ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​បោះ​ឆ្នោត​បឋម​​នៅ​ក្នុង​រដ្ឋ​ South Carolina​


សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Massachusetts​ អ្នក​ស្រី Elizabeth Warren ថ្លែង​នៅ​ព្រះវិហារ Reid Chapel AME ក្នុង​ទីក្រុងកូឡុំប៊ី។

រដ្ឋ South Carolina គឺជា​រដ្ឋ​ទី​បួនរបស់​សហរដ្ឋ​អាមេរិក​ ដែល​នឹង​ត្រូវ​បោះ​ឆ្នោត​បឋម​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០២០ ហើយ​ក៏​ជា​រដ្ឋ​ទី​មួយ​ដែល ភាគ​ច្រើន​នៃ​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត ជា​ពល​រដ្ឋ​អាមេរិកាំងស្បែក​ខ្មៅ។ ការ​ស្ទង់​មតិ​ Statewide បាន​បង្ហាញ​ថា អតីត​អនុ​ប្រធានាធិបតី លោក Joe Biden កំពុង​នាំ​មុខ​គេ ក្នុង​ការ​ទទួល​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រជែង​ជា​មួយ​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតីក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ខាង​មុខ​នេះ។

ពិធី Homecoming នៅ​សាកលវិទ្យាល័យ Claflin បាន​ទាក់​ទាញ​និស្សិត និង​អតីត​និស្សិត​រាប់​រយ​នាក់​មក​កាន់សកល​វិទ្យាល័យ​ដែល​មាន​ប្រវត្តិ​សាស្ត្រ​ដ៏​យូរ​លង់​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅមួយ​នេះ។​ វាក៏​ជា​កន្លែង​ដែល​ផ្សារភ្ជាប់កីឡា និងនយោបាយដែរ​។

លោកGarrett McDaniel កំពុង​រក​ការ​គាំទ្រ​ឲ្យលោក Pete Buttigieg។ ហើយ​លោក មិន​មែន​ធ្វើ​រឿង​នេះ​តែឯង​ទេ។

លោក McDaniel ដឹង​ថាអ្នក​នៅរដ្ឋ​ South Carolina​ មិន​ស្គាល់​លោក Buttigieg ទេ តែ​លោក​ជឿ​ថា​លោក Buttigieg​មាន​សារ​មួយ​ដែល​នឹង​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ស្បែក​ខ្មៅ។

លោកMcDaniel និយាយ​ថា៖

«លោក​កំពុង​តែ​ធ្វើ​ឲ្យ​ពួក​ស្បែក​ខ្មៅ​ជា​ប្រធានបទ​សំខាន់​នៅ​ក្នុង​វេទិកា​របស់​លោក»។ ផែន​ការ​ Douglass របស់​លោក​គ្រោង​នឹង​ជួយ​បំបាត់អយុត្តិធម៌​សេដ្ឋកិច្ច ក៏​ដូច​ជាវិនិយោគ​ទុន​នៅ​ក្នុង​សហគមន៍ស្បែក​ខ្មៅ»។ ​

លោក Buttigieg គឺ​ជា​បេក្ខជន​មក​ពី​គណ​បក្ស​ប្រជាធិបតេយ្យ​ដែល​បើក​ចំហ​ថា​ជា​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា។ លោកប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​បាន​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ស្បែក​ខ្មៅ​ទូ​ទាំង​ប្រទេស រួម​ទាំង​រដ្ឋ​ South Carolina។​ នៅ​ទីនេះ ពលរដ្ឋ​ស្បែក​ខ្មៅ​ជា​ច្រើន ជាពិសេស​អ្នក​មាន​វ័យ​ចំណាស់ និយាយ​ថា​ពួក គេ​គាំទ្រ​លោក Joe Biden។

លោក Tony Memminger ដែល​ជា​អ្នក​គាំ​ទ្រ​លោក Biden បាន​និយាយ​ថា៖ «ខ្ញុំ​ជឿ​ថា​លោក [[Biden]] ជា​មនុស្ស​របស់​ពលរដ្ឋ។ ខ្ញុំ​ជឿ​ថា​លោកធ្វើ​ការ​បាន​ល្អ​ជាង​អ្នក​កំពុង​កាន់​តំណែង​សព្វ​ថ្ងៃ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​លោក»។

សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Massachusetts​ អ្នក​ស្រី Elizabeth Warren និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ VermontលោកBernie Sanders ក៏​កំពុង​ប្រជែង​យក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ស្បែក​ខ្មៅ តែ​ពួក​គេ​នៅ​ពី​ក្រោយ​លោក Biden។ ​

អ្នក​បោះ​ឆ្នោត​វ័យក្មេង​ដូច​កញ្ញា ​Bryanta Maxwell ​គាំទ្រ​បេក្ខជន​ណា​ដែល​អាច​យក​ឈ្នះ​លោកTrump បាន។

កញ្ញា Bryanta Maxwell អ្នក​បោះឆ្នោត​មក​មក​ពី​រដ្ឋ​ South Carolina​ បាន​និយាយ​ថា៖ «លោក Donald Trump បាន​ក្លាយ​ជា​ប្រ​អប់​ Pandora [តំណាង​ភាព​អាក្រក់] ហើយប្រអប់​នេះ​លាត​ត្រដាង​អ្វី​គ្រប់​យ៉ាង។ អ្នក​គ្រប់​គ្នាបញ្ចេញ​ចរិត​រើស​អើង និង​ការ​បែង​ចែង​វណ្ណៈ​។ ​វា​ជា​សមរភូមិ​នៃ​ដួង​ព្រលឹង​ជាតិ»។

លោក​ Trump ​ថា​លោក​មិន​មែន​ជា​អ្នក​រើស​អើង​ពូជ​សាសន៍​ទេ ហើយ​ថា​លោក​មាន​ការ​គាំទ្រពីពលរដ្ឋ​ស្បែក​ខ្មៅ។ កាលពី​ខែ​តុលា លោក Trump បាន​ទៅ​ទស្សន​កិច្ច​នៅ​មហាវិទ្យាល័យBenedictដែល​ភាគ​ច្រើន​និស្សិត​នៅ​ទី​នោះ​ជា​និស្សិត​ស្បែក​ខ្មៅ​។

លោក Trump ថ្លែង​ថា៖ «​មួយ​ជីវិត​នេះ ខ្ញុំប្ដេជ្ញា​ធ្វើ​ឲ្យ​មាន​សមភាព និង​បង្កើន​កាលានុវត្តនភាព សម្រាប់​សហគមន៍ជនជាតិ​ស្បែក​ខ្មៅ»។

លោក Davion Petty ​ថា​លោក មិនបោះឆ្នោត​ឲ្យ​លោក Trump ទេ។ លោក​នឹង​គាំទ្រ​បេក្ខជន​ណា​ ដែល​មានគុណ​តម្លៃ​ដូច​លោក។

លោក Davoin Petty អ្នក​បោះ​ឆ្នោត​មក​ពី​រដ្ឋ South Carolina បាន​និយាយ​ថា​៖ «ខ្ញុំ​នឹង​រើស​យក​បេក្ខជន​ណា​ដែល​មាន​ភាព​ស្មោះត្រង់​របស់​បេក្ខជន និង​មើល​លើ​បញ្ហា​នយោបាយដែល​ពួកគេដាក់​ក្នុង​របៀបវារៈ​របស់​ពួក​គេ។ ការ​ប្រែ​ប្រួល​អាកាសបរិស្ថាន​ និង​សេដ្ឋកិច្ច ជា​បញ្ហា​សំខាន់»។

សំឡេង​ឆ្នោត​របស់​ពលរដ្ឋ​ស្បែក​ខ្មៅសំខាន់​ណាស់​សម្រាប់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ ៣០​ឆ្នាំ​កន្លង​មក​នេះ។​

លោក Todd Shaw អ្នក​វិភាគ​នយោបាយ​បាន​និយាយ​ថា៖ មិនថាបេក្ខជន​បក្ស​ប្រជាធិបតេយ្យ​មួយ​ណា​ទេ ត្រូវ​តែ​ចេះបញ្ចុះបញ្ចូល​ ​ត្រូវ​តែ​លេច​ធ្លោ​សម្រាប់​អ្នក​បោះ​ឆ្នោត​ស្បែក​ខ្មៅ ហើយ​ត្រូវ​តែ​លេច​ធ្លោ​សម្រាប់​អ្នក​បោះ​ឆ្នោត​ជា​ស្រ្តី​ស្បែក​ខ្មៅ​ដែរ។ គ្មាន​សំឡេង​ឆ្នោត​ណា​សំខាន់​ជាង​សំឡេង​ឆ្នោត​ស្ត្រី​ស្បែក​ខ្មៅ​នោះទេ»។​

អ្នកវិភាគ​នយោបាយ​និយាយ​ថា អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​បឋម​នេះ អាចទាក់​ទាញ​ការ​គាំទ្រ​ពី​ពល​រដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅគ្រប់​កន្លែង​ទាំង​អស់​នៅ​ទូទាំង​ប្រទេស៕

ប្រែ​សម្រួល​ដោយ៖ សឿន វឌ្ឍនា

XS
SM
MD
LG