ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ណែនាំ​ជា​សាធារណៈ​នូវ​មន្ត្រី​សេដ្ឋកិច្ច​កំពូលៗ​របស់​លោក នៅ​ថ្ងៃ​អង្គារ​នេះ


រូបឯកសារ៖ អតីត​ប្រធាន​ធនាគារ​កណ្ដាល​អ្នកស្រី Janet Yellen ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​មួយ​របស់​បណ្តាញ​ទូរទស្សន៍ Fox Business នៅក្នុង​ការិយាល័យ Fox Washington នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​អង្គារ​នេះ លោក Joe Biden ដែល​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​អ្នកស្រី Kalama Harris ដែល​គេ​សន្មត​ថា​ជា​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត គ្រោង​នឹង​ណែនាំ​មន្ត្រី​សេដ្ឋកិច្ច​កំពូលៗ ដែល​ពួកគេ​បាន​ជ្រើសរើស​សម្រាប់​រដ្ឋបាល​របស់​ខ្លួន។

លោក Biden និង​អ្នកស្រី Harris បាន​ប្រកាស​ដំបូង​អំពី​ការ​ជ្រើសរើស​របស់​ពួកគេ​ជា​សាធារណ:​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ មន្ត្រី​ដែល​ពួកគេ​ជ្រើសរើស​នោះ​រួម​មាន​ទាំង​អតីត​ប្រធាន​ធនាគារ​កណ្ដាល​អ្នកស្រី Janet Yellen ផង​ដែរ ដោយ​អ្នកស្រី​នឹង​ក្លាយជា​ស្ត្រី​ដំបូង​បង្អស់​ដែល​នឹង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ។

ក្រុម​មន្ត្រី​សេដ្ឋកិច្ច​របស់​លោក Biden នឹង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ភ្លាមៗ ដោយសារ​ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ លើ​សេដ្ឋកិច្ច​របស់​ប្រទេស។

លោក Biden បាន​តែងតំាង​អ្នកស្រី Neera Tanden ដែល​បច្ចុប្បន្ន​ជា​ប្រធាន​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិកាំង (Center for American Progress) ដែលជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​សាធារណៈ​និង​តស៊ូ​មតិ​មួយ ឲ្យ​ធ្វើជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​ និង​ថវិកា​របស់​សេតវិមាន។ ប្រសិនបើ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត អ្នកស្រី Tanden នឹង​ក្លាយជា​ស្ត្រី​មិន​មែន​ស្បែក​ស​ដំបូង​បំផុត និង​ជា​ស្ត្រី​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ខាង​ត្បូង​ដំបូង​បំផុត​ដែល​កាន់​តំណែង​នេះ។

លោក Biden បាន​តែងតាំង​លោក Wally Adeyemo ដែល​ជា​មន្ត្រី​គោល​នយោបាយ​សេដ្ឋកិច្ច​ជា​យូរ​មក​ហើយ ឲ្យ​ធ្វើជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ។ លោក Adeyemo នឹង​ក្លាយជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្រ្វិក​ដំបូង​បំផុត​ដែល​កាន់​តំណែង​នេះ។

លោក Biden ក៏​បាន​តែងតាំង​អ្នកស្រី Cecilia Rouse ដែល​ជា​សេដ្ឋវិទូ​ផ្នែក​ការងារ និង​ជា​ព្រឹទ្ធ​បុរស​នៃ​មហា​វិទ្យាល័យ​កិច្ចការ​សាធារណ:​និង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ Princeton ឲ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេតវិមាន​ផងដែរ។ អ្នកស្រី​នឹង​ក្លាយជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​បង្អស់ និង​ជា​ស្រ្តី​ទី ៤ ដែល​កាន់​តំណែង​នេះ។

ជាង​នេះ​ទៀត លោក Biden បាន​ជ្រើសរើស​សេដ្ឋវិទូ​ពីរ​រូប​ទៀត​គឺ​លោក Jared Bernstein និង​អ្នកស្រី Heather Boushey ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេតវិមាន៕

XS
SM
MD
LG