ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គ្រោងនឹងពិភាក្សាអំពីភាពតានតឹងនៅមជ្ឈិមបូព៌ាជាមួយក្រុមសន្តិសុខជាតិរបស់លោកនៅថ្ងៃចន្ទ ហើយនឹងនិយាយទូរសព្ទជាមួយព្រះមហាក្សត្រ Abdullah ទី២នៃប្រទេសហ៊្សកដានី ខណៈមេដឹកនាំអ៊ីស្រាអែលព្រមានថាពួកគេនឹងតបត«ក្នុងតម្លៃថ្លៃ»វិញ បើអ៊ីស្រាអែលត្រូវបានវាយប្រហារ ចំពេលមានការបារម្ភអំពីចំណាត់ការដែលអាចធ្វើឡើងដោយប្រទេសអ៊ីរ៉ង់ឬក្រុមដែលអ៊ីរ៉ង់គាំទ្រក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ និយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថាអ៊ីរ៉ង់«មិនស្វះស្វែងធ្វើឲ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរទេ» តែថាខ្លួនមានសិទ្ធិដាក់ទោសអ៊ីស្រាអែលក្រោយពីការវាយប្រហារកាលពីសប្តាហ៍មុន ដែលបានសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់។
អ៊ីរ៉ង់ថាអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់លោក Haniyeh ដែលបានកើតឡើងប៉ុន្មានម៉ោងក្រោយពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងក្រុងបេរូត ប្រទេសលីបង់ ដែលបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុមយុទ្ធជន Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ដូចក្រុមហាម៉ាស់ដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថាអ៊ីរ៉ង់និងក្រុមដែលអ៊ីរ៉ង់គាំទ្រកំពុងស្វះស្វែងឡោមព័ទ្ធអ៊ីស្រាអែល«ក្នុងសភាពក្រេវក្រោធនៃអំពើភេរវកម្ម»។
ប្រទេសតួកគីនិងជប៉ុន បានណែនាំពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃចន្ទ ឲ្យចេញពីលីបង់ ដូចការអំពាវនាវរបស់សហរដ្ឋអាមេរិក បារាំង កាណាដា អង់គ្លេស និងហ៊្សកដានី ដែរ ដែលបានព្រមានអំពីលទ្ធភាពនៃគ្រោះថ្នាក់។
រដ្ឋមន្ត្រីការបរទេសហ៊្សកដានី លោក Ayman Safadi ស្ថិតក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ដែលនៅទីនោះ លោកបានជំរុញឲ្យបញ្ចប់ការបង្កើនភាពតានតឹង ដើម្បីឲ្យតំបន់មជ្ឈិមបូព៌ារស់នៅប្រកបដោយ«សន្តិភាព សន្តិសុខនិងស្ថិរភាព»។
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters៕
វេទិកាបញ្ចេញមតិ