ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ទៅ​ពិនិត្យមើល​ការខូចខាត​នៅ​រដ្ឋ Kentucky ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​ខ្យល់​គួច tornado


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ពិនិត្យ​មើល​ការខូចខាត​ដោយសារ​ខ្យល់​គួច tornado នៅ​ក្នុង​ក្រុង Dawson Springs រដ្ឋ Kentucky សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ពិនិត្យ​មើល​ការខូចខាត​ដោយសារ​ខ្យល់​គួច tornado នៅ​ក្នុង​ក្រុង Dawson Springs រដ្ឋ Kentucky សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អញ្ជើញ​ចុះ​ទៅ​រដ្ឋ Kentucky កាលពី​ថ្ងៃ​ពុធ​ដើម្បី​ពិនិត្យ​មើល​ផ្ទាល់​ការ​បំផ្លិច​បំផ្លាញ​ដែល​បណ្តាល​មកពី​ខ្យល់​ព្យុះ​គួច tornado ជាច្រើន​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧៤​នាក់​ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ទៀតបាត់​បង់​ផ្ទះ​សម្បែង។

លោក Biden ត្រូវ​បាន​គេ​ជម្រាប​ត្រួសៗ​អំពី​ការ​ខំប្រឹងប្រែង​ស្តារឡើង​វិញ​ចេញ​ពី​ខ្យល់ព្យុះ​គួច​ដែល​បាន​វាយ​បក់បោក​នៅ​ក្នុង​រដ្ឋ Kentucky ហើយ​នឹង​បណ្តា​រដ្ឋ​ជិត​ខាង​កាល​ពី​យប់​ថ្ងៃ​សុក្រ​ និង​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ លោក​ប្រធានាធិបតី​ បាន​ជិះ​យន្តហោះ​ឆ្លង​កាត់​ពី​លើ​ទីក្រុង​២ គឺ​ក្រុង Mayfield និង​ក្រុង Dawson Springs ដែល​ត្រូវ​បាន​បំផ្លាយ​ស្ទើរ​រៀប​ស្មើ​ដល់ដី​ដោយ​ខ្យល់​ព្យុះ​គួច tornadoes ហើយ​បន្ទាប់​មក លោក​ប្រធានាធិបតី បាន​ដើរ​តាម​ផ្លូវដែល​ពោរពេញ​ដោយ​គំនរ​កម្ទេចកម្ទី​ ដើម្បី​បង្ហាញ​ការ​អាណិត​អាសូរ​ដល់​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត។

លោក​ប្រធានាធិបតី​ បាន​សន្យា​ផ្តល់​ថវិកា​សហព័ន្ធ​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ជួយ​ស្ថាបនា​សហគមន៍​នានា​ឡើង​វិញ។

អភិបាល​រដ្ឋ Kentucky លោក Andy Beshear បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា មនុស្ស​ជាង​១០០​នាក់​ បាន​បាត់​ខ្លួន​នៅ​ក្នុង​រដ្ឋ​នេះ ភាគច្រើន​នៅ Dawson Springs ដែល​ជាទីក្រុង​មួយមាន​មនុស្ស​តិច​ជាង​៣.០០០​នាក់។

លោក Biden បាន​អនុម័ត​សេចក្តី​ប្រកាស​គ្រោះ​មហន្តរាយ​សហព័ន្ធ​សម្រាប់​រដ្ឋ Kentucky និង​រដ្ឋ​ជិត​ខាង ​គឺរដ្ឋ​ Tennessee និង Illinois បន្ទាប់​ពី​ខ្យល់ព្យុះដែល​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​គួច​ tornadoes ជាង​៣០ ​នៅ​រដ្ឋ​ចំនួន​៥។ មនុស្ស​ទាំងអស់​យ៉ាង​តិច​ណាស់​ក៏​៨៨​នាក់​ដែរ បាន​ស្លាប់៕

ព័ត៌មាន​ខ្លូះ​នៅ​ក្នុង​សេចក្តីរាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ AP និង Reuters។

XS
SM
MD
LG