ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីអាយអេ​និយាយថា​ប៊ិនឡាឌិន​ជា​មេបញ្ជាការ​ភេរវករ​សកម្ម


អូសាម៉ា​ ប៊ីនឡាដិន កំពុងមើលរូបភាពខ្លួនឯងក្នុង​ទូរទស្សន៍​​​។ រូបភាពក្នុងវីដេអូនេះ បាន​ចេញផ្សាយដោយមន្ទីរប៉ង់តាហ្គោន​​សរអា នៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០១១។
អូសាម៉ា​ ប៊ីនឡាដិន កំពុងមើលរូបភាពខ្លួនឯងក្នុង​ទូរទស្សន៍​​​។ រូបភាពក្នុងវីដេអូនេះ បាន​ចេញផ្សាយដោយមន្ទីរប៉ង់តាហ្គោន​​សរអា នៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០១១។

ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អ.​ CIA ​និយាយ​ថា​ អាគារ​មាន​កំផែង​ព័ទ្ធ​ជុំវិញ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ដែល​នៅទីនោះ​ Osama​ bin​ Laden​ បាន​ត្រូវ​សម្លាប់​ដោយ​កង​កុម្មង់ដូ​អាមេរិកាំង​កាល​ពី​ថ្ងៃចន្ទ​ទី២​ឧសភា​ជា​មជ្ឈមណ្ឌល​បញ្ជាការ​និង​ត្រួតត្រា​ដ៏​សកម្ម​មួយ​សម្រាប់​អង្គការ​ al-Qaida​ ហើយថា​ bin-Laden ​មិនមែន​គ្រាន់តែ​ជា​មេដឹកនាំ​យុទ្ធសាស្ត្រ​ ឬ​ជា​មេដឹកនាំបំផុសគំនិត​សម្រាប់​ក្រុម​ភេរវជន​នេះ​ទេ។ មន្ត្រី​ផ្នែក​ស៊ើបការសម្ងាត់​ជាន់ខ្ពស់ម្នាក់​ បាន​ធ្វើ​អត្ថាធិប្បាយ​ទាំងនេះ​ នៅ​ក្នុង​ការនិយាយ​ត្រួសៗ​មួយ​ នៅ​ឯ​ក្រសួង​ការពារ​ប្រទេស​ស.រ.អ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​នៅ​ពេលនោះ​លោក​ក៏​បាន​ផ្សាយ​វីដេអូ​៥​របស់ ​bin-Laden​ ដែល​បាន​ត្រូវ​រឹបអូស​យក​បាន​ក្នុង​ការឆ្មក់​វាយ​ប្រហារ​នោះ។

មន្ត្រីរូប​នេះ​ ដែល​បាន​និយាយ​ដោយ​មាន​លក្ខខ័ណ្ឌ​មិនឱ្យ​គេ​បញ្ចេញ​ឈ្មោះ​ បាន​ថ្លែង​ថា​សម្ភារៈ​ដែល​បាន​ត្រូវ​យក​ដោយ​ពួក​អ្នកធ្វើការ​វាយប្រហារ​នោះ​ ជា​ការ​ប្រមូល​ព័ត៌មាន​ដ៏​ធំ​បំផុត​ ដែល​បាន​ត្រូវ​រឹបអូស​យក​បាន​ ពី​មេដឹកនាំ​ភេរវជន​ជាន់ខ្ពស់​ម្នាក់។​ លោក​បាន​ពោល​ថា​មាន​សម្ភារៈ​ច្រើន​ណាស់​ដែល​ពួកមន្ត្រី​កំពុង​រៀបចំ​ជា​ក្រុម។

មន្ត្រី​រូប​នេះ​និយាយ​ថា​សម្ភារៈ​នេះ​ផ្តល់​រួចស្រេចហើយ​ នូវ​អ្វី​ដែល​លោក​ហៅ​ថាព័ត៌មាន ​«សំខាន់ៗខ្លះ» និង​ “ការ​យល់ធ្លុះជ្រៅ» អំពី​កិច្ចប្រតិបត្តិការ​របស់​ពួក​ al-Qaida។ ​លោក​មិនបាន​និយាយ​ចំៗ​ទេ​ ក៏ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ ព័ត៌មាន​បញ្ជាក់​ថា​ bin Laden ​មាន​ទាក់ទិន​នឹង​ការ​បំផុសគំនិត​ សម្រាប់​ការ​វាយប្រហារ​ភេរវកម្ម​លើ​ស.រ.អ.​ និង​នៅ​ទូទាំង​ពិភពលោក​ ដោយ​ផ្តល់​ការណែនាំ​ខាង​កលយុទ្ធ​និង​ខាង​កិច្ចប្រតិបត្តិការ​ ព្រម​ទាំង​បាន​បញ្ជា​កិច្ចប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ផង​ដែរ។​ លោក​បាន​ថ្លែង​ថា​ bin Laden​ មិនមែន​គ្រាន់​តែ​ជា​មេដឹកនាំ​តែ​ឈ្មោះ​ ឬ​ជា​អ្នក​យុទ្ធ​សាស្ត្រ​ដូចដែល​មនុស្ស​ខ្លះ​ បាន​គិត​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ជា​លាយល័ក្ខអក្សរ​ លោក​ Leon ​Panetta​ នាយក​ទីភ្នាក់ងារ​ CIA ​បាន​មាន​ប្រសាសន៍​ថា​ «រឿងទាំងអស់នេះ​បញ្ជាក់​ថែម​ទៀត​ អំពី​សារៈ​សំខាន់​នៃ​ការតាមរក​ bin Laden»។

មន្ត្រី​រូប​នេះ​ដែល​និយាយ​ដោយ​មាន​ល័ក្ខខណ្ឌ​មិន​ឱ្យ​គេ​បញ្ចេញ​ឈ្មោះ​ បានពោល​ថា​ bin Laden​ នៅ​តែ​យកចិត្តទុកដាក់​ ជា​ពិសេស​ដល់​ការវាយប្រហារលើ​កន្លែង​ដឹក​ជញ្ជូន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឯទៀតៗ​ គឺ​ទីដៅ​ដែល​ពួក​ al-Qaida​ បាន​វាយប្រហារ​កាល​ពី​ពេលមុនៗ។​ លោក​បាន​និយាយ​ថា​ bin Laden ​បាន​ចាត់ចែង​អង្គការ​របស់​គាត់​ តាមរយៈ​ពួក​អ្នកនាំសារ​ដែល​ដោយ​អចេតនា​បាន​នាំ​ពួក​អ្នកស៊ើបអង្កេត​ស.រ.អ.​ ទៅ​កាន់​អាគារ​មាន​កំផែង​ព័ទ្ធជុំវិញ​នោះ ​ដែល​គ្មាន​ទូរសព្ទ​ឬ​ Internet ​ទេ។

វីដេអូ​មួយ​ក្នុង​បណ្តា​វីដេអូ​ ដែល​បាន​ត្រូវ​ផ្សាយ​ដែល​បាន​ថត ​ក្នុង​ពេល​មិន​ប្រុងប្រយ័ត្ន​មួយ ​បង្ហាញ​ឱ្យ​ឃើញ ​bin Laden​ មាន​ពុកចង្កា​ស្កូវ​កំពុង​មើល​ទូរទស្សន៍។គាត់​ពាក់​មួក​កន្តិប​ខ្មៅ​មួយ​ ហើយ​ដណ្តំ​ផួយ​ប្រផេះ​មួយ។​គាត់​បាន​ធ្វើ​កាយវិការ​ឱ្យ​អ្នកកាន់​ camera ​ថត​ទូរទស្សន៍​ដែល​គាត់​ជ្រើសរើស​ប៉ុស្តិ​នានា​ ដែល​កំពុងផ្សាយ​ដំណឹង​ខ្លះ​អំពី​គាត់។​ ទីភ្នាក់ងារ​ CIA​ បាន​លប់ចោល​សំទ្បេង​ពី​វីដេអូទាំងនេះ។

វីដេអូ​មួយ​ទៀត​ ជា​សារ​មួយ​ទៅកាន់​ស.រ.អ.​ ដែល​មន្ត្រី​ផ្នែក​ស៊ើបការ​សម្ងាត់​នេះ​និយាយ​ថា​ មាន​រួមបញ្ចូល​ការរិះគន់​ជា​ធម្មតា​ ដល់​គោលនយោបាយ​ស.រ.អ.​និង​ប្រព័ន្ធ​សេដ្ឋកិច្ច​មូលធន​និយម។​ នៅ​ក្នុង​វីដេអូ​នោះ​ពុកចង្កា​មាន​ព៌ណ​ខ្មៅ​ ដែល​មន្ត្រី​នេះ​និយាយ​ថា​បញ្ជាក់​ថា​ bin Laden ​បាន​លាប​ដើម្បី​ថែរក្សា​មុខមាត់​សាធារណៈ​របស់​គាត់។​ មន្ត្រី​រូប​នេះ​និយាយ​ថា​ ពុកចង្កា​របស់​ bin Laden ​មាន​ស្កូវ​នៅ​ពេល​គាត់​ត្រូវ​សម្លាប់។​ មន្ត្រី​នេះ​ថ្លែង​ថា​វីដេអូ​នោះ​បាន​ត្រូវ​ថត​ កាលពី​ចុង​ឆ្នាំ​ទៅមិញ​ ក៏ប៉ុន្តែ​គ្មាន​ថ្ងៃ​ខែ​ទេ​ នៅលើ​ការដកស្រង់​ឯទៀតៗ។​ វីដេអូ​បី​ទៀត​បង្ហាញ​ការ​ហាត់សម​អាន​សារ​ ឬ​រូបភាព​ដែល​កាត់​ចេញ​ពី​សារ​ក្នុងវីដេអូ។

មន្ត្រី​ស៊ើបការ​សម្ងាត់​ស.រ.អ.​ជាន់ខ្ពស់​រូប​នេះ​និយាយ​ថា​ ក្រុមទាហាន​នេះ​ ក៏​បាន​យក​សំណៅ​ក្នុង​ computer​ និង​សំណៅ​ជា​ក្រដាស​នៃ​សំបុត្រ​ផ្ទាល់ខ្លួន​ មក​កាន់​ bin Laden ​និង​ពី​ bin Laden។​ លោក​បាន​ថ្លែង​ថា វីដេអូ​និង​ឯកសារ​បែប​នេះ​មិន​ទំនង​ជា​របស់​នរណា​ ក្រៅ​ពី​របស់​ bin Laden ​ខ្លួន​ឯង​ទេ។​ មន្ត្រី​រូប​នេះ​ក៏​បាន​ផ្តល់​សេចក្តីល្អិតល្អន់ ​អំពី​ការ​រក​អត្តសញ្ញាណ​ជា​ផ្លូវការ​ នៃ​សាកសព​របស់ ​bin Laden នៅ​ក្រោយ​ពួកកុម្មង់ដូ​អាមេរិកាំង​ បាន​សម្លាប់​គាត់។ លោក​ថ្លែង​ថា​ software​ ដ៏​ទំនើប​ដើម្បី​ពិនិត្យ​មើល​មុខ​ បាន​ផ្តល់​ភាព​ដូចគ្នា​ ៩៥​ភាគរយ​ នឹង​រូបថត​របស់​ bin Laden។​ហើយ​លោក​បាន​រាយការណ៍​ថា ​ការធ្វើ​វិភាគ​ពីរ​ដាច់​ដោយទ្បែក​ពី​គ្នា​ នៃ​ DNA​ ពី​សាកសព​នេះ​ ត្រូវគ្នា​នឹង​ប្រវត្តិ​ខាង​ពន្ធុ​ ប្រមូល​មក​ពី​សមាជិក​មួយ​ចំនួន​ នៃ​គ្រួសារ​ bin Laden ​ជាមួយ​អ្វី​ដែល​លោក​ហៅថា​ ឱកាស​ខុស​មួយ​ក្នុង​មួយ​លាន​ពាន់​លាន។

ប្រែសម្រួល​ដោយ ​ឈឹម​សុមេធ

XS
SM
MD
LG