ប្រធានាធីបតីចិនលោក Xi Jinping និយាយនៅថ្ងៃចន្ទនេះថា លោកមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី និងបានផ្តល់សារអបអរសាទរទៅវិញទៅមកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខួបនៃទំនាក់ទំនងការទូតរវាងប្រទេសពីរ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធព័តមានរដ្ឋចិន ហើយដែលត្រូវបានស្រង់ផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មាន AFP។
ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបគ្នាក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅ ដោយសន្យាថានឹងលើកកម្ពស់ទំនាក់ទំនងក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបញ្ឈប់ការប្រកួតប្រជែងដែលនាំទៅដល់ការកើតជម្លោះ។
នៅក្នុងសារលិខិតទៅវិញទៅមកដើម្បីកត់សម្គាល់ខួបលើកទី ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក Xi បាននិយាយថា ភាគីទាំងពីរគួធ្វើសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងរឹងមាំមួយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ខ្ញុំមានឆន្ទៈក្នុងការធ្វើការជាមួយប្រធានាធិបតី Biden ដើម្បីបន្តនាំផ្លូវនៃទំនាក់ទំនងចិនអាមេរិកដោយធ្វើឱ្យមានប្រយោជន៍រវាងប្រ ទេសនិងប្រជាពលរដ្ឋទាំងពីរ ក៏ដូចជាការលើកកម្ពស់សន្តិភាពពិភពលោកនិងការអភិវឌ្ឍន៍ផងដែរ។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទូស្សន៍រដ្ឋចិន CCTV ។
លោក Xi បន្ថែមទៀតថា៖ «ការប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាពជាមួយគ្នានិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះជាវិធីដ៏ត្រឹមត្រូវមួយ សម្រាប់ប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយគ្នា»។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍រដ្ឋចិនមួយនេះ៕