រដ្ឋាភិបាលស.រ.អា.បានចេញផ្សាយឯកសារជាច្រើនដែលខ្លួននិយាយថា កងទ័ពអាមេរិកាំងបានរកឃើញនៅក្នុងការវាយលុកចូលក្នុងអាគារដែលស.រ.អា.បានសម្លាប់មេដឹកនាំពួក អាល់កៃដា អូសាម៉ា ប៊ិនឡាឌិន ក្នុងប្រទេសប៉ាគីស្ថាន នៅក្នុងឆ្នាំ២០១១។
ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ បាននិយាយថា ការចេញផ្សាយឯកសារទាំងនេះ បានប្រព្រឹត្តធ្វើនៅក្រោយការពិនិត្យមើល«យ៉ាងដិតដល់ជាទីបំផុត»ដោយទីភ្នាក់ងាររបស់រដ្ឋាភិបាលស.រ.អា. តាមការតម្រូវនៃច្បាប់មួយដែលបានអនុម័តឡើងកាលពីឆ្នាំមុន។
អ្នកនាំពាក្យម្នាក់បាននិយាយថា សេចក្តីសម្រេចដើម្បីបញ្ចេញឯកសារនេះជាសាធារណៈ «បានសមស្របទៅនឹងសេចក្តីអំពាវនាវរបស់លោកប្រធានាធិបតីដែលសុំឲ្យមានតម្លាភាពច្រើនឡើងហើយស្ថិតនៅក្នុងបុព្វសិទ្ធិនៃសន្តិសុខជាតិ»។
ឯកសារដែលបានចេញផ្សាយកាលពីថ្ងៃពុធ រួមមានឯកសារដែលគេបានប្តូរពីសម្ងាត់ទៅជាមិនសម្ងាត់វិញ លិខិតផ្ទាល់ខ្លួនទៅឲ្យសមាជិកគ្រួសាររបស់ប៊ិនឡាឌិន សៀវភៅជាភាសាអង់គ្លេស ដែលគេបានរកឃើញក្នុងអាគារនោះ សៀវភៅបច្ចេកទេសដទៃទៀត និងសៀវភៅដែលបោះពុម្ពដោយក្រុមសកម្មប្រយុទ្ធឯទៀតៗ។
ចំពោះគ្រួសារ អូសាម៉ា ប៊ិនឡាឌិនវិញគេបានចេញសេចក្តីណែនាំដ៏លម្អិតអំពីមធ្យោបាយដើម្បីឲ្យពួកគេជៀសវាងដឹកនាំភ្នាក់ងាររបស់ស.រ.អា.ឲ្យដឹងអំពីទីកន្លែងដែលគាត់នៅលាក់ខ្លួន៕