នៅក្នុងព្រឹត្តិការណ៍ដ៏ធំដំបូងមួយចាប់ពីពិធីស្បថចូលកាន់តំណែងលោកប្រធានាធិបតី Joe Bidenបានប្រារព្ធពិធីជប់លៀងនៅសេតវិមានដើម្បីអមអរពិធីបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិកថ្ងៃទី៤ ខែកក្កដាកាលពីថ្ងៃអាទិត្យ។
លោក Biden ថ្លែងថា៖ «ថ្ងៃនេះកាន់តែកៀកជាងពេលណាៗទំាងអស់ក្នុងការប្រកាសឯករាជ្យពីវីរុសដ៏កាចសាហាវនេះ»។
សេតវិមានបានបើកទទួលស្វាគមន៍ភ្ញៀវដែលត្រូវបានអញ្ជើញរាប់រយនាក់កាលពីថ្ងៃអាទិត្យដោយមានអាហារ Hamburgers និងអាហារផ្សេងៗទៀត។
ក្នុងចំណោមភ្ញៀវទាំងនោះមានបុគ្គលិកជួរមុខដែលជួយទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩និងគ្រួសាររបស់ទាហាន។
នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់ភ្ញៀវកាលពីថ្ងៃអាទិត្យលោក Biden លើកទឹកចិត្តឲ្យអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ឲ្យទៅចាក់វ៉ាក់សាំង។
លោកថ្លែងថា៖ «ជនរួមជាតិអាមេរិកាំងទំាងអស់ការចាក់វ៉ាក់សាំងគឺជារឿងស្នេហាជាតិដែលអ្នកអាចធ្វើបាន»។
រដ្ឋបាលរបស់លោក Biden បានកំណត់ថាត្រឹមថ្ងៃ៤ ខែកក្កដានេះត្រូវចាក់វ៉ាក់សាំងឲ្យបាន៧០%នៃពលរដ្ឋអាមេរិកាំងពេញវ័យទាំងអស់។ ពលរដ្ឋអាមេរិកាំងនៅទូទាំងប្រទេសបានចាក់វ៉ាក់សំាងបានប្រមាណ៦៧%យ៉ាងហោចណាស់១ដូស។
ពិធីកាលពីថ្ងៃអាទិត្យក៏ត្រូវបានកត់សម្គាល់ថាជាព្រឹត្តិការណ៍ដំបូងមួយនៃព្រឹត្តិការណ៍ដែលរបងដែលត្រូវបានដាក់ព័ទ្ធជុំវិញសេតវិមានក្នុងអំឡុងពេលមានបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិសក្នុងឆ្នាំ២០២០និងការវាយលុកថ្ងៃទី៦ ខែមករាទៅលើវិមានសភានោះត្រូវបានដកចេញ។ឥឡូវអ្នកទេសចរអាចដើរទៅដល់របងខាងជើងវាលស្មៅនៅមុខសេតវិមាន។
ទោះបីនេះជាព្រឹត្តិការណ៍ធំបំផុតចាប់តាំងពីលោក Biden បានចូលកាន់តំណែងនៅក្នុងខែមករាក៏ដោយក៏ចំនួនមនុស្សមានតិចជាងព្រឹត្តិការណ៍ទិវាឯករាជ្យនៅសេតវិមានកាលពីប៉ុន្មានឆ្នាំមុន។ដោយមានការបាញ់កាំជ្រួចនិងការប្រមូលផ្តុំជនជាតិអាមេរិកបានប្រារព្ធទិវាឯករាជ្យលើកទី២៤៥របស់ខ្លួននៅឆ្នាំនេះ ប្រកបដោយអត្ថន័យជាថ្មីវិញ ខណៈករណីថ្មីនៃជំងឺកូវីដ១៩បានបន្តធ្លាក់ចុះប៉ុន្តែក៏មានការរំឭកផងដែរថានៅសហរដ្ឋអាមេរិកមានមនុស្សជាង៦០ម៉ឺននាក់បានស្លាប់ដោយសារជំងឺនេះគឺច្រើនជាងប្រទេសណាៗទាំងអស់៕
ព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters។