ចំនួនមនុស្សស្លាប់បានកើនឡើងកាលពីថ្ងៃអាទិត្យពីគ្រោះថ្នាក់បង្កមកពីខ្យល់គួចtornado ជាច្រើនខុសរដូវជាបន្តបន្ទាប់ដែលបានបក់បោកកាត់តាមរដ្ឋចំនួន៦នៅភាគខាងត្បូងនិងភាគកណ្តាលសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន បើទោះបីមន្ត្រីសង្គ្រោះបន្ទាន់ម្នាក់បានសម្តែងនូវក្តីសង្ឃឹមថា នឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតច្រើនថែមទៀត។
ការបំផ្លិចបំផ្លាញនោះធ្ងន់ធ្ងរបំផុតនៅក្នុងរដ្ឋ Kentucky ដោយចំនួនមនុស្សស្លាប់នៅទីនោះមាន៨០នាក់ រួចហើយ។ ការស្លាប់ទាំងនោះភាគច្រើនបានកើតមានឡើងនៅពេលដែលខ្យល់គួចtornado បានបំផ្លាញរោងចក្រផលិតទានមួយកន្លែង។
ខ្យល់គួចtornado ជាច្រើនដ៏ប្រល័យទាំងនេះដែលជាទូទៅមិនកើតមាននៅក្នុងខែធ្នូនៅក្នុងសហរដ្ឋអាមេរិកទេនេះ បានបោកបក់ចម្ងាយ៣៦៥គីឡូម៉ែត្រកាត់តាមរដ្ឋ Arkansas, Illinois, Mississippi, Missouri, Tennessee និងរដ្ឋ Kentucky ក៏ប៉ុន្តែ ការបំផ្លិចបំផ្លាញនោះមានប្រវែងចម្ងាយ៣២១គីឡូម៉ែត្រនៅក្នុងរដ្ឋKentucky ។
អភិបាលរដ្ឋKentucky លោក Andy Beshear បានប្រាប់កម្មវិធី«State of the Union» នៃបណ្តាញទូរទស្សន៍ CNN ថា «ខ្ញុំដឹងថា យើងបានបាត់បង់ពលរដ្ឋ Kentucky ជាង៨០នាក់។ ចំនួនមនុស្សស្លាប់ នឹងមានជាង១០០នាក់។ នេះជាព្យុះខ្យល់គួច tornadoដ៏ប្រល័យដែលយើងមិនដែលធ្លាប់ឃើញ។
លោក Beshear បាននិយាយទៀតថា វានឹងក្លាយជាអព្ភូតហេតុមួយ ប្រសិនបើយើងនៅអាចសង្គ្រោះមនុស្សថែមទៀតពីកម្ទេចបាក់បែកនៅរោងចក្រទាននៅក្នុងទីក្រុង Mayfield ដែលជាទីក្រុងដ៏តូចមួយនៃរដ្ឋ Kentucky នោះ៕