ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​សំណើ​ច្បាប់​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ បាតុករមីយ៉ាន់ម៉ា​ពាក់មួក​​ពណ៌​លឿង និង​កាន់​បដា​សរសេរ​ថា «យើង​ត្រូវការ​ប្រជាធិបតេយ្យ» ក្នុង​អំឡុងពេល​ដែល​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ក្រុង Myitkyina រដ្ឋ Kachin ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ បាតុករមីយ៉ាន់ម៉ា​ពាក់មួក​​ពណ៌​លឿង និង​កាន់​បដា​សរសេរ​ថា «យើង​ត្រូវការ​ប្រជាធិបតេយ្យ» ក្នុង​អំឡុងពេល​ដែល​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ក្រុង Myitkyina រដ្ឋ Kachin ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​លើ​សំណើ​ច្បាប់​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា​ដោយ​សំឡេង​ភាគ​ច្រើន​លើសលប់​កាលពី​ថ្ងៃ​សុក្រ​ទី ១៩ ខែ​មីនា ស្រប​ពេល​ដែល​សមាជិក​សភា​បាន​បង្កើន​ការ​រិះគន់​លើ​វិធីសាស្ត្រ​ឃោរឃៅ​ដែល​យោធា​មីយ៉ា់ន់ម៉ា​បាន​ប្រើ​ដើម្បី​បង្ក្រាប​បាតុកម្ម​តាំងពី​ពេល​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ ៣៩៨ ទល់​នឹង ១៤ និង​សំឡេង​អនុប្បវាទ ១។ សំឡេង​ប្រឆាំង​ទាំង​អស់​និង​សំឡេង​អនុប្បវាទ​គឺជា​សំឡេង​មកពី​គណបក្ស​សាធារណរដ្ឋ។

សេចក្តី​សម្រេច​នេះ​ថ្កោលទោស​រដ្ឋប្រហារ​និង​ការ​ឃុំ​ខ្លួន​មេដឹកនាំ​ស៊ីវិល​នានា​នៅ​មីយ៉ាន់ម៉ា ក៏​ដូចជា​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់​និង​ឱ្យ​សមាជិក​រដ្ឋសភា​ជាប់​ឆ្នោត​ចូល​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឡើង​វិញ។

រដ្ឋសភា​ក៏​បាន​អនុម័ត​ចំណាត់ការ​មួយ​ផ្សេង​ទៀត​ផងដែរ​ពាក់ព័ន្ធ​នឹង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ ខែ​មីនា តាម​រយៈ​ការ​បោះឆ្នោត​ស្រែក​គាំទ្រ និង​មិន​មាន​ការ​រាប់​វត្តមាន​របស់​អ្នក​ចូលរួម។

សំណើ​ច្បាប់​ដែល​តម្រូវ​ឱ្យ​មាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​មុន​ក្លាយជា​ច្បាប់​នេះ តម្រូវ​ឱ្យ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ផ្តល់​របាយការណ៍​ទៅ​សភា​អំពី​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​វិធានការ​ឆ្លើយតប​របស់​ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​ទាំង​នោះ។

សមាជិក​រដ្ឋសភា​លោក Gregory Meeks ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ចំណាត់ការ​នេះ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «យើង​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ថា សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​មើល និង​គាំទ្រ​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ [ក្នុង​ប្រទេស​មីយ៉ាន់ម៉ា]»។

កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​យ៉ាង​តិច ៩ នាក់ កាលពី​ថ្ងៃ​សុក្រ ខណៈ​ដែល​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ជំរុញ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា ហើយ​ឯក​អគ្គរដ្ឋទូត​នៃ​បណ្តា​បស្ចិម​ប្រទេស​នានា​បាន​ថ្កោលទោស​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​សកម្មភាព «អសីលធម៌ និង​ហួស​ព្រំដែន» របស់​យោធា​មីយ៉ាន់ម៉ា៕

XS
SM
MD
LG