ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃអង្គារនេះបានចេញផ្សាយបញ្ជីឈ្មោះបេក្ខជនចៅក្រមតុលាការសហព័ន្ធចំនួន១១នាក់ជាលើកដំបូងដែលលោកតែងតាំងសម្រាប់តុលាការជម្រះក្តីសហព័ន្ធដែលក្នុងនោះមានស្រី្តស្បែកខ្មៅបីនាក់ ជនជាតិអាមេរិកកាន់សាសនាឥស្លាមម្នាក់ និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ីនិងដែនកោះប៉ាស៊ីហ្វិកម្នាក់។
លោក Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «បញ្ជីឈ្មោះតែងតាំងនេះ ត្រូវបានជ្រើសរើសចេញពីអ្នកជំនាញច្បាប់អាមេរិក ដែលមានគំនិតជ្រៅជ្រះ ហើយដែលបានបង្ហាញពីទស្សនវិស័យ បទពិសោធន៍និងប្រវត្តិការងាររបស់ពួកគេ ដែលមានលក្ខណៈចម្រុះទូលំទូលាយ»។
បេក្ខជនចៅក្រមដែលត្រូវបានលោកប្រធានាធិបតីតែងតាំងទាំង១១រូបនេះដែលក្នុងនោះ៩រូបជាស្ត្រី នឹងត្រូវទទួលការយល់ព្រមជាមុនសិនពីព្រឹទ្ធសភាអាមេរិកមុនពេលក្លាយជាចៅក្រម។
ស្ត្រីស្បែកខ្មៅដែលត្រូវតែងតាំងជាចៅក្រមក្នុងនោះមានចៅក្រម Ketanji Brown Jackson សម្រាប់សាលាឧទ្ធរណ៍នៅរដ្ឋធានីវ៉ាស៊ីនតោន។ ចៅក្រម Tiffany Cunningham ត្រូវតែងតាំងសម្រាប់សាលាឧទ្ធរណ៍សហព័ន្ធ និងលោកស្រី Candace Jackson-Akiwumi សម្រាប់សាលាឧទ្ធរណ៍តំបន់ទី៧៕