ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ពិភាក្សា​សំណើ​ឈប់បាញ់គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​ជាមួយ​​មន្ត្រី​អ៊ីស្រាអែល


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ចូល​រួម​សន្និសីទ​សារព័ត៌មាន​ជាមួយនាយក​រដ្ឋ​មន្ត្រី​កាតា​​និង​រដ្ឋមន្ត្រី​ការបរទេស​កាតា​ក្នុង​ទីក្រុង​ Doha ប្រទេស​កាតា​កាលពីថ្ងៃទី​០៦ កុម្ភៈ ឆ្នាំ២០២៤
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ចូល​រួម​សន្និសីទ​សារព័ត៌មាន​ជាមួយនាយក​រដ្ឋ​មន្ត្រី​កាតា​​និង​រដ្ឋមន្ត្រី​ការបរទេស​កាតា​ក្នុង​ទីក្រុង​ Doha ប្រទេស​កាតា​កាលពីថ្ងៃទី​០៦ កុម្ភៈ ឆ្នាំ២០២៤

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​អ៊ីស្រាអែល​អំពី​សំណើ​ផ្អាក​ការប្រយុទ្ធ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​ការដោះលែង​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ក្រុម​ហាម៉ាស់។

ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu រដ្ឋមន្ត្រីការពារ​ជាតិ​លោក Yoav Gallantនិង​លោក​ប្រធានាធិបតី Isaac Herzog កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក Blinken បាន​និយាយ​ថា​ពួក​មេដឹកនាំ​ក្រុម​ហាម៉ាស់​បាន​ផ្តល់​ការឆ្លើយតប​របស់​ពួកគេ​ដល់​សំណើ​នេះ។

លោក Blinken បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​ក្រុង​ដូហា ប្រទេស​កាតា​ថា​សហរដ្ឋ​អាមេរិក​កំពុង​សិក្សា​ការឆ្លើយ​តប​ដ៏​ធំ​ទូលាយ​ហើយ​ថា​ខ្លួន​បាន​ចែករំលែក​ជាមួយ​អ៊ីស្រាអែល។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Bidenបាន​ពណ៌នា​ការឆ្លើយតប​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ថា​«ជ្រុល​ហួស​ហេតុ​បន្តិច»ហើយ​បាន​និយាយ​ទៀត​ថា​ការចរចា​កំពុង​បន្ត។

សហរដ្ឋ​អាមេរិក អេហ្ស៊ីប​និង​កាតា​បាន​ជួយ​ព្រាងសំណើ​ឈប់​បាញ់​គ្នា​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ពិចារណា​ដែល​នឹង​រួមមាន​ការឈប់​បាញ់​គ្នា​នៅ​ក្នុង​ការប្រយុទ្ធ​អស់​រាប់​សប្តាហ៍​និង​ការដោះលែង​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា។

ការឈប់​បាញ់គ្នា​កាលពី​ពេល​មុន​នៅ​ចុង​ខែ​វិច្ឆិកា​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ហើយ​បាន​ឱ្យ​មាន​ការដោះលែង​ចំណាប់ខ្មាំង​១០០​នាក់​ពី​តំបន់​ហ្កាហ្សា​និង​ពួក​អ្នកទោស​ប៉ាឡេស្ទីន​២៤០​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អ៊ីស្រាអែល។ យោធា​អ៊ីស្រាអែល​បាន​និយាយកាលពី​ថ្ងៃ​អង្គារ​ថា​ចំណាប់​ខ្មាំង​ដែល​នៅ​សេសសល់​ចំនួន​៣១​នាក់បាន​ស្លាប់៕

អ្នក​យកព័ត៌មាន​វីអូអេ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer និង​ប្រធាន​ការិយាល័យ​វីអូអេ​ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara បាន​ផ្តល់​សេចក្តី រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពីទីភ្នាក់ងារ​សារព័ត៌មាន​ AFP​និង ​Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG