ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាលលោក Biden សន្យា​ការពារ​ដី​៥៣​លាន​ហិកតា​នៅ​រដ្ឋ Alaska និង​លុបចោល​ការជួលដី​សម្រាប់​ខួង​រក​ប្រេង​និង​ឧស្ម័ន


រូបឯកសារ៖ នៅក្នុង​រូបថត​ឯកសារ​ដែល​មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​នេះ​ ហើយ​ដែល​ផ្តល់​ឱ្យ​ដោយ​សេវាកម្ម​ត្រី និង​សត្វព្រៃ​របស់​សហរដ្ឋអាមេរិក បង្ហាញ​ពី​សត្វ caribou មកពី​ហ្វូង Porcupine caribou ធ្វើចំណាកស្រុក​ទៅកាន់វាលទំនាបឆ្នេរសមុទ្រ​នៃជម្រកសត្វព្រៃជាតិ​អាកទិកនៅ​ភាគឦសាន រដ្ឋ Alaska។
រូបឯកសារ៖ នៅក្នុង​រូបថត​ឯកសារ​ដែល​មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​នេះ​ ហើយ​ដែល​ផ្តល់​ឱ្យ​ដោយ​សេវាកម្ម​ត្រី និង​សត្វព្រៃ​របស់​សហរដ្ឋអាមេរិក បង្ហាញ​ពី​សត្វ caribou មកពី​ហ្វូង Porcupine caribou ធ្វើចំណាកស្រុក​ទៅកាន់វាលទំនាបឆ្នេរសមុទ្រ​នៃជម្រកសត្វព្រៃជាតិ​អាកទិកនៅ​ភាគឦសាន រដ្ឋ Alaska។

កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងគ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​កេរ​ដំណែល​វប្បធម៌​អាមេរិកនិយាយ​ថា​ ខ្លួននឹងលុប​ចោល​ការជួលដី៧កន្លែង​សម្រាប់ខួង​រក​ប្រេង​និង​ឧស្ម័ន​នៅ​ក្នុងទីជម្រក​សត្វព្រៃជាតិនៅតំបន់​អាកទិក​នៃ​រដ្ឋ Alaska ហៅ Arctic National Wildlife Refuge ហើយ​នៅ​ពេល​ជាមួយគ្នានេះ​ថែរក្សាផ្ទៃដី​ជាង​ពាក់​កណ្តាល​នៃ​តំបន់សម្រាប់​ខួងរក​ប្រេងជាតិ​នៅ​ក្នុង​តំបន់ North Slope នៃ​រដ្ឋ Alaska ផង​ដែរ។

តំបន់សម្រាប់​ខួងរក​ប្រេងជាតិ​នៅរដ្ឋ Alaska (NPR-A) និង​ទីជម្រក​សត្វព្រៃជាតិនៅតំបន់​អាកទិកនៃ​រដ្ឋ Alaska (ANWAR) ដែល​ជា​កន្លែងរស់នៅ​នៃ​សត្វព្រៃ​ចម្រុះ កំពុង​ត្រូវ​គំរាម​កំហែងដោយវិបត្តិប្រែប្រួល​អាកាសធាតុ​ មានរួម​សត្វ caribou ខ្លាឃ្មុំតំបន់​ប៉ូល​ និង​សត្វស្លាប shorebirds។

តំបន់សម្រាប់​ខួងរក​ប្រេងជាតិ​នៅរដ្ឋ Alaska តំបន់សម្រាប់​ខួងរក​ប្រេងជាតិ​នៅរដ្ឋ Alaska (NPR-A) ត្រូវ​ការពារ​ដោយ​សហព័ន្ធ ​មាន​ផ្ទៃដី៩៣លានហិកតា ត្រូវ​ចាត់ទុក​ដោយ​ឡែក​សម្រាប់​ធ្វើឱ្យមានតុល្យភាព​រវាងការអភិវឌ្ឍ​ប្រេងនិង​ឧស្ម័ន​ និងការការពារដីធ្លី​មាន​បញ្ហា​រសើប​ត្រូវប្រើ​ប្រាស់​ដោយ​ក្រុមមនុស្ស​ម្ចាស់ស្រុក​ដើម​នៃ​រដ្ឋ Alaska។

កាល​ពី​ខែ​មីនា​ កន្លងទៅនេះ លោកប្រធានាធិបតី Joe Biden បាន​យល់ព្រម​តាមគម្រោង Willow Project ដែលជាផែនការ​មានប្រាក់រាប់ពាន់លានដុល្លារ​សម្រាប់​ខួង​យក​ប្រេងនៅ​ទីនោះ ដែល​ជា​ការ​ផ្ទុយពី​ការសន្យា​របស់លោក​នៅ​ពេល​ឃោសនា​បោះឆ្នោត​ដែល​ថា «គ្មាន​ការខួង​យក​ប្រេងក្នុង​ដីសហព័ន្ធ​ទៀត​ទេ»។

លោក Biden បាននិយាយថា​ លោក​គ្មានជម្រើស​ទេ តែ​ធ្វើ​តាមកិច្ចព្រមព្រៀង​នេះ​ដោយ​មិនរំភើបចិត្ត​ដែល​ត្រូវ​បានធ្វើ​ច្រើនឆ្នាំ​មក​ហើយ​មុនពេល​លោក​កាន់តំណែង​ប្រធានាធិបតី ទោះ​ជារដ្ឋបាល​លោក​បាន​បន្ថយ​ទំហំ​ដី​នោះ​ក៏ដោយ។

នៅ​ពេលលោក Biden ​ប្រកាស​ថា​ គម្រោង Willow Project នឹងមានធ្វើ​ទៅមុខ លោ​ក​ក៏​បាន​លាតត្រដាងផែនការ​មិន​ធ្លាប់​មានពី​ពេល​មុនៗដោយផ្តល់«កិច្ចការពារ​អតិបរិមា»​ដល់​ដី៥២លាន​ហិកតា​នៃ​តំបន់​សម្រាប់​ខួងរក​ប្រេង​ជាតិ​នៅរដ្ឋ Alaska (NPR-A)។ កាល​ពី​ថ្ងៃ​ពុធទី៦ ខែកញ្ញា លោក​បានធ្វើឱ្យ​ផែនការ​ទាំងនោះ​មាន​ភាព​ជា​ផ្លូវការ។ ផ្ទៃដី​ប្រមាណ៤០លាន​ហិកតា​នឹង​មិនមាន​ការខួង​យកប្រេង​និងឧស្ម័នក្នុងពេល​អនាគត​ទេ។ តែ​ផ្ទៃដី៧លាន​ហិកតា​អាច​ត្រូវ​ជួល​សម្រាប់​ខួង​យក​ប្រេង​ដោយមាន​ការ​ត្រួតពិនិត្យ។

លោកស្រី Deb Haaland ​រដ្ឋម​ន្ត្រីក្រសួង​ចាត់ចែង​ដី​ធ្លី​សាធារណៈ​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុងសន្និសីទ​កាសែត​មួយ​ថា «យើង​ត្រូវ​ធ្វើ​អ្វីទាំងអស់​ក្នុងការគ្រប់គ្រង​របស់​យើង​ដើម្បីគិតគូរ​និងការពារ​ប្រព័ន្ធ​អេកូឡូស៊ី​មិនមាំទាំនេះ»៕

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press និង Reuters។

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG