ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ Michigan ជា​រង្វាន់​ធំ​ក្នុង​ការ​បោះឆ្នោត​​បឋម​៦​រដ្ឋ​​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អង្គារ​នេះ


រូបឯកសារ៖ លោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ ​Vermont និងលោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក សន្ទនាគ្នាមុនការជជែកដេញដោលមួយ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ ​Vermont និងលោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក សន្ទនាគ្នាមុនការជជែកដេញដោលមួយ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នក​បោះឆ្នោត​នៅ​ក្នុងរដ្ឋ​ចំនួន​៦​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ​ នឹង​បោះឆ្នោត​ប្រកួត​យក​ការ​តែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតីពី​គណបក្ស​ប្រជាធិបតេយ្យ។ ការ​ផ្តោត​ជា​សំខាន់ ​គឺ​ទៅលើ​រដ្ឋ​ Michigan ភាគ​កណ្ដាល​សហរដ្ឋ​អាមេរិក ដែល​ការស្ទង់​មតិ​នៅ​ទី​នោះ​បង្ហាញ​ថា​ លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​អាមេរិក កំពុង​នាំ​មុខ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont ។

រដ្ឋ Michigan ជារដ្ឋ​មាន​ប្រតិភូ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ក្នុង​ថ្ងៃ​អង្គារ​នេះ ដោយ​មាន​ប្រតិភូ​ដែល​បេក្ខជនត្រូវ​ប្រជែង​យក​ចំនួន​ដល់​១២៥។

លោក Sanders ធ្លាប់​បាន​ឈ្នះ​រដ្ឋ​ Michigan នៅ​ក្នុង​ការការ​បោះឆ្នោត​បឋម​កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ការ​ស្ទង់​មតិ​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ បង្ហាញ​ថា លោក Sanders នៅ​ពី​ក្រោយ​លោក Biden ក្នុង​ចំនួន​ច្រើន។

ក្រៅ​ពី​រដ្ឋ Michigan ការ​បោះឆ្នោត​បឋម​នេះ​ក៏​មាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Washington, Missouri, Mississipi, Idaho និង​រដ្ឋ North Dakota។

នៅ​មុន​ការ​បោះឆ្នោត​៦​រដ្ឋ​ក្នុង​ថ្ងៃ​អង្គារ​នេះ លោក Biden កំពុង​នាំមុខ​ដោយ​មាន​ចំនួន​ប្រតិភូសរុប ៦៧០​ប្រតិភូ ខណៈ​ដែល​លោក​ Sanders មាន៥៧៤​ប្រតិភូ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP។ បេក្ខជន​ត្រូវ​ការ​ប្រតិភូ​សរុបចំនួន​១.៩៩១ ដើម្បី​អាច​ដណ្ដើម​យក​បេក្ខភាពប្រធានាធិបតី​ពី​បក្ស​បាន។

លោក Sanders ថ្លែង​ថា ​សហរដ្ឋ​អាមេរិក​ពេល​នេះ​ត្រូវ​ការគោលនយោបាយ​បែប​កំណែ​ទម្រង់​ខ្លាំង ដូច​ដែល​លោក​បាន​ស្នើ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជា​ជាង​គោលនយោបាយ​កណ្តាល​របស់​លោក Biden ដើម្បី​អាច​យក​ឈ្នះ​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​បាន៕

XS
SM
MD
LG