ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Putin ធ្វើ​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​​លើក​​ដំបូង


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កំពុង​និយាយ​ទូរស័ព្ទ​​នៅ​ការិយាល័យ​របស់​លោក ប្រទេស​រុស្ស៊ី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ជា​លើក​ទី​១ចាប់តាំង​ពី​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​មក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​សន្ទនាកាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin។ លោក Biden បាន​សម្តែង​នូវ​ក្តី​បារម្ភអំពី​ការ​ចាប់ខ្លួនមេដឹកនាំ​ប្រឆាំង​គឺ​លោក Alexei Navalny យុទ្ធនាការ​ចារកម្ម​សន្តិសុខ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ និង​ការ​ផ្តល់​រង្វាន់​សម្លាប់ទាហាន​អាមេរិកនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​២​រូប​របស់​រដ្ឋបាល​លោក Biden ។

ជំហរ​របស់​លោក​ប្រធានាធិបតី Biden ហាក់​បង្ហាញ​នូវ​ការ​ផ្ទុយ​គ្នា​ស្រឡះ​ពី​អតីត​ប្រធានាធិបតី Donald Trump ដែល​ជារឿយៗ​បាន​សម្តែង​នូវ​ភាព​រីករាយ​ចំពោះ​ទំនាក់ទំនង​ដ៏​កក់ក្តៅ​របស់​លោក​ជាមួយ​មេដឹកនាំ​វិមាន​ក្រឹមឡាំង។

នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ តាម​ការ​សន្ទនា​តាម​ទូរស័ព្ទ​នោះ លោក​ប្រធានាធិបតី Biden បាន​ប្រាប់​លោក Putin ថា រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក គួរ​តែ​បន្ត​សន្ធិសញ្ញា​ត្រួតត្រា​អាវុធ​នុយក្លែអ៊ែរ​របស់​ពួកគេចំនួន​៥​ឆ្នាំ​ទៀត​ មុន​នឹង​ផុត​កំណត់​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

រដ្ឋាភិបាល​ក្រុង​មូស្គូមិន​ទាន់បាន​បញ្ជាក់​ភ្លាមៗពី​ខ្លឹមសារ​នៃការ​និយាយ​ទូរស័ព្ទ​នោះ​ទេ ​ប៉ុន្តែ​រុស្ស៊ី​បាន​ទាក់ទង​លោក Biden តាំង​ពី​ថ្ងៃ​ដំបូងៗ​នៃ​អាណត្តិ​រយៈពេល​៤ឆ្នាំ​របស់​លោក​នៅ​សេតវិមាន។ មេដឹកនាំ​សហរដ្ឋ​អាមេរិក បាន​យល់​ព្រម​សន្ទនា ប៉ុន្តែតែ​ក្នុង​ករណី​ក្រោយ​ពីលោក​ប្រធានាធិបតី Biden បាន​ត្រៀម​ខ្លួនជាមុន​ជាមួយ​បុគ្គលិក​របស់​លោក​ និង​បាននិយាយ​ទូរស័ព្ទ​ជាមួយ​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​លោក​ខាងលិច​៣​ទៀត​របស់​សហរដ្ឋ​អាមេរិកសិន​ គឺ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និងអធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel។

គេ​មិន​ទាន់​ដឹង​ភ្លាមៗ​ថា​ តើ​ប្រធានាធិបតី​រុស្ស៊ី​លោក Putin បាន​ឆ្លើយ​តប​យ៉ាង​ណា​ទៅ​លោក​ប្រធានាធិបតី Biden ចំពោះ​ការលើក​ឡើង​បញ្ហា​ដ៏​ឈ្លោះ​ប្រកែក​គ្នា​រវាង​ប្រទេស​ទាំង​២នោះ​ទេ៕

XS
SM
MD
LG