អតីតប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់ ដែលត្រូវបានបណ្ដេញចេញពីផ្ទះសម្បែង ដោយអាជ្ញាធររដ្ឋាភិបាល ដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលអភិវឌ្ឍន៍តំបន់នោះ បានបន្តទាមទារសំណងបន្ថែមពីធនាគារពិភពលោក ដែលខកខានមិនបានអនុវត្តគម្រោងឆ្នាំ២០០៦របស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគេ។
អ្នកស្រី អ៊ឹម ស្រីទូច តំណាងប្រជាពលរដ្ឋបានបន្ទោសធនាគារពិភពលោកថា ជាដើមហេតុនាំឲ្យ អតីតប្រជាពលរដ្ឋនៅតំបន់បឹងកក់ រងទុក្ខលំបាកដោយការបណ្ដេញចេញ។
អ្នកស្រី បន្តថា រឿងទាំងនេះកើតឡើងដោយសារធនាគារនេះ មិនបានពិនិត្យតាមដានឲ្យបានល្អិតល្អន់ទៅលើថវិកាដែលបានប្រើប្រាស់ក្នុងការអនុវត្តគម្រោងរបស់ខ្លួន។
«គាត់អត់បានតាមដានលុយនេះ ធ្វើឲ្យរដ្ឋាភិបាលយកលុយនេះ ហើយយកទៅបណ្ដេញពួកយើងចេញទាំងសាហាវឃោរឃៅ ដែលធ្វើឲ្យពួកយើងអស់ផ្ទះ អស់ដី។ ចេញទៅហ្នឹងរងគ្រោះ វេទនា ខ្លះអត់ផ្ទះនៅ ជំពាក់បំណុលគេ ធ្លាក់ខ្លួនឈឺ អត់លុយមើលស្លាប់ជាបន្តបន្ទាប់។ អញ្ចឹង ធនាគារពិភពលោក ត្រូវតែទទួលខុសត្រូវនៅភាពក្រីក្ររបស់ពួកយើង»។
អ្នកស្រី បន្ថែមថា មន្ត្រីរបស់ធនាគារពិភពលោកបញ្ជាក់ថា ការជួបប្រជុំពិភាក្សាមួយរវាងធនាគារពិភពលោកនិងប្រជាជនដើម្បីរកដំណោះស្រាយ នឹងអាចធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ។
លោក ប៊ូ សារឿន មន្ត្រីទំនាក់ទំនងរបស់ធនាគារពិភពលោក សុំមិនធ្វើសេចក្ដីអធិប្បាយទាក់ទិនការទាមទាររបស់អ្នកតវ៉ានាថ្ងៃសុក្រនេះ។
អតីតអ្នករស់នៅក្នុងសហគមន៍បឹងកក់ចំនួន១៦៩គ្រួសារ ត្រូវបង្ខំចិត្តទទួលសំណង ហើយទៅរស់នៅបុរីសន្តិភាព ២ ដែលគេស្គាល់ឈ្មោះថា តំបន់ដំណាក់ត្រយឹង ដែលស្ថិតនៅជាយរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋទាំងនេះ ស្ថិតក្នុងចំណោមប្រជាពលរដ្ឋជាង ៣០០០គ្រួសារ ដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេជាថ្នូរនឹងសំណងតិចតួចដើម្បីបុព្វហេតុអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
ក្រុមអ្នកភូមិដែលមកតវ៉ានៅថ្ងៃនេះ និយាយថា ពួកគាត់ប្រឈមនឹងការលំបាកជាច្រើនក្រោយពីត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងរបស់ពួកគាត់នៅក្នុងតំបន់បឹងកក់។
អ្នកស្រី ស៊ឹម សំអឿន វ័យ ៦៦ ឆ្នាំ ប្រាប់ VOA ថា សំណងប្រាក់ដុល្លារចំនួន ៨០០០ដុល្លារ និងលុយខ្មែរចំនួន ២លានរៀល បានធ្វើឲ្យអ្នកស្រីក្លាយជាមនុស្សគ្មានទីជម្រក។
«អត់ហានជួលទេណា៎។ កាលណាជួលទៅ លុយថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើងហូបចុក ស្លៀកពាក់ សាប៊ូ ចានឆ្នាំងគ្មាន។ គេរកឲ្យខ្ញុំគ្រប់គ្នាចានឆ្នាំង ប៉ុន្តែខ្ញុំថាអត់ទេ។ ខ្ញុំមិនអាចទាន់ទទួលទេ។ ខ្ញុំចាំមើល ដំណើរការរបស់ខ្ញុំ ប្រសិនបើដំណើរការខ្ញុំ គេដោះស្រាយឲ្យ។ រដ្ឋាភិបាលដោះស្រាយឲ្យ អាហ្នឹងខ្ញុំរកខ្ទមនៅ»។
អតីតអ្នករស់នៅតំបន់បឹងកក់ទាំងអស់នេះ បានស្វែងរកការគាំទ្រ និងការជួយពីស្ថានទូតសហរដ្ឋអាមេរិកផងដែរកាលពីពេលកន្លងមក តែពួកគេមិនទទួលបានលទ្ធផលអ្វីនោះឡើយមកទល់ពេលនេះ៕