ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រកាស​គ្រា​អាសន្ន​នៅ​រដ្ឋ Mississippi ដែល​រង​ខ្យល់​ព្យុះ​កំបុតត្បូង


ស្ត្រី​ម្នាក់​រកមើល​របស់របរ​ដែល​នៅ​សេសសល់​នៅ​ផ្ទះ​សមាជិក​គ្រួសារ​របស់​អ្នកស្រី បន្ទាប់ពី​ខ្យល់​ព្យុះ​កំបុតត្បូង​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​២​ថ្ងៃ​មុន​នេះ នៅ​ក្នុង​ក្រុង Rolling Fork រដ្ឋ Mississippi នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។
ស្ត្រី​ម្នាក់​រកមើល​របស់របរ​ដែល​នៅ​សេសសល់​នៅ​ផ្ទះ​សមាជិក​គ្រួសារ​របស់​អ្នកស្រី បន្ទាប់ពី​ខ្យល់​ព្យុះ​កំបុតត្បូង​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​២​ថ្ងៃ​មុន​នេះ នៅ​ក្នុង​ក្រុង Rolling Fork រដ្ឋ Mississippi នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បាន​ចេញ​សេចក្តី​ប្រកាស​មួយកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដោយ​ដាក់​ស្រុក​ចំនួន​៤ របស់​រដ្ឋ Mississippi ថា​ជា​កន្លែងដែល​ទទួល​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ ក្រោយ​ពីមាន​ខ្យល់កំបុត​ត្បូង (tornado) ​ដ៏​ខ្លាំង​មួយ​ បាន​បោកបក់​ទៅ​លើ​ស្រុក​ទាំង​៤​នេះ​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ដែល​ធ្វើ​ឱ្យ​អគារ​បាក់រលំ និង​មនុស្ស​យ៉ាង​ហោចណាស់​ក៏២៦​នាក់​ដែរ​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​នេះ និងម្នាក់ទៀត​បាន​ស្លាប់ក្នុង​រដ្ឋ Alabama នៅ​ជាប់​គ្នា​នោះ។​ ​

ស្រុក​ទាំង​៤ របស់​រដ្ឋ Mississippi ដែល​ត្រូវ​បាន​ដាក់​ក្នុង​សេចក្តី​ប្រកាសគ្រោះ​មហន្តរាយ​នោះ​ មានស្រុក Carroll ស្រុក Humphreys ស្រុក Monroe និង​ស្រុក Sharkey។ ទី​ប្រជុំ​ជន Rolling Fork និង ​ទី​ប្រជុំជន ​Silver City ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​សារ​ព្យុះកំណាច​មួយ​នេះ។​

ការប្រកាស​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​បញ្ចេញ​ថវិកា​ជួយ​ពលរដ្ឋ​ក្នុង​ការស្តារ​ឡើងវិញ​ក្នុង​នោះ​មាន​ជំនួយ​អត់​សំណង​និង​កម្ចី។

រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ លោក​ Alejandro Mayorkas និង​ប្រធាន​ទី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​អាសន្នសហព័ន្ធ​ លោក​ស្រី​ Deanne Criswell ​បានទៅ​ដល់​រដ្ឋ Mississippi ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព៕​

XS
SM
MD
LG