ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះនៅសេតវិមានដើម្បីចរចារពីរឿងបង្កើនពិដានប្រាក់បំណុលអាមេរិក។
ក្រុមអ្នកចរចារនៃគណបក្សទាំងពីរបានជួបពិភាក្សាគ្នាជាង២ម៉ោងកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈដែលលោក Biden និងលោក McCarthy បាននិយាយគ្នាតាមទូរស័ព្ទ ដែលលោកទាំងពីរពណ៌នាថាមានភាពជាវិជ្ជមាននោះ។
លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីបានវិលត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនពីកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យដូចនេះថា«ការសន្ទនាតាមទូរស័ព្ទរបស់យើងប្រព្រឹត្តិទៅល្អ។ យើងនឹងជួបនិយាយគ្នានៅថ្ងៃចន្ទស្អែក។
ប្រធានរដ្ឋសភាលោក McCarthy និយាយថាការនិយាយគ្នាតាមទូរស័ព្ទបានផលល្អ។
លោក McCarthy និយាយដូចនេះថា «ខ្ញុំគិតថា យើងអាចដោះស្រាយបញ្ហាមួយចំនួនបាន ប្រសិនបើលោកប្រធានាធិបតីយល់ពីអ្វីដែលយើងចង់បាននោះ។ ក៏ប៉ុន្តែខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយលោកប្រធានាធិបតីតាំងពីដំបូងទីមកម្លេះ។ គឺយើងត្រូវតែចាយប្រាក់ ឱ្យបានតិចជាងឆ្នាំទៅ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចខ្វះលុយ ហើយមិនមានលទ្ធភាពដើម្បីឆ្លើយតបខាងហិរញ្ញវត្ថុ នៅត្រឹមថ្ងៃទី១ ខែមិថុនា ខាងមុខនេះ។
លោក Biden បាននិយាយកាលពីថ្ងៃថ្ងៃអាទិត្យថាក្រុមសមាជិករដ្ឋសភាខាងបក្សសា ធារណរដ្ឋត្រូវតែផ្លាស់ប្តូរជំហដ៏តឹងរឹងរបស់ខ្លួន ស្តីពីការចាយប្រាក់របស់រដ្ឋាភិបាល បើមិនដូច្នេះទេ វានឹងមិនមានកិច្ចព្រមព្រៀងណាមួយដោយយោងទៅលើតែការចង់បានរបស់បក្សសាធារណរដ្ឋនោះឡើយ។
លោក Biden បានថ្លែងនៅក្រោយកិច្ចប្រជុំកំពូល G-7 ដូចនេះថា«នេះជាពេលវេលាដែលក្រុមបក្សសាធារណរដ្ឋត្រូវតែទទួលស្គាល់ថាវានឹងមិនមានកិច្ចព្រមព្រៀងណាមួយ ដែលត្រូវធ្វើឡើងដោយគ្មានការឯកភាពគ្នាពីគណបក្សទាំងពីរនោះឡើយ ហើយមិនអាចកើតទៅរួចទេ បើផ្អែកតែទៅលើបក្សសាធារណរដ្ឋតែមួយប៉ុណ្ណោះ»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មានAP, AFP និង Reuters