ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្សព្វផ្សាយឯកសារពន្ធប្រាក់ចំណូលប្រចាំឆ្នាំរបស់លោក ដែលជាការស្តារឡើងវិញនូវទំនៀមទម្លាប់ជាយូរមកហើយរបស់ប្រធានាធិបតីអាមេរិក។ ឯកសារនេះ បានបង្ហាញថា ប្រាក់ចំណូលរបស់ប្រធានាធិបតីនិងភរិយារបស់លោកចំនួន២៥,៩% ត្រូវបានយកទៅបង់ជាពន្ធជូនដល់រដ្ឋាភិបាលសហព័ន្ធក្នុងឆ្នាំ២០២០។
អត្រាបង់ពន្ធប្រាក់ចំណូលជាមធ្យមឱ្យរដ្ឋាភិបាលសហព័ន្ធមានចំនួនត្រឹមជាង១៤%។ លោកប្រធានាធិបតី Biden និងភរិយារបស់លោកគឺ អ្នកស្រី Jill ដែលជាគ្រូបង្រៀន មានប្រាក់ចំណូលរួមចំនួន៦០៧.៣៣៦ ដុល្លារ ក្នុងឆ្នាំ២០២០ ខណៈលោកកំពុងប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកនោះ។ ប្រាក់ចំណូលនេះ បានធ្លាក់ចុះពីចំនួន ៩៨៥.២២៣ ដុល្លារ ក្នុងឆ្នាំ២០១៩ ខណៈពេលនោះពួកគេ រកប្រាក់ចំណូលភាគច្រើនបានពីការលក់សៀវភៅ ការឡើងថ្លែងសុន្ទករថា និងការងារនៅក្នុងសាកលវិទ្យាល័យ Pennsylvania និងមហាវិទ្យាល័យសហគមន៍ Virginia ភាគខាងជើង។
ប្រភពនៃប្រាក់ចំណូលទាំងនោះ បានរសាត់បាត់ ខណៈពេលដែលពួកគេ កំពុងជាប់ដៃរវល់ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ក្នុងឆ្នាំ២០២០នោះ។
ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីអាណត្តិមុន គឺលោក Donald Trump បានបដិសេធមិនចេញផ្សាយពន្ធប្រាក់ចំណូលរបស់លោកនោះទេ ដែលជាសមកម្មភាពមួយ ដែលរដ្ឋបាលបច្ចុប្បន្នរបស់លោក Biden មិនអនុវត្តតាម។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ មុនពេលការចេញផ្សាយពន្ធប្រាក់ចំណូលរបស់ប្រធានាធិបតីថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងបន្តចេញផ្សាយនូវពន្ធប្រាក់ចំណូលរបស់ប្រធានាធិបតី ដូចត្រូវបានរំពឹងទុកដោយគ្រប់ប្រធានាធិបតីអាមេរិកទាំងអស់»។
ដោយឡែក អនុប្រនាធិបតីអាមេរិក អ្នកស្រី Kamala Harris និងស្វាមីរបស់អ្នកស្រីលោក Douglas Emhoff ក៏បានចេញផ្សាយផងដែរនូវពន្ធប្រាក់ចំណូលរបស់ពួកគេសម្រាប់ឆ្នាំ២០២០។ ពួកគេបានបង់ពន្ធប្រាក់ចំណូលក្នុងអត្រាចំនួន៣៦.៧% សម្រាប់ប្រាក់ចំណូលរួមចំនួន១.៦៩៥.២២៥ដុល្លារ និងការរួមវិភាគទានចំនួន២៧.០០៦ដុល្លារដល់កម្មវិធីសប្បុរសធម៌។ អ្នកស្រី Harris ធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភាអាមេរិក តំណាងឲ្យរដ្ឋ California ខណៈស្វាមីរបស់អ្នកស្រី ធ្លាប់ធ្វើជាមេធាវីផ្នែកវិស័យសិល្បៈកម្សាន្ត ដែលមានមូលដ្ឋានក្នុងទីក្រុង Los Angeles។ បច្ចុប្បន្ន លោកកំពុងបង្រៀនច្បាប់នៅសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕