ប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្មីលោក Joe Biden ត្រៀមខ្លួននឹងប្រកាសបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ ពីផែនការឆ្លើយតបចំពោះវីរុសកូរ៉ូណា ដែលរួមមានការបង្កើនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការទប់ទល់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារការឆ្លងរាតត្បាតនៃជំងឺនេះផងដែរ។
លោក Biden គ្រោងនឹងបង្ហាញពីកម្មវិធីលម្អិតជុំវិញបញ្ហានេះ នៅក្នុងសុន្ទរកថារបស់លោកនៅយប់ថ្ងៃព្រហស្បតិ៍។ លោកបានដាក់ចេញនូវផែនការរួចហើយ ពីការចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋអាមេរិកឲ្យបាន ១០០ លានម្ជុល ក្នុងរយៈពេល ១០០ ថ្ងៃដំបូង ក្រោយការចូលកាន់តំណែងរបស់លោក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែមករាខាងមុខនេះ។ ហើយគម្រោងរបស់លោក ក៏រួមមានបញ្ជូលផងដែរ នូវការផ្តល់ថវិកាដើម្បីពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងនោះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុញ្ញាតយល់ព្រមដល់ការដាក់ឲ្យប្រើប្រាស់ក្នុងគ្រាសង្គ្រោះបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរប្រភេទ។ វ៉ាក់សាំងទាំងពីរប្រភេទនោះ តម្រូវឲ្យមានការចាក់ចំនួន ២ ដង។ រហូតមកដល់ពេលនេះ ពលរដ្ឋអាមេរិកប្រមាណជាង ១០ លាននាក់ ទទួលបានការចាក់វ៉ាក់សាំង ១ ដូសដំបូង។
ទន្ទឹមនឹងនេះ លោក Biden ក៏គ្រោងនឹងដាក់បញ្ចូលការផ្តល់ថវិកាមួយជុំថ្មីដោយផ្ទាល់ដល់គ្រួសារពលរដ្ឋអាមេរិកកាំងផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកាទ្រទ្រង់ជីវភាពពលរដ្ឋ ដែលរងគ្រោះដោយវីរុសកូរ៉ូណាលើកមុននោះ ត្រូវបានផ្អាកកាលពីខែមុន ដោយសារពុំមានការឯកភាពគ្នាពីចំនួនទឹកប្រាក់ទ្រទ្រង់ជីវភាពប៉ុន្មាន ដែលពលរដ្ឋអាមេរិកគួរត្រូវទទួលបាននោះ។
សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ មានចំនួនប្រមាណ ៣ សែន ៨ម៉ឺន ៥ពាន់នាក់។ ក្នុងរយៈពេលជាង ២ ខែចុងក្រោយនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងដោយសារជំងឺនេះ ហក់ខ្ពស់ឡើងខ្លាំងបំផុត៕