លោក Bill Gates អ្នកបង្កើតក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីចិត្តសប្បុរស បានការពារប្រកបដោយការរំជួលចិត្តអំពីជំនួយបរទេសហើយបានសំដែងនូវការភ័យខ្លាចថា បរិយាកាសខាងនយោបាយនៅក្នុងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសប្រហែលឃើញការកាត់បន្ថយថវិកាបរទេស។ នៅក្នុងសុន្ទរកថាមួយនៅក្នុងទីក្រុងឡុងដ៍នៅសប្តាហ៍នេះ លោកព្រមានថា ការដកជំនួយ តាមពាក្យសំដីរបស់លោកនឹងធ្វើឲ្យមានភាពចន្លោះប្រហោងនៃភាពជាមេដឹកនាំដែលប្រទេសដ៏ទៃនឹងបំពេញ។
លោក Bill Gates បានផ្តល់ប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗទៅឲ្យជំនួយអភិវឌ្ឍន៍ដែលធ្វើឲ្យលោកក្លាយជាអ្នកសប្បុរសធម៌បំផុតម្នាក់របស់ពិភពលោក។
ក្នុងសុន្ទរកថាមួយនៅឯវិទ្យាស្ថាន Royal United Servicesក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសនៅសប្តាហ៍នេះ លោកBill Gateបានសំដែងនូវការភ័យខ្លាចថា ជំនោរនយោបាយកំពុងងាកមកប្រឆាំងជំនួយបរទេស។ លោក Gates មានប្រសាសន៍ថា «ការណ៍នេះធ្វើឲ្យខ្ញុំព្រួយកង្វល់ថា មេដឹកនាំពិភពលោកខ្លះកំពុងបកស្រាយខុសអំពីព្រឹត្តិការណ៍កាលពីពេលថ្មីៗនេះថាជាហេតុផលដែលមើលឃើញតែខ្លួនឯងជាជាងមើលឃើញអ្វីដែលជាបញ្ហាដ៏លំបាកហើយអាចដោះស្រាយបាន ដោយគ្រាន់តែចំណាយពេលយូរបន្តិច ប្រសិនបើ យើងធ្វើការដោះស្រាយសម្រាប់រយៈពេលយូរដែលជាការចាំបាច់នោះ។
សហរដ្ឋអាមេរិកនៅតែជាម្ចាស់អំណោយដ៏ធំបង្អស់របស់ពិភពលោក ដែលបានផ្តល់ថវិកាសម្រាប់កម្មវិធីរយៈពេលយូរហើយនឹងជំនួយសងគ្រោះក្នុងគ្រាអាសន្ននៅ ទូទាំងសាកលលោក ដូចជាកម្មវិធីជំនួយដែលមានទឹកប្រាក់១ពាន់៨រយលានដុល្លារទៅឲ្យប្រទេសប៉េរូបន្ទាប់ពីទឹកជំនន់នៅដើមឆ្នាំនេះ៕