រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុម Hamas បានចូលជាធរមានកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន។
នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Blinken ទៅកាន់តំបន់នោះក្នុងនាមជារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក។ លោកនឹងជួបភាគីអ៊ីស្រាអែល ប៉ាឡេស្ទីន និងសមភាគីផ្សេងៗទៀតក្នុងតំបន់ដែលនេះជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីបញ្ឈប់ការបាញ់គ្នានៅក្នុងតំបន់ Gaza។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានបេ្ដជ្ញាធ្វើការជាមួយអាជ្ញាធរប៉ាឡេស្ទីននិងអង្គការសហប្រជាជាតិដើម្បីផ្ដល់ជំនួយមនុស្សធម៌ឲ្យបានឆាប់រហ័សហើយក៏ដូចជាប្រមែរប្រមូលជំនួយអន្តរជាតិដើម្បីទ្រទ្រង់តំបន់ Gaza និងកិច្ចខំប្រឹងប្រែងដើម្បីស្ថាបនាតំបន់ Gazaឡើងវិញ។
លោក Blinken បានប្រាប់បណ្តាញទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «ការយកចិត្តទុកដាក់របស់យើងឥឡូវនេះគឺការដោះស្រាយស្ថានភាពទាក់ទងនឹងជំនួយមនុស្ស ធម៌ ដោយចាប់ផ្ដើមស្ដារនិងសាងសង់ឡើងវិញ និងចូលរួមយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីទាំងប៉ាឡេស្ទីន អ៊ីស្រាអែលនិងដៃគូផ្សេងៗទៀតនៅក្នុងតំបន់»។
ក្នុងខណៈនោះដែរ ក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប បានធ្វើដំណើរឆ្លងកាត់ព្រំដែនតំបន់ Gaza ហើយបានជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដែលគូប្រ ជែងដែលមានទីតាំងនៅតំបន់ West Bank របស់ក្រុមHamas នៅក្នុងកិច្ចខំប្រឹងប្រែងដើម្បីរក្សាបទឈប់បាញ់គ្នា។ ប្រទេសអេហ្ស៊ីប បានសម្របសម្រួលឲ្យមានការឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងពួកជនសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលដឹកនាំដោយក្រុមHamas៕