កងកម្លាំងសន្តិសុខបានចាប់ផ្តើមបំផ្លាញអាគារមានកំផែងព័ទ្ធជុំវិញនៅក្នុងក្រុង អាបបូតថាបាត (Abbottabat) ដែលជាកន្លែងរស់នៅរយៈពេលចុងក្រោយរបស់អូសាម៉ា ប៊ីឡាដិន (Osama bin Laden) មេដឹកនាំអាលកៃដា (al-Qaida) មុនពេលពួកទាហានអាមេរិកបានសម្លាប់គាត់កាលពីខែឧសភាឆ្នាំទៅមិញ ដោយមិនបានប្រាប់ពីហេតុផល។
អាហ្វ្រិកខាងត្បូង៖ លោកនិលសាន់ មែនដឺឡា (Nelson Mandela) អតីតប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងបានត្រូវធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុង ជូហាននេសប៊ឺជ (Johannesburg) កាលពីថ្ងៃសៅរ៍ ហើយត្រូវបានគេរាយការណ៍ថាឥស្សរជនប្រឆាំងរបបប្រកាន់ពណ៌សម្បុរ (apartheid) ដ៏ល្បីឈ្មោះអាយុ៩៣ឆ្នាំរូបនេះគ្មានគ្រោះថ្នាក់អ្វីទេ ហើយគេរំពឹងថាលោកនឹងចេញពីមន្ទីររពេទ្យនៅថ្ងៃអាទិត្យឬថ្ងៃច័ន្ទ។
អាហ្វហ្គានីស្ថាន៖ អគ្គមេបញ្ជាការនៃកងទ័ពអូតង់នៅអាហ្វហ្គានីស្ថានបានដកទីប្រឹក្សាទាំងអស់នៃក្រុមចម្រុះចេញពីការិយាល័យរបស់រដ្ឋាភិបាលប្រទេសនេះ ក្រោយពីនាយទាហានអាមេរិកាំងពីរនាក់បានត្រូវសម្លាប់ដោយសមាជិកម្នាក់នៃ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះ នៅក្នុងតំបន់មួយដែលមានសន្តិសុខ គឺនៅខាងក្នុងមជ្ឈមណ្ឌលបញ្ជាការក្រសួងមហាផ្ទៃនៃប្រទេស ក្នុងក្រុងកាប៊ុល។
យេម៉ែន៖ មានការផ្ទុះជាច្រើនកន្លែងនៅយេម៉ែនបានសម្លាប់មនុស្សរាប់សិបនាក់។ ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទ្បានមួយគ្រឿងបានបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់នៅខាងក្រៅវិមានប្រធានាធិបតីមួយនាផ្នែកខាងត្បូងនៃប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ តែប៉ុន្មានម៉ោងក្រោយពីលោក អាប រ៉ាប៊ូ មែនសរ ហាឌី (Abd-Rabbu Mansour Hadi) អនុប្រធានាធិបតីនៃប្រទេសនេះចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់ប្រទេស។
ប៉ាគីស្ថាន៖ យន្តហោះអាមេរិកាំងគ្មានមនុស្សបើកមួយគ្រឿងបានធ្លាក់ក្នុងតំបន់ វ៉ាហ្ស៊ីរីស្ថាន (Waziristan) ខាងជើងប៉ាគីស្ថាន នៅជិតព្រំដែនជាមួយអាហ្វហ្គានីស្ថាន។
សេណេហ្គាល់៖ ប្រទេសសេណេហ្គាល់ (Senegal) នឹងធ្វើការបោះឆ្នោតប្រធានាធិបតីដែលមានរឿងចម្រូងចម្រាស់នៅថ្ងៃអាទិត្យនេះនៅពេលមានការព្រូយបារម្ភថាប្រទេសជាតិនេះក្នុងផ្នែកខាងលិចនៃទ្វីបអាហ្វ្រ៊ិកដែលធ្លាប់តែមានស្ថិរភាពពីពេលមុន ប្រឈមមុខនឹងចលាចលដ៏ប្រល័យនិងការអាចមានវិបត្តិរដ្ឋាភិបាលផងដែរ។