ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ព្រមព្រៀង​គ្នា​លើ​កញ្ចប់​ជំនួយ​ថវិកា​​​វិបត្តិ​កូវីដ១៩​​ តម្លៃ​៩០០​ពាន់​លាន​ដុល្លារ


រូបឯកសារ៖ អគារ​វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ អគារ​វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

សភា​តំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រំពឹង​ថា នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​លើ​កញ្ចប់​ជំនួយថវិកា​ក្នុង​គ្រា​វិបត្តិ​ជំងឺ​កូវីដ១៩ ​ដែល​មាន​ទឹក​ប្រាក់៩០០​ពាន់​លាន​ដុល្លារ​ដែលនឹង​ផ្តល់​ការជួយ​ឧបត្ថម្ភដល់​ពលរដ្ឋនិង​អាជីវកម្មអាមេរិកាំង។

វិធានការ​នេះ កើត​មាន​ឡើង​បន្ទាប់ពី​ការ​ចរចា​អស់​ជាច្រើន​សប្តាហ៍​ ដែល​ក្នុង​អំឡុង​នោះ​ ​មេដឹកនាំគណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ បាន​ឈ្លោះ​ប្រកែក​គ្នា​អំពីថា​តើ​ប្រាក់​ប៉ុន្មាន​ដែល​រដ្ឋាភិបាលត្រូវ​ជួយ​ឧបត្ថម្ភ និងថា​តើ​ការផ្តោត​ការយក​ចិត្តទុកដាក់​គួរ​លើ​បញ្ហា​នានា​ដូច​ជាប្រាក់​ជំនួយ​ពេល​អត់ការងារ​ធ្វើ ​ឬផ្តោត​លើ​ការ​រក្សា​ការ​បើក​ចំហ​សកម្មភាព​សេដ្ឋកិច្ច​វិញ។

វិធានការ​នេះ ក៏​កើត​មាន​ឡើង​ក្នុង​អំឡុង​នៃ​ការកើនឡើង​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​យ៉ាង​ខ្លាំង ដោយ​សហរដ្ឋ​អាមេរិក​បាន​កត់​ត្រា​ការ​ឆ្លង​សរុបជិត​១៨​លាន​ករណី​ ដោយ​ការ​បន្ថែម​ជាង​២សែន​ករណី​ក្នុង​មួយ​ថ្ងៃ ហើយ​នឹង​ចំនួន​មនុស្ស​ស្លាប់​ជាង​៣១៧.០០០​នាក់​ មក​ទល់​នឹង​ពេល​នេះ។ នេះបើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វីរុស​កូរ៉ូណា​របស់​សាកល​វិទ្យាល័យ​ John Hopkins។​

មេដឹកនាំ​សភា​តំណាងរាស្ត្រ​និង​ព្រឹទ្ធសភា បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា វិធានការ​នេះ រួម​បញ្ចូល​ទាំង​ការ​ផ្តល់​ប្រាក់​ដោយ​ផ្ទាល់​ចំនួន​៦០០​ដុល្លារ​ទៅ​ឲ្យ​ប្រជាពលរដ្ឋអាមេរិកាំង​ភាគច្រើន ដោយ​មិនផ្តល់​ឲ្យ​អ្នក​ដែល​មាន​ប្រាក់​ចំណូល​លើស​ពី​៧៥.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ សេចក្តី​ព្រាង​ច្បាប់​ជំនួយ​វីរុស​កូរ៉ូណា​ដ៏ធំ​កាល​ពី​ខែ​មីនា បានផ្តល់​ប្រាក់​ជំនួយ​១ពាន់​២រយ​ដុល្លារក្នុង​ម្នាក់។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ក៏​រួម​បញ្ចូល​ទាំង​ប្រាក់​ចំនួន​២៨៤​ពាន់​លាន​ដុល្លារ​សម្រាប់​កម្មវិធី​ការពារ​មូលប្បទានប័ត្រ​បៀវត្សរ៍ (Paycheck Protection Program) ​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​នានា​អាច​បន្ត​រក្សា​ការងារ​ឲ្យ​បុគ្គលិក ​ក្នុង​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​រង​សម្ពាធ​នៃ​ការ​រាតត្បាត​ ដែល​អាច​បង្ខំ​ឲ្យ​បញ្ឈប់បុគ្គលិក​ពី​ការងារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG