ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ៊ុយក្រែន​ថា​ ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​រុស្ស៊ី​​បាន​ធ្វើ​ឱ្យ​​ឆេះ​ផ្ទះ​ជា​ច្រើន​ខ្នង​​នៅ​ក្រុង ​Kharkiv


ប៉ូលិស​អ៊ុយក្រែន​ពិនិត្យ​មើល​កន្លែង​ទីតាំងមួយកន្លែងដែលរង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី នៅ​ភូមិ Zolochiv ក្នុងតំបន់ Kharkiv ប្រទេសអ៊ុយក្រែន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
ប៉ូលិស​អ៊ុយក្រែន​ពិនិត្យ​មើល​កន្លែង​ទីតាំងមួយកន្លែងដែលរង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី នៅ​ភូមិ Zolochiv ក្នុងតំបន់ Kharkiv ប្រទេសអ៊ុយក្រែន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

ការវាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​មួយ​របស់​រុស្ស៊ី​ទៅ​លើ​ក្រុង ​Kharkiv ​នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​ បាន​ធ្វើ​ឱ្យ​របួស​មនុស្ស​២នាក់​ និងធ្វើ​ឱ្យឆេះ​ផ្ទះ​ចំនួន​៣ខ្នង នៅ​ម៉ោង​ទាប​ភ្លឺ​នៅ​ថ្ងៃ​សុក្រ​នេះ។ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែលបាន​ស្រង់​សម្តី​របស់​ក្រុមមន្ត្រី​មូលដ្ឋាន។​ ​

​ទីក្រុង​ Kharkiv ជា​ក្រុង​ធំ​បំផុត​ទី​២​របស់​អ៊ុយក្រែន​ ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណតែ​៣០​គីឡូម៉ែត្រពី​ព្រំដែន​រុស្ស៊ីនោះ​ ​ជាគោលដៅ​នៃ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ជា​ញឹកញាប់​ និងទទួល​រង​ការ​ខូចខាត​យ៉ាង​ដំណំ ខណៈ​រុស្ស៊ីបាន​បង្កើន​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​ខ្លួន​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

មនុស្ស២នាក់ដែល​ម្នាក់​ជា​កុមារដែល​មាន​អាយុ​១១​ឆ្នាំ​បាន​ទទួល​រងរបួស។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អភិបាល​តំបន់​លោក​ Oleh Syniehubov​ នៅ​លើ​បណ្តាញ​តេឡេក្រាម។

អភិបាល​ក្រុង Kharkiv លោក Ihor Terekhov និយាយ​ថា​ មីស៊ីល​ប្រភេទ​ S-300​ មួយគ្រាប់​បាន​ធ្លាក់នៅ​ក្នុង​ទីក្រុង​ ​ដោយ​ធ្វើ​ឱ្យ​ខូចខាត​អគារចំនួន​២៦​ខ្នង​ ហើយ​អគារ​២ខ្នង​ត្រូវ​ខូចខាត​ទាំងស្រុង។ លោក​មិន​បាន​បញ្ជាក់​ទេ​ថា​ តើ​អគារ​នោះ​ជាអគារ​អ្វី​នោះ​ឡើយ។

​អ្នក​ថត​វីដេអូ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters មួយ​រូបនៅ​កន្លែង​កើត​ហេតុ​ បាន​ឃើញភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ទីតាំង​ដែល​ទំនង​ដូច​ជាអគារ​លំនៅឋាន​នៅ​ពេល​ព្រលឹម​ស្រាងៗ។ ទី​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​កំពុង​ខ្នះខ្នែង​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​និង​កំពុង​ពិនិត្យមើល​គំនរ​ថ្ម​បាក់បែក។​

អ្នក​នាំ​ពាក្យ​កងទ័ព​អាកាស​អ៊ុយក្រែន​លោក​ Illya Yevlash បាន​និយាយ​នៅ​ក្នុង​ការ​ផ្សាយ​តាមទូរទស្សន៍មួយ​ថា​ រុស្ស៊ី​បាន​បាញ់​គ្រាប់​មីស៊ីលប្រភេទ​ S-300/S-400 ចំនួន​២​គ្រាប់​ទៅ​លើ​តំបន់​នេះ​កាល​ពី​យប់មិញ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថាតើ​គ្រាប់​មីស៊ីល​ទី​២​ធ្លាក់​ត្រូវ​ចំ​កន្លែង​ណា​នោះ​ទេ។

លោក Syniehubov និយាយ​ថា ការ​វាយប្រហារ​ដោយគ្រាប់​ផ្លោង​ស្វ័យ​នាំ​ផ្លូវ​មួយ​ បាន​ធ្វើ​ឱ្យ​ខូចខាត​អគារ​ចំនួន​២៥ខ្នង នៅ​ពេល​ដែល​វា​ធ្លាក់​នៅ​ជិតទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ក្នុង​ទីប្រជុំជន Derhachi នៅ​ជិត​ព្រំដែន​រុស្ស៊ី។ ​

ប្រទេស​រុស្ស៊ី​ដែល​បាន​ចូល​ឈ្លានពានអ៊ុយក្រែនក្នុង​រយៈពេល២​ឆ្នាំមក​ហើយ​នោះ ​បាន​បង្កើន​ការ​វាយប្រហារ​ជា​ខ្លាំង​ដោយប្រើគ្រាប់​មីស៊ីល​និង​ដ្រូន​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​មីនា​កន្លង​ទៅ៕​ ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG