ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ជួប​ជាមួយ​ទីប្រឹក្សា​នៃ​ក្រុម​របស់​លោក​ដែល​ទទួល​បន្ទុក​កិច្ចការ​ផ្ទេរ​តំណែង​ប្រធានាធិបតី


លោក Joe Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែងនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Joe Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ជួប​ជាមួយ​ទីប្រឹក្សា​នៃ​ក្រុម​របស់​លោក​ដែល​ទទួល​បន្ទុក​កិច្ចការ​ផ្ទេរ​តំណែង​ប្រធានាធិបតី ស្រប​ពេល​ដែល​លោក​បន្ត​រៀបចំ​ផែនការ​ដើម្បី​គ្រប់គ្រង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ នៅពេល​ដែល​លោក​ត្រូវ​រំពឹង​ថា ​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ។

លោក Biden បាន​តែងតាំង​ទីប្រឹក្សា​ជាច្រើន​ឲ្យ​ពិនិត្យ​មើល​កិច្ច​ប្រតិបត្តិការ​នៃ​ទីភ្នាក់ងារ​នានា​នៅ​ទូទាំង​រដ្ឋាភិបាល។ លោក​បាន​និយាយកាលពី​ថ្ងៃ​អង្គារ​ថា លោក​អាច​ប្រកាស​តែងតាំង​បុគ្គល​មួយ​ចំនួន​សម្រាប់​មុខ​តំណែង​សំខាន់ៗ​ មុន​ថ្ងៃ​បុណ្យ​ឈប់​សម្រាក «ទិវា​ថ្លែង​អំណរគុណ (Thanksgiving)» ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា​ខាង​មុខ។

លោក​ប្រធានាធិបតី Donald Trump មិន​បាន​សុខចិត្ត​ចុះចាញ់​លោក Biden នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ទេ ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ចំនួន​ដើម្បី​ជំទាស់​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​សំខាន់ៗ​មួយ​ចំនួន។

ដោយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​រហូត​មក​ទល់​នឹង​ពេល​នេះ លោក​ប្រធានាធិបតី Trump បាន​អះអាង​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត បាន​ធ្វើ​ឲ្យ​លោក​ចាញ់​ការ​បោះឆ្នោត​នេះ។

ប៉ុន្តែ ទោះ​ជាយ៉ាង​ណា​ក៏ដោយ កន្លង​មក ចៅក្រម​បាន​ច្រានចោល​ពាក្យ​បណ្តឹង​ទាំង​អស់​របស់​លោក Trump ដោយ​នៅ​មាន​ពាក្យ​បណ្តឹង​បន្ថែម​ទៀត​ដែល​នៅ​មិន​ទាន់​ពិចារណា​នៅ​ឡើយ។ អ្នក​វិភាគ​ការ​បោះឆ្នោត​ដែល VOA និង​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ទៀត​បាន​សម្ភាសន៍ បាន​និយាយ​ថា ពួកគេគិត​ថា ការ​ប្រកាស​ជ័យជម្នះ​របស់​លោក Biden មិន​អាច​កែប្រែ​បាន​នោះ​ទេ។

បើ​យោង​តាម​ការ​រាប់​សន្លឹក​ឆ្នោត​ក្រៅ​ផ្លូវការ លោក Biden បាន​ឈ្នះ​ប្រតិភូ​ច្រើន​ជាង ២៧០ ដែល​ជា​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​អង្គ​បោះឆ្នោត ដែល​ជា​អ្នក​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក Biden កំពុង​នាំមុខ​នៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ចំនួន ២ ទៀត គឺ​រដ្ឋ Georgia និង​រដ្ឋ Arizona ដែល​នៅ​ទី​បំផុត​អាច​ឲ្យ​លោក​ទទួល​បាន​ប្រតិភូចំនួន ៣០៦ នៃ​អង្គ​បោះឆ្នោត​ដែល​មាន​ប្រតិភូ​សរុប​ចំនួន ៥៣៨ នាក់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG