ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅពេល​បទ​មនុស្សឃាត​កើន​ឡើង លោក ​Biden ​ជំរុញ​ចំណាត់​ការ​ត្រួតត្រា​កាំភ្លើង​កាន់តែ​ខ្លាំង​ឡើង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​មួយ​ជាមួយ​ក្រុម​មន្ត្រី​គ្រប់គ្រង​ភាព​អាសន្ន​ដើម្បី​ពិភាក្សា​អំពី​ការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​ខ្លាំង នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​មួយ​ជាមួយ​ក្រុម​មន្ត្រី​គ្រប់គ្រង​ភាព​អាសន្ន​ដើម្បី​ពិភាក្សា​អំពី​ការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​ខ្លាំង នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

នៅពេល​ដែល​រដូវ​ក្តៅ​ចូល​មក​ដល់ អំពើ​ហិង្សា​ដោយ​កាំភ្លើង​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះទេ ​ដែល​ជំរុញ​ឲ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ​Joe Biden ​ចាត់​វិធានការ​ដ៏​ស្មុគស្មាញ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ។​

នៅ​ក្នុង​សន្ទរកថា​នៅ​រសៀល​ថ្ងៃ​ពុធ​ លោក​ Biden ​មាន​គម្រោង​ប្រកាស​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​ជា​បន្ត​បន្ទាប់​ដើម្បី​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម​ហិង្សា​ ​ហើយគេ​រំពឹង​ថា លោក​នឹង​ធ្វើ​ការ​អំពាវនាវ​ជាថ្មី​ឲ្យ​សភា​អនុម័ត​ច្បាប់​គ្រប់គ្រង​កាំភ្លើង។​

នៅ​ក្នុង​ទីក្រុង​ញូវយ៉ក មាន​ឃាតកម្ម​ចំនួន​១៩៤​នៅ​ឆ្នាំ​នេះ ​គឺ​កើន​ឡើង​ពី​ចំនួន​១៧១​ករណី​ក្នុង​រយៈ​ពេល​ដូច​គ្នា​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​ទៅ។ នេះ​បើ​តាម​ទិន្នន័យ​ថ្មីៗ​បំផុតរបស់​ប៉ូលិស។ ក្នុង​ទីក្រុង​ Los Angeles ​ដែល​ជា​ទីក្រុង​ធំបង្អស់​ទី២​របស់​សហ​រដ្ឋ​អាមេរិក​ ​ឃាតកម្ម​មាន​ចំនួន​១៤៨​ករណី​គឺ​កើន​ឡើង​ពី​ចំនួន​១២១​ករណី បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ទៅ​ ​រីឯ​ទីក្រុង​ Chicago ​ដែល​ជាទីក្រុង​ធំ​បំផុត​ទី​៣​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក មនុស្ស​ឃាត​បាន​កើន​ឡើង​ដល់​៣០៧​នៅ​ឆ្នាំ​នេះ​ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន​ដែល​មាន​ចំនួន​២៩៦​ករណី​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា។​ ​

ការកើន​ឡើង​នូវ​មនុស្ស​ឃាត​និង​ការ​បាញ់​ប្រហារ​បាន​ចាប់ផ្តើម​នៅ​រដូវ​ក្តៅ​ឆ្នាំទៅ​ បន្ទាប់ពី​ទីក្រុង​នានា​បាន​ចាប់ផ្តើម​បន្ធូរ​បន្ថយ​ការរឹតត្បិត​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។​

ការស្ទង់​មតិ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ Major Cities Chiefs Association ​ដែល​ជា​សមាគម​អង្គការ​វិជ្ជាជីវៈ​របស់នាយក​ប្រតិបត្តិ​ប៉ូលិស​ពី​សហ​រដ្ឋ​អាមេរិក ​និង​កាណាដា ​បាន​ឲ្យ​ដឹង​ថា ​មាន​ឃាតកម្ម​ចំនួន​៨0៧៧​ករណី​នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន​៦៧​នៅ​ក្នុង​ឆ្នាំ​២០២០ ​ដែល​កើនឡើង​ចំនួន​៣៣​ភាគ​រយ​ បើប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០១៩ ដែលមាន​តែ​ចំនួន៦០៨៧​ករណី៕

XS
SM
MD
LG