លោកប្រធានាធិបតី Joe Biden បានបណ្តេញប្រធានទីភ្នាក់ងារដែលមើលការខុសត្រូវលើក្រុមហ៊ុន Fannie and Freddie Mac ដែលផ្តល់កម្ចីហិរញ្ញវត្ថុសម្រាប់អចលនទ្រព្យបន្ទាប់ពីការសម្រេចរបស់តុលាការកំពូលដែលធ្វើឲ្យកាន់តែងាយស្រួលសម្រាប់លោកប្រធានាធិបតីសម្រេចការដកតំណែងនេះ។
នៅក្នុងការសម្រេចដោយសំឡេង៧ទល់នឹង២ តុលាការបាននិយាយថាការសម្រេចដែលថាប្រធានទីភ្នាក់ងារសហព័ន្ធសម្រាប់ហិរញ្ញវត្ថុអចលនទ្រព្យ (FHFA) អាចត្រូវបានដកចេញតែក្នុងករណីដើម្បីបុព្វហេតុណាមួយនោះគឺមិនស្របរដ្ឋធម្មនុញ្ញទេ។
លោកចៅក្រម Samuel Alito បានសរសេរនៅក្នុងការសម្រេចដោយមតិភាគច្រើនថា «អំណាចដកតំណែងនេះជួយឲ្យលោកប្រធានាធិបតីមានឥទ្ធិពលត្រួតត្រាលើអ្នកនៅក្រោមបង្គាប់ដែលលោកត្រូវការដើម្បីអនុវត្តភារកិច្ចរបស់លោកក្នុងឋានៈជាប្រធានអង្គនីតិប្រតិបត្តិហើយនឹងធ្វើឲ្យប្រាកដថាអ្នកនៅក្រោមបង្គាប់ទាំងនោះបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងស្របតាមគោលនយោបាយដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យប្រធានាធិបតី»។
ក្រសួងយុត្តិធម៌បានធ្វើការសម្រេចប្រហាក់ប្រហែលគ្នាមួយទាក់ទិននឹងការិយាល័យការ ការពារហិរញ្ញវត្ថុអតិថិជនកាលពីឆ្នាំទៅ។
ភ្លាមៗបន្ទាប់ពីការសម្រេចរបស់តុលាការលោក Mark Calabria ប្រធានទីភ្នាក់ងារសហព័ន្ធសម្រាប់ហិរញ្ញវត្ថុអចលនទ្រព្យ (FHFA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំគោរពការសម្រេចរបស់តុលាការកំពូលនិងអំណាចរបស់លោកប្រធានាធិបតីដកតំណែងនាយក FHFA»។
លោក Calabria ត្រូវបានលោកអតីតប្រធានាធិបតី Donald Trump ស្នើតែងតាំងឲ្យដឹកនាំទីភ្នាក់ងារនេះហើយត្រូវបានអនុម័តឲ្យកាន់តំណែងនោះនៅឆ្នាំ២០១៩រយៈពេល៥ឆ្នាំ។
ទីភ្នាក់ងារនេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធដោយបញ្ជាក់ថា លោក Biden បានតែងតាំងអ្នកស្រី Sandra Thompson ធ្វើជាប្រធានស្តីទីរបស់ទីភ្នាក់ងារនេះ។
អ្នកស្រី Thompson បានបម្រើការងារជាអនុប្រធានផ្នែកបេសកកម្មផ្ទះសម្បែងរបស់ទីភ្នាក់ងារនេះហើយបាននិយាយថា អ្នកស្រីមានកិត្តិយសបានទទួលតំណែងជានាយកស្តីទីរហូតដល់នាយកអចិន្ត្រៃយ៍ទទួលបានការតែងតាំង៕