ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអរគុណសហរដ្ឋអាមេរិកសម្រាប់កញ្ចប់ថវិកាជំនួយ ដែលលោកហៅថាជា «កញ្ចប់ដ៏សំខាន់» មួយ នៅពេលដែលលោកទទួលជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅក្នុងទីក្រុងកៀវនៅថ្ងៃអង្គារនេះ។
លោក Blinken បានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនក្នុងពេលប៉ុន្មានម៉ោងមុនជំនួបជាមួយនឹងលោក Zelenskyy នេះ។ ដំណើរទស្សនកិច្ចមិនប្រកាសជាមុនរបស់លោក Blinken នេះគឺដើម្បីផ្ដល់នូវអ្វីដែលមន្ត្រីអាមេរិកហៅថាជា «សារដ៏ខ្លាំងក្លានៃការធានា» នៅចំពេលដែលកងទ័ពអ៊ុយក្រែនកំពុងប្រឈមនឹងការវាយប្រហារខ្លាំងក្លាពីយោធារុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងកំពុងរង់ចាំការដឹកជញ្ជូនសព្វាវុធថ្មីពីសម្ព័ន្ធមិត្តមកឱ្យដើម្បីជួយនៅក្នុងការការពារប្រទេស។
លោក Zelenskyy បានប្រាប់លោក Blinken ថា ទស្សនកិច្ចរបស់លោក Blinken នេះធ្វើឡើងក្នុងអំឡុងពេលដែលមាន «ស្ថានភាពតឹងតែងនៅតំបន់ភាគខាងកើតអ៊ុយក្រែន»។
ក្នុងអំឡុងមួយសប្ដាហ៍មុន រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់ Kharkiv នៅភាគឦសានអ៊ុយក្រែន។
លោក Zelenskyy បាននិយាយថា លោកនឹងពិភាក្សាជាមួយលោក Blinken អំពីការធ្វើយ៉ាងណាឱ្យជំនួយថ្មីរបស់សហរដ្ឋអាមេរិកនេះបានទៅដល់ដៃរបស់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើបាន ក៏ដូចជាអំពីការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងក្ដីសង្ឃឹមដែលថាអ៊ុយក្រែនអាចទទួលបានប្រព័ន្ធមីស៊ីល Patriot ដើម្បីជួយការពារតំបន់ Kharkiv ផងដែរ។
លោក Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិករួមជាមួយនឹងដៃគូនានារបស់អ៊ុយក្រែនតាំងចិត្តនៅក្នុងការធានាថាអ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការដើម្បីឱ្យទទួលបានជោគជ័យនៅក្នុងការប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ