បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកពីររូបដែលមកពីខាងគណបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដឹន អតីតអនុប្រធានាធិបតី និងលោក បឺនី សេនដឺ សមាជិកព្រឹទ្ធសភាមកពីរដ្ឋវឺមឹន បានប៉ះសម្តីគ្នានៅក្នុងការពិភាក្សាដេញដោលកាលពីយប់ថ្ងៃអាទិត្យ លើប្រធានបទជាច្រើន។ ពួកគេខិតខំបង្ហាញវិធីសាស្ត្រល្អៗរៀងៗខ្លួនដើម្បីទទួលបានការតែងតាំងពីគណបក្សសម្រាប់ទៅប្រឈមមុខនឹងលោកប្រធានាធិបតីដូណាល់ត្រាំដែលមកពីខាងគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកា។
បេក្ខជនទាំងពីរបានវាយប្រហារលោកត្រាំជាបន្តបន្ទាប់ដោយលោកបៃដឹនបានហៅលោកត្រាំថាជា «ការគំរាមកំហែងដែលកំពុងកើតមានចំពោះប្រទេសជាតិ» រីឯលោកសេនដឺ បានប្រកាសថាលោកត្រាំគឺជា«មនុស្សកុហកមិនឈប់ឈរ» ដែលគ្រប់គ្រង «រដ្ឋបាលមួយដែលពុករលួយ»។
បេក្ខជនទាំងពីរបានវាយប្រហារលោកត្រាំក្នុងការដោះស្រាយជំងឺរាតត្បាតកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក។ លោកសេនដឺបានចោទលោកត្រាំថា «មើលស្រាលអ្នកវិទ្យាសាស្ត្រ» ហើយលោកបៃដឹនបានចាប់កំហុសរដ្ឋបាលលោកត្រាំចំពោះការបដិសេធតាំងពីដំបូងពីវិបត្តិនេះដោយមិនព្រមនាំចូលសម្ភារៈធ្វើតេស្តមកពីប្រទេសដទៃក្នុងពេលដែលសហរដ្ឋអាមេរិកនៅមិនមានឱកាសនៅឡើយ។
លោកបៃដឹនបានបន្ថែមថា៖
«ការណ៍នេះប្រៀបបីដូចជាយើងកំពុងតែរងការវាយប្រហារ។ នៅក្នុងសង្គ្រាមគឺអ្នកត្រូវតែធ្វើអ្វីក៏ដោយដើម្បីថែរក្សាពលរដ្ឋរបស់អ្នក។ គ្រប់យ៉ាងដែលអ្នកចាំបាច់ដោះស្រាយវិបត្តិនេះគឺផ្តល់សេវាជូនដោយមិនគិតថ្លៃ។ ពលរដ្ឋអាមេរិកាំងជាអ្នកចំណាយ»។
លោកបៃដឹនបានបញ្ជាក់ថាលោកនឹងឱ្យទាហានចូលអន្តរាគមន៍ដោះស្រាយវិបត្តិ ប៉ុន្តែលោកសេនដឺបានបញ្ចៀសពីចំណុចនេះ។ លោកសេនដឺបែរជាបន្ទោសលោកត្រាំដែលមើលស្រាលដល់ការឆ្លើយតបដោយធ្វើផ្ទុយពីអ្វីដែលអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្របានផ្តល់យោបល់។
លោកសេនដឺបន្ថែមថា៖
«អ្វីដែលយើងត្រូវធ្វើគឺបិទមាត់ប្រធានាធិបតីនេះចោល»។
បេក្ខជនទាំងពីរយល់ស្របគ្នាក្នុងការយកបេក្ខជនអនុប្រធានាធិបតីជាស្ត្រី។ លោកបៃដឹនបាននិយាយថាលោកពិតជានឹងជ្រើសរើសយកស្ត្រីម្នាក់ ហើយលោកសេនដឺបាននិយាយថា «គ្រប់លទ្ធភាពទាំងអស់»គឺលោកនឹងសម្រេចយក បើសិនជាលោកអាចរកបានបេក្ខនារីណាម្នាក់ដែលយល់ស្របនឹងគោលនយោបាយចម្រើននិយមរបស់លោក។
ប៉ុន្តែបេក្ខជនទាំងពីរបានប្រកែកគ្នាពីវិធីក្នុងការផ្តួលលោកត្រាំ ដែលជាមហាសេដ្ឋីអចលនទ្រព្យនិងជាអ្នកនយោបាយលើកដំបូង ដែលបានឈ្នះការបោះឆ្នោតឆ្នាំ២០១៦ហើយបានក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក៕