ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Biden បញ្ជា​ឲ្យ​ជំរុញ​សិទ្ធិ​បោះឆ្នោត​ស្មើ​គ្នា​នៅ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជា​ឲ្យ​ទីភ្នាក់ងារ​សហព័ន្ធ​នានាកាល​ពី​ថ្ងៃ​អាទិត្យ ​ចាត់​វិធានការ​ឲ្យ​បាន​សមរម្យ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​បោះឆ្នោត​ស្មើគ្នា ថ្វី​បើ​នឹង​មាន​ការ​តទល់​គ្នាដ៏​ធំ​មួយ​នៅ​សភា ​អំពី​សិទ្ធិ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស។

លោក​ប្រធានាធិបតី​អាមេរិក​បាន​ចុះហត្ថលេខា​លើ​បទបញ្ជានេះ នៅ​ខួប​ទី​៥៦ ​នៃ​«ថ្ងៃ​អាទិត្យ​ដ៏​បង្ហូរ​ឈាម» ឬ Bloody Sunday ដែល​ជា​ឧបទ្ទវហេតុ​ឆ្នាំ​១៩៦៥​ ដែល​មាន​សកម្មជន​សិទ្ធិ​ពលរដ្ឋប្រហែល​៦០០​នាក់​ បាន​ត្រូវ​វាយ​តប់​ដោយ​ទាហានរដ្ឋ Alabama នៅ​ពេល​ដែល​ពួកគេ​បាន​ព្យាយាម​ដើរ​ដង្ហែរ​ក្បួនទាមទារ​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង Selma។

ការ​វាយ​ប្រហារ​នេះ​ ជា​ចំណុច​របត់​មួយ​នៅ​ក្នុង​ចលនា​សិទ្ធិ​ពលរដ្ឋនៅ​សហរដ្ឋ​អាមេរិក ​ហើយ​បាន​នាំ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​សិទ្ធិ​បោះឆ្នោត​ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​១៩៦៥។

ដោយ​សារ​មាន​ការ​រាតត្បាត​ជំងឺកូវីដ១៩ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​ទៅ រដ្ឋ​មួយ​ចំនួន​បាន​បន្ធូរបន្ថយ​ច្បាប់​បោះឆ្នោត ដោយ​អនុញ្ញាត​ឱ្យ​អាច​បោះឆ្នោតមុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ​ឬ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ដោយ​មិនប្រាប់​ពី​ហេតុផល។

ក៏ប៉ុន្តែ​ក្រោយលោក Biden ជាប់​ឆ្នោត សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៅបណ្តា​រដ្ឋ​ដែល​លោក Biden ​បានឈ្នះ ឥឡូវ​នេះ​កំពុង​ព្យាយាម​អនុម័ត​ច្បាប់​ដែល​នឹង​ទប់ស្កាត់​សិទ្ធិ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អនាគត ដូច​ជា​ហាម​ឃាត់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​មុន​ថ្ងៃបោះឆ្នោត​ផ្លូវការ។

ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ថា សេចក្តី​ព្រាងច្បាប់​នេះ នឹង​ជួយ​ទប់ស្កាត់​ការ​ប៉ុនប៉ងរឹតត្បិត​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ខណៈ​ក្រុមសាធារណរដ្ឋ​ថា សេចក្តី​ព្រាងច្បាប់​នេះ​ ជា​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដែល​គេ​មិន​ចង់​បាន ទៅក្នុងការ​គ្រប់គ្រង​ការ​បោះឆ្នោត ដែល​កន្លង​មក​ជា​សមត្ថកិច្ច​របស់​រដ្ឋ​និមួយៗ៕

XS
SM
MD
LG