​បណ្តាល​ដោយ​សារ​តែកីឡា​ករ​អុំ​ទូក​ភាគ​ច្រើន​ពួកគេ​បាន​ចេញ​ទៅ​ធ្វើ​ចម្ការនិង​ចាក​ចេញ​ទៅ​លក់​កម្លាំងពលកម្ម​នៅ​ក្រៅ​ប្រទេស​ ដូច​ជា​ប្រទេស​ថៃ​ជា​ដើម។​

លោក​មាន​ប្រសាសន៍​ថា ​កាល​កំឡុង​បុណ្យ​អុំទូក​លើក​មុនៗ​ ចំនួន​ភ្ញៀវ​ទេស​ចរណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​មក​ទស្សនា​ពិធីបុណ្យ​អុំទូក​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​មាន​ចំនួន​ជិត​២​លាន​នាក់។​ ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​ឲ្យ​ដឹង​ថា​ មាន​ចំនួន​តែ​ជាង​៥០​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ​គឺ​បាន​ថយ​ចុះ​ជាង​ពាក់​កណ្តាល ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពិធី​បុណ្យ​ដូច​គ្នា​នេះកាល​ពី​បណ្តា​ឆ្នាំ​មុនៗ។​

លោក​និយាយ​ថា៖​ «ការ​ថយ​ហ្នឹង​ដោយ​សារ​តែ​បង​ប្អូន​អ្នកអុំ​ទូក​ដែល​ជា​អ្នក​ចេះ​អុំទូក​ហ្នឹង​អត់​មាន​នៅ​ក្នុង​ភូមិ​ ហើយ​ក្មេងៗ​ក្រោយ​ហ្នឹង​គាត់​មិន​ទាន់​បាន​បង្ហាត់។​ ទូកហ្នឹង​មិន​មែន​ចេះ​តែ​អុំទេ​ ត្រូវ​ហាត់​ តាំង​ពី​ពេល​ធ្លាក់​ទឹក​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ​ពី​ព្រោះ​ទន្លេ​យើង​ទឹក​ហូរ​ខ្លាំង»។​

ចំនួន​ទូក​ទាំង​ផ្នែក​បុរស​និង​ស្រ្តី​ដែល​បាន​មក​ចូល​រួម​ប្រកួត​ប្រជែង​ឆ្នាំ​នេះ​មាន​ចំនួន​តែ​ជាង​២០០​ទូក​តែ​ប៉ុណ្ណោះ។​ ចំនួន​នេះ​បាន​ថយ​ចុះ​ជាង​ពាក់​កណ្តាល ​បើ​ប្រៀប​ធៀប​មុន​ព្រឹត្តិ​ការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ។​

លោក​ហូ វ៉ាន់ឌី​ សហ​ប្រធាន​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អារម្មណ៍​ភ័យ​ខ្លាច​របស់​ប្រជា​ពលរដ្ឋ​នៃ​ព្រឹត្តិ​ការណ៍​រត់​ជាន់​គ្នា​កាល​ពី​ឆ្នាំ​២០១០​នៅ​តែ​មាន​ដែល​ជាហេតុ​ធ្វើ​ឲ្យមនុស្ស​មិន​ហ៊ាន​មក​ទស្សនា​បុណ្យ​អុំទូក​ក្នុង​ឆ្នាំ​នេះ។​

លោក​មាន​ប្រសាសន៍ថា​ម្ស៉ាង​វិញ​ទៀត​នយោបាយ​ផ្ទៃ​ក្នុង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ទើប​តែ​បញ្ចប់​ ​ការ​រក​ប្រាក់​ចំណូល​ក្នុង​ក្រុម​គ្រួសារ​នៅ​មាន​កំរិត​ និង​ គ្រោះ​ថ្នាក់​នៃ​ការ​បាញ់​កាំជ្រួច​ក្នុង​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​ព្រះ​មហាក្សត្រ​គំរប់​ខួប​១០​ឆ្នាំ​កាល​ពី​សប្តាហ៏មុន។​

លោក​និយាយ​ថា៖​«​ បាទ​ធ្វើ​ការ​បាញ់​កាំជ្រួច​ទៅ​វា​ប៉ះ​ពាល់​ដល់​អាយុជីវិត​និង​របួស​ស្នាម​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ហ្នឹង​។​អានេះ​គឺ​ជា​ អាច​ថា​ហាម​ប្រាម​របស់​ឪពុក​ម្តាយ​ឬក៏​អាណា​ព្យាបាល​ពួក​គាត់​ផង​ដែរ»។

នៅ​ថ្ងៃ​ទី​២​នៃ​ព្រះ​រាជ​ពិធីបុណ្យ​អុំ​ទូក​។​គឺ​ក្នុង​រយះ​ពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ចំនួន​៣៥​លើក​ដែល​បាន​បណ្តាល​ឲ្យមាន​មនុស្ស​១៤​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​និង​រង​របួស​ប្រមាណ​៦៦​នាក់​ និង​បាន​ខូច​ខាត​យាន្ត​យន្ត​សរុប​ចំនួន​៦០​គ្រឿង​។នេះ​បើ​តាម​គេហទំព័រ​របស់​អគ្គស្នង​ការ​នគរ​បាល​ជាតិ។​

កាល​ពី​ម្សិល​ម៉ិញ​នៅ​ថ្ងៃទី​តំបូង​នៃ​ព្រះរាជ​ពិធីបុណ្យ​អំទូក​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ចំនួន​១៤​លើក​និង​បាន​បណ្តាល​ឲ្យមនុស្ស​ស្លាប់​ចំនួន​១១​នាក់​រង​របួស​១១​នាក់។​

រយៈ​ពេល​ពីរ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កន្លងទៅ​នេះ​មិន​មាន​កីឡាករ​អុំ​ទូក​ណាម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ទេ៕​

XS
SM
MD
LG