ពួកមេដឹកនាំយោធាកំពូលសហរដ្ឋអាមេរិកនិងចិនបានជួបគ្នាជាលើកទី ១ ក្នុងរយៈ ពេលជាង១ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ហើយបានពិភាក្សា«បញ្ហាមួយចំនួនអំពីសន្តិសុខសាកលលោកនិងតំបន់» រួមទាំងការរក្សាខ្សែបន្ទាត់គមនាគមន៍ដោយផ្ទាល់។ នេះបើតាមពួកមន្ត្រីយោធាសហរដ្ឋអាមេរិក។
នេះជាជំនួបលើកទី ១ រវាងប្រធានក្រុមនាយសេនាធិការចម្រុះលោក Charles Q. Brown និងឧត្តមសេនីយ៍ Liu Zhenli ប្រធានអគ្គសេនាធិការរួមនៃកងទ័ពប្រជាជនចិន ចាប់តាំងពីលោក Brown បានកាន់កាប់តំណែងកាលពីខែតុលាមក។ នេះបើតាមសេចក្តីថ្លែងការណ៍នោះ។
នៅក្នុងសន្និសីទវីដេអូរបស់ពួកអស់លោកកាលពីថ្ងៃព្រហស្បតិ៍ លោក Brown និងលោក Liu «បានពិភាក្សាពីសារៈសំខាន់នៃការធ្វើការជាមួយគ្នាដើម្បីគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ ដើម្បីបញ្ចៀសការគណនាខុស ហើយនឹងរក្សាខ្សែគមនាគមន៍ឱ្យនៅបើកចំហនិងដោយផ្ទាល់»។ នេះបើតាមលោកវរនាវីឯក Jereal Dorsey អ្នកនាំពាក្យអគ្គសេនាធិការចម្រុះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍។
លោក Brown ក៏បាន«បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការទាក់ទិនរបស់យោធាចិននៅក្នុងការសន្ទនាប្រកបដោយខ្លឹមសារ ដើម្បីកាត់បន្ថយលទ្ធភាពខ្ពស់នៃការយល់ច្រឡំគ្នា»និង«បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការពិភាក្សាសម្របសម្រួលគោលនយោបាយការពារជាតិទ្វេភាគី ធ្វើការចរចាកិច្ចព្រមព្រៀងពិគ្រោះផ្លូវនាវាចរណ៍យោធា ហើយនឹងបើកខ្សែគមនាគមន៍រវាងមេបញ្ជាការរបស់ទីបញ្ជាការសហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមេបញ្ជាការរបស់ទីបញ្ជាការនៅភាគខាងកើតនិងខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិនឬ PLA»។ នេះបើតាមលោក Dorsey។
បណ្តាញគមនាគមន៍ធម្មតារវាងយោធារបស់ប្រទេស ២ ដែលមានសេដ្ឋកិច្ចធំបង្អស់របស់ពិភពលោកត្រូវបានកាត់ផ្តាច់ដោយចិនកាលពីខែសីហា ឆ្នាំ ២០២២ នៅពេលដែលកាលនោះប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដែលជាកោះគ្រប់គ្រងដោយខ្លួនឯងដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកជាផ្នែកមួយរបស់ចិនដីគោក។
ភាគីទាំង ២ បានព្រមព្រៀងគ្នាដើម្បីបើកការទាក់ទងឡើងវិញ បន្ទាប់ពីជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ជាមួយមេដឹកនាំចិនលោក Xi Jinping នៅក្នុងទីក្រុង San Franciscoសហរដ្ឋអាមេរិកកាលពីខែមុន។
នៅដើមសប្តាហ៍នេះបណ្តាញទូរទស្សន៍ NBC News ដែលបានដកស្រង់សម្តីពួកមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា លោក Xi បានប្រាប់លោក Biden ចំៗក្នុងអំឡុងនៃជំនួបកំពូលរបស់ពួកអស់លោកថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោកឡើងវិញ ក៏ប៉ុន្តែ គឺថាពេលវេលានៅមិនទាន់សម្រេចនៅឡើយទេ។
ប្រភពនានាបានប្រាប់បណ្តាញទូរទស្សន៍ NBCថា លោក Xi បានប្រាប់លោក Biden នៅក្នុងជំនួបជាក្រុមមួយដែលបានចូលរួមដោយពួកមន្ត្រីអាមេរិកាំងនិងចិនរាប់សិបនាក់ថា ចិនប្រាថ្នាចង់ដណ្តើមកោះតៃវ៉ាន់វិញដោយសន្តិវិធី ជាជាងដោយប្រើកម្លាំង។
ប្រភពនានាក៏បានប្រាប់បណ្តាញទូរទស្សន៍ NBC ដែរថាចិនបានសុំឱ្យលោក Biden ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈបន្ទាប់ពីជំនួបរបស់លោកទាំង២ ដោយនិយាយថា សហរដ្ឋអាមេរិកគាំទ្រគោលដៅរបស់ចិននៃការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ក៏ប៉ុន្តែ សេតវិមានបានច្រានចោលសំណើនេះ។
លោក Biden បានមានប្រសាសន៍ថា លោកបានធ្វើឱ្យមាន «ជំហានជាវិជ្ជមានខ្លះ» ក្នុងការចរចារបស់លោកជាមួយប្រធានាធិបតីចិនលោក Xi៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន