ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Biden ផ្អាក​ការខួង​យក​ប្រេង​នៅក្នុង​ជម្រក​សត្វ​ព្រៃ Alaska


រូបឯកសារ៖ អ្នកតវ៉ា​កាន់ទង់ ក្នុង​អំឡុងពេល​សវនាការ​ជា​សាធារណៈ​ស្តីពី​សេចក្តី​ព្រាង​ផែនការ​បរិស្ថាន​ស្តីពី​ការដាក់​ឲ្យ​ដេញថ្លៃ​តំបន់​បូម​ប្រេង​នៅក្នុង​ជម្រក​សត្វព្រៃ Arctic នៅ​រដ្ឋ Alaska កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ខ្លួន​បាន​បញ្ឈប់​សកម្មភាព​អភិវឌ្ឍន៍​ប្រេង​នៅក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ Arctic ក្នុង​រដ្ឋ Alaska ដែល​ផ្ទុយ​នឹង​លោក​អតីត​ប្រធានាធិបតី Donald Trump ដែល​អនុញ្ញាត​ឱ្យ​ខួង​ប្រេង។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​និង​កេរ​ដំណែល​វប្បធម៌​បាន​បញ្ជាក់​ថា ​ក្រសួងនេះ​បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​អំពី​ការ​ផ្អាក​នេះ​ ដោយ​រង់ចាំ​ការ​ត្រួត​ពិនិត្យ​បរិស្ថាន​ដ៏​ទូលំទូលាយដែល​នឹង​កំណត់​ថា តើ​ការផ្តល់​សម្បទាន​នៅ​ក្នុង​តំបន់​ដែល​គេ​ហៅ​ថា ANWR នេះ​ គួរតែ​ត្រូវ​បាន​បញ្ជាក់​សារជាថ្មី ​ឬ​ស្ថិត​នៅ​ក្រោម​វិធានការ​កាត់​បន្ថយ​បន្ថែម​ទៀត។

សេចក្តី​ប្រកាស​នេះ ​ទាក់ទង​នឹង​ការ​ស្វែងរក​ប្រេង​ដែល​មាន​ជម្លោះ​យូរ​មកហើយ​របស់​ក្រុមហ៊ុន​ប្រេង​ដើម្បី​ខួង​នៅ​ក្នុង​ដែន​ទឹក​មាន​បញ្ហា​រសើប​នេះ។ ការជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍបាន​កើន​សន្ទុះ​ បន្ទាប់​ពី​លោក Trump បាន​ប្រកាស​ផែនការ​ផ្តល់​សម្បទាន​កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​មុន ​គឺ​ភ្លាមៗ​បន្ទាប់ពី​លោក​ចាញ់​លោក Biden នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី។

មន្ត្រី​អាមេរិក ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​តំបន់​បូម​ប្រេង​ចំនួន​ ១១​ កន្លែង ​នៅលើ​ដី​សម្បទាន​មួយនៅខែ​មករា ​ដែល​មាន​ផ្ទៃដី​ប្រមាណ១,៦លាន​អារ៍។ ក្រុមហ៊ុន​ប្រេង​ធំៗ​បាន​ចូលរួម​ដេញ​ថ្លៃ ​ហើយ​កិច្ច​សន្យា​សម្បទាន​ចំនួន​៩​ បាន​ទៅ​អាជ្ញាធរ​អភិវឌ្ឍន៍​និង​នាំចេញ​ឧស្សាហកម្ម Alaska ដែល​ជា​ទីភ្នាក់ងារ​រដ្ឋ​ រីឯ​សម្បទាន​ពីរ​បាន​ទៅ​ក្រុមហ៊ុន​តូចៗ។ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​លោក Biden បាន​សន្យាថា នឹង​ការពារ​តំបន់ ANWR។

លោកស្រី Gina McCarthy ទីប្រឹក្សា​សេតវិមាន​ផ្នែក​អាកាសធាតុ​ បាន​កត់​សម្គាល់​ពី​ការ​សន្យា​របស់​លោក Biden និងបាន​និយាយ​ថា ការ​ផ្លាស់ប្តូរ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​របស់​លោក​ថា «ទ្រព្យ​សម្បត្តិ​ជាតិ​ គឺ​ជា​គ្រឹះវប្បធម៌​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​របស់​យើង»។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។

លោកស្រី McCarthy បាន​បន្ថែម​ទៀត​ថា «លោក Biden សូម​អរគុណ​ចំពោះ​ការចាត់​វិធាន​ការ​ភ្លាមៗ​របស់​ក្រសួង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​និង​កេរ​តំណែល​វប្បធម៌​ក្នុង​ការ​ព្យួរ​រាល់​សម្បទាន​ទាំងអស់​រង់ចាំ​ការ​ពិនិត្យ​ឡើងវិញ​នូវការ​សម្រេច​ចិត្ត​សម្រេច​ចិត្ត​នៅ​ថ្ងៃចុង​ក្រោយ​របស់​រដ្ឋបាល​មុន»។

អ្នក​បរិស្ថាន​បាន​អះអាង​ជាយូរ​មក​ហើយ​ថា ការ​ការពារ​តំបន់ ​ANWR ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ការពារ​ខ្លា​ឃ្មុំ​តំបន់​ប៉ូល​ និង​សត្វព្រៃ​ដែល​ងាយ​រងគ្រោះ​ផ្សេង​ទៀត​និង​សម្រាប់​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​ ដែល​តាម​ប្រមាញ់​សត្វ​ក្តាន់​ស្នែងវែង​ ឬ caribou នៅ​ក្នុង​តំបន់៕

XS
SM
MD
LG