ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​យ៉ាង​តានតឹង​នៅ​សេតវិមាន​ស្តីពី​កម្រិត​ប្រាក់​បំណុល ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀងគ្នា


​ប្រធាន​រដ្ឋសភា ​លោក Kevin McCarthy​ មេដឹកនាំ​ព្រឹទ្ធសភា​សំឡេង​ភាគតិច ​លោក Mitch McConnell ​ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅសេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ២០២៣។
​ប្រធាន​រដ្ឋសភា ​លោក Kevin McCarthy​ មេដឹកនាំ​ព្រឹទ្ធសភា​សំឡេង​ភាគតិច ​លោក Mitch McConnell ​ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅសេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ២០២៣។

សមាជិក​សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ​បាន​ចេញ​ពី​កិច្ចប្រជុំកិច្ច​យ៉ាង​តានតឹង​នៅ​សេតវិមាន​កាលពី​ថ្ងៃអង្គារ ​ជាមួយ​លោកប្រធានាធិបតី​ Joe Biden ​ស្តីពី​កម្រិត​ប្រាក់​បំណុល ​ដោយ​មាន​ការមួរម៉ង​ និង​មិនបាន​ទទួល​លទ្ធផល។ លោក Biden ​បាន​ព្យាយាម​រក្សា​ភាពស្ងប់ស្ងាត់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ពិភពលោក ​ដោយ​ថ្លែង​ថា​លោក​គិត​ថា​កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​ដោយមាន​«ផ្លែផ្កា‍» ​ហើយ​ថា​ក្រុមសមាជិក​សភា​និង​លោក ​នឹង​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃសុក្រ ​ខណៈដែល​សហរដ្ឋ​អាមេរិក ​ប្រឈម​នឹង​លទ្ធភាព​នៃ​ការខកខាន​មិន​អាច​សង​ប្រាក់​បំណុល​របស់​ខ្លួន ​ជាលើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ។

កាលពី​ល្ងាច​ថ្ងៃអង្គារ ​លោក Biden ​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋសភា ​លោក Kevin McCarthy​ មេដឹកនាំ​ព្រឹទ្ធសភា​សំឡេង​ភាគតិច ​លោក Mitch McConnell ​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​និង មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​លោក Hakeem Jeffries ​មេដឹកនាំ​សំឡេង​ភាគតិច​នៃ​រដ្ឋសភា​និង ​មេដឹកនាំ​ព្រឹទ្ធសភា​សំឡេង​ភាគច្រើន ​លោក Chuck Schumer ​ដើម្បី​ធានា​ថា​រដ្ឋាភិបាល​អាច​ខ្ចីប្រាក់​បន្ថែម​ដើម្បី​យក​ទៅ​សងប្រាក់​បំណុល​របស់​ខ្លួន។

ក្រោយ​កិច្ចប្រជុំ ​លោក Biden ​បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​កិច្ចព្រមព្រៀងគ្នា​នៅពេល​អនាគត។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ឡើង​វិញ​ថា​លោក​នឹងទទូចជាបន្ត ឱ្យសភា​អនុញ្ញាត​ឱ្យ​សហរដ្ឋអាមេរិក​អាចខ្ចីប្រាក់ចាយវាយ​ថែមទៀត។

លោកបាន​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​បញ្ជាក់​យ៉ាងច្បាស់​ក្នុង​កិច្ចប្រជុំ​របស់​យើង​ថា ​ការ​អត់លុយ​សង​បំណុល​ មិនមែន​ជា​ជម្រើស​មួយ​ទេ‍។ ខ្ញុំ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ​អាមេរិក​មិនមែន​ជា​ប្រទេស​អត់លុយ​សង​បំណុល​ទេ‍»។

សមាជិក​គណបក្ស​សាធារណរដ្ឋ ​ទទូច​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ ​បន្ថយ​ការចាយវាយ​ មុន​នឹង​ពួកគេ​យល់ព្រម​បង្កើន​ប្រាក់កម្ចី។ ចំណែក​លោក Biden ​ជជែក​ថា​សភា​មាន​តួនាទី​សងបំណុល​របស់​ខ្លួន ហើយ​ថា​រឿង​ទាំងពីរ​ ត្រូវ​ដោះស្រាយ​ដាច់ពីគ្នា។ ភាគី​ទាំង​សងខាង​បន្ទោសគ្នា​ទៅវិញ​ទៅមក ចំពោះ​ការដោះស្រាយ​មិនចេញ ​ហើយ​លោក Biden ​បាន​ថ្លែង​ថា៖​ «ការអត់​លុយ​សង​បំណុល​ជា​មហន្តរាយ​មួយ‍»។

ប៉ុន្តែ​លោក​ប្រធាន​រដ្ឋសភា McCarthy ​បាន​ចេញ​ពី​កិច្ចប្រជុំ ​ដោយ​បាន​បង្ហាញ​ការខកចិត្ត ​ពីព្រោះ​គ្មាន​ការជឿនលឿន​ក្នុង​កិច្ចប្រជុំ។ ប៉ុន្តែ​លោក​ McConnell​ បាន​ធានា​រ៉ាប់រង​ពលរដ្ឋ​អាមេរិកាំង​ថា​ សហរដ្ឋ​អាមេរិក ​នឹង​បន្ត​សងបំណុល​របស់ខ្លួន៕​

XS
SM
MD
LG