ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​ថា​​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​របស់​អាមេរិក​ឆ្នាំ​២០២២​


ប្រធានាធិបតី​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ការិយាល័យ​នាយក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​អាមេរិក​ (ODNI)​ នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden​ ថ្លែង​សុនុ្ទករថា​មួយ​នៅ​ថ្ងៃ​អង្គារ​នៅ​ការិយាល័យ​នាយក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​អាមេរិក​ (ODNI)​ ថា៖ «ប្រទេស​រុស្ស៊ី​បាន​ចូល​ជ្រៀត​ជ្រែក​រួច​ហើយ​នូវ​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​ក្រោយ»។​

និយាយ​យោង​របាយ​ការណ៍​សម្ងាត់​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​សម្រាប់​រូប​លោក​ ​ លោក ​Biden​ និយាយ​ថា៖​ «សូម​អ្នក​មើល​ទង្វើ​របស់​ប្រទេស​រុស្ស៊ី​ដែល​បាន​ធ្វើ​រួច​ហើយអំពី​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០២២​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត»។

លោក ​Biden ​បន្ត​ថា៖​ «សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បែប​នេះ​ជា​ការ​រំលោភ​ទាំង​ស្រុង​នូវ​បូរណភាព​របស់​យើង»។​ទោះ​បី​យ៉ាង​ណាក្តី​ លោក​ Biden ​មិន​បាន​បក​ស្រាយ​លម្អិត​នោះ​ទេ​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​តំណាង​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​ប្រមាណ​១២០​នាក់​ដែល​បាន​មក​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ការិយាល័យ​នាយក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​អាមេរិក​នៅ​ក្នុង​រដ្ឋ​ Virginia​ ភាគ​ខាង​ជើង​នោះ។​

អ្នក​ស្រី​ Emily Harding​ នាយិការង​និង​ជា​អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​សន្តិសុខ​អន្តរជាតិ​នៃ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា៖ ​«លោក​ Biden ​ជា​ប្រធានាធិបតី​អាមេរិក។​លោក​អាច​លើក​យក​រឿង​សម្ងាត់​មក​និយាយជា​សាធារណៈ​នៅ​ពេល​ណា​ដែល​លោក​ចង់​និយាយ»។​

លោក​ប្រធានាធិបតី​ក៏​បាន​ប៉ាន់​ស្មាន​អំពី​ការ​ចូល​លួច​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​កំពុង​មាន​ការ​កើន​ឡើង​ដោយ​យក​អាមេរិក​ធ្វើ​ជាគោល​ដៅហើយ​រដ្ឋបាល​របស់​លោក​បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​ចោរ​លួច​ព័ត៌មានវិទ្យា​គាំទ្រ​ដោយ​រដ្ឋ​ក្នុង​ប្រទេស​ចិន​និង​ប្រតិបត្តិករ​មាន​និទណ្ឌភាព​ក្នុង​ប្រទេស​រុស្ស៊ី​ផង​ដែរ៕​

XS
SM
MD
LG