លោកប្រធានាធិបតី Joe Biden មិនសំចៃពាក្យថ្កោលទោសការបោះឆ្នោតកាលពីថ្ងៃអាទិត្យក្នុងប្រទេសនីការ៉ាហ្គា ដោយលោកហៅថា ជា«ការបោកប្រាស់» បន្ទាប់ពីប្រធានាធិបតីដ៏យូរលង់របស់ប្រទេសនោះ បានចាប់គូប្រជែងដាក់គុក និងបានគាបសង្កត់យ៉ាងឃោរឃៅដើម្បីកាន់តំណែង៤អាណត្តិជាប់ៗគ្នា។
ប៉ុន្តែគិតត្រឹមថ្ងៃចន្ទ លោក Biden មិនទាន់បានចុះហត្ថលេខាលើច្បាប់ដែលចំណាយពេលជាច្រើនខែក្នុងសភាដើម្បីទប់ស្កាត់បក្ខពួករបស់ប្រធានាធិបតីនីការ៉ាហ្គាទេ។ ច្បាប់ RENACER (Reinforcing Nicaragua's Adherence to Conditions for Electoral Reform Act) ដែលតម្រូវឱ្យប្រទេសនីការ៉ាហ្គាគោរពតាមលក្ខខណ្ឌកំណែទម្រង់ការបោះឆ្នោត បានអនុម័តដោយមានការគាំទ្រពីគណបក្សទាំងពីរ ហើយបានបញ្ជូនទៅដល់តុរបស់លោក Biden កាលពីសប្តាហ៍មុន។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្វីដែលប្រធានាធិបតី នីការ៉ាហ្គា លោក Daniel Ortega និងភរិយាឈ្មោះ Rosario Murillo ដែលជាអនុប្រធានាធិបតី បានរៀបចំ គឺជាការបោះឆ្នោតបោកប្រាស់ ដែលមិនសេរី ឬមិនយុត្តិធម៌ ហើយប្រាកដណាស់ថា មិនប្រជាធិបតេយ្យ»។
លោកបានប្តេជ្ញាថា នឹង«ប្រើប្រាស់វិធានការការទូត និងសេដ្ឋកិច្ចដើម្បីគាំទ្រប្រជាជននីការ៉ាហ្គា និងឱ្យរដ្ឋាភិបាល Ortega-Murillo ទទួលខុសត្រូវ»។
នៅក្នុងសុន្ទរកថារាយការណ៍ដោយបណ្តាញព័ត៌មាន La Voz del Sandinismo ដែលគាំទ្រលោក Ortega អ្នកស្រីអនុប្រធានាធិបតី Murillo ត្រូវបានដកស្រង់សម្តីថា ការបោះឆ្នោតនោះ មានយុត្តិធម៌។ អ្នកស្រីថា «យើងទទួលបានសន្លឹកឆ្នោតទាំងនេះដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់។ មានការងារជាច្រើនដែលយើងត្រូវធ្វើ ដើម្បីបំពេញតាមសេចក្តីប្រាថ្នា និងក្តីសុបិនរបស់គ្រួសារនីការ៉ាហ្គា»។
អ្នកស្រីថា អ្នកស្រី និងស្វាមី បានទទួលសារអបអរសាទរពីប្រទេសរុស្ស៊ី គុយបា វ៉េណេស៊ុយអេឡា និងបូលីវី។
អង្គការព័ត៌មានអន្តរជាតិជាច្រើន មិនអាចចូលទៅក្នុងប្រទេសនីការ៉ាហ្គាដើម្បីរាយការណ៍អំពីការបោះឆ្នោតនោះទេ៕