ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​ជំនុំជម្រះ​បណ្តឹង​​របស់​ស្ត្រី​បឹងកក់


សកម្មជន​ដី​ធ្លីតំបន់​បឹង​កក់​ និង​អ្នកស្រី ​ទេព វណ្ណី​ ប្រមូល​ផ្តុំ​នៅ​ពី​ក្រោម​ក្លោង​ទ្វារ​ចូល​ទៅ​ក្នុង​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២​​ ខែ​មីនា ឆ្នាំ​២០១៦។​ (ហ៊ុល​ រស្មី/VOA)

ស្រ្តី​បឹងកក់​ទាំង​១០​នាក់​នេះ​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ក្នុង​ម្នាក់ៗ​​១ឆ្នាំ​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៤។

អ្នកស្រី​ ចាន់ ណាវី​ វ័យ​ ៦២ឆ្នាំ​ និយាយ​ទាំង​ទឹក​ភ្នែក​ បន្ទាប់​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​ សួរ​ដេញ​ដោល​អំពី​ចេតនា​របស់​អ្នកស្រី​ក្នុង​ការ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ។​

ឈរ​នៅ​ពី​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះនិង​មាន​ពាក់​អាវ​យឺត​ខ្មៅ​រំលេច​ដោយ​ពាក្យ​មួយ​ឃ្លា​ថា​ «ឃ្លាន​យុត្តិធម៌»​ អ្នកស្រី​ ចាន់ ណាវី​ បាន​ប្រាប់ ​លោកចៅក្រម​ សឹង​ បញ្ញាវុឌ្ឍ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា៖​ «ខ្ញុំ​អត់​មាន​ផ្ទះ​នៅ​ទេ​។ ផ្ទះ​ខ្ញុំ​ បាក់​អស់រលីងហើយ។​ បើ​មិន​ជឿ​ទេ​ ទៅ​មើល​ចុះ។​ ខ្ញុំ​ក្រ​យ៉ាង​នេះ​ តើ​មាន​ពេល​ឯណា​ទៅ​យក​ដី​គេ»។​

អ្នក​ស្រី ​ចាន់​ ណាវី​ គឺ​ជា​អ្នក​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជាប់​ចោទ​ជា​ស្ត្រី​ប្រាំ​បួន​នាក់​ផ្សេង​ទៀតមក​ពី​តំបន់​បឹង​កក់​ស្ថិត​ក្នុង​សង្កាត់​ ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​

អ្នក​ស្រី​ និង​ស្ត្រី​ទាំង​ប្រាំបួន​នាក់​នោះ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ពី​បទ​៖​

«កាន់​កាប់ដោយ​ខុសច្បាប់​លើ​អចលន​វត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ​ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ចំណុច​អភិវឌ្ឍន៍​បឹងកក់​១​ ភូមិ​១​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា ឆ្នាំ​២០១២»។​

នៅ​ក្នុងការ​សួរ​ដេញ​ដោល​ របស់​ក្រុម​ប្រឹក្សា​អង្គ​ជំនុំជម្រះ​ជិត​មួយ​ម៉ោង​កន្លះ​ ​អ្នកស្រី​ ចាន់​ ណាវី​ និង​អ្នកជាប់ចោទប្រាំបួន​នាក់​ផ្សេង​ទៀត បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ការ​តម្កល់​ទុក​ការ​ចោទប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​សាលា​ឧទ្ធរណ៍។​

អ្នក​ស្រី​ ទេព​ វន្នី​ អ្នក​ការពារ​សិទ្ធិ​រស់​នៅ​ក្នុង​តំបន់​បឹងកក់​ (ឈរ​នៅ​កណ្តាល)​ កំពុង​ស្រែក​ទាមទារ​យុត្តិ​ធម៌​នៅ​មុខ​ច្រក​ចូល​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២ ខែមីនា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
អ្នក​ស្រី​ ទេព​ វន្នី​ អ្នក​ការពារ​សិទ្ធិ​រស់​នៅ​ក្នុង​តំបន់​បឹងកក់​ (ឈរ​នៅ​កណ្តាល)​ កំពុង​ស្រែក​ទាមទារ​យុត្តិ​ធម៌​នៅ​មុខ​ច្រក​ចូល​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២ ខែមីនា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

អ្នកស្រី​ ទេព​ វន្នី​ ជា​ម្ចាស់​ពាន​រង្វាន់​ស្រី​ជា​អ្នក​ក្លាហាន​ Vital Voices​ ជា​អ្នក​ការពារ​សិទ្ធិ​រស់​នៅ​ក្នុង​តំបន់​បឹងកក់​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​អង្គ​សវនាការ​នោះ​ថា​ អ្នកស្រី​សង្ឃឹម​ថា​ តុលាការ​កំពូល​នឹងផ្តល់​យុត្តិ​ធម៌​ដល់​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​អស់​ ពីព្រោះ​អ្នក​ទំាងនោះ​ និង​អ្នកស្រី​ ពុំបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ឡើយ។​

«ក្នុង​នាម​ពួកខ្ញុំ​ដែល​រងគ្រោះ​ពិតប្រាកដ​ ហើយ​ក្នុង​នាម​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ដែល​ស្អាត​ស្អំ​ ហើយ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ខុស​ដូច​ជា​ការ​ចោទ​របស់​តុលាការ​ឧទ្ធរណ៍​ និង​តុលាការ​ដំបូង​ គឺ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅ​តែ​មាន​ក្តី​សង្ឃឹម​ ទោះបី​ជា​ពួក​ខ្ញុំ​មិន​ដែល​ទទួល​បាន​នូវ​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​ នៅ​ស្រុកខ្មែរ​ក៏ដោយ។​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ព្រោះ​ពេល​នេះ​តុលាការ​គាត់​កំពុង​តែ​ពិចារណា​អញ្ចឹង​ខ្ញុំ​អត់​ទាន់​វិនិច្ឆ័យ​ថា​ យ៉ាង​ម៉េច​ទេ​ ហើយ​ថ្ងៃ​ទី​១៦​ខែ៣​ ម៉ោង ៨​ព្រឹក​ទើប​គេ​ប្រកាស»។​

លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ VOA ​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ កាល​ពីថ្ងៃ​ពុធ​ ទី​២​ ខែ​មីនា ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)​
លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ VOA ​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ កាល​ពីថ្ងៃ​ពុធ​ ទី​២​ ខែ​មីនា ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ដែល​បាន​ឃ្លាំ​មើល​អង្គ​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ថ្លែង​ថា​ តុលាការ​កំពូល​នឹង​ពិចារណា​ផ្តល់​យុត្តិ​ធម៌​ដល់​ស្រ្តី​ជាប់ចោទទាំងនោះ​ ពីព្រោះ​បើ​ពិនិត្យ​ទៅលើ​អង្គច្បាប់​ ពួកគេ​ពុំបាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«បើ​យើង​ពិនិត្យ​រឿង​អង្គច្បាប់​តាំង​ពីក្រោម​ តាំងពី​សាលាដំបូង​ សាលា​ឧទ្ធរណ៍​ បើ​យើង​ផ្អែក​ទៅ​លើ​អង្គ​ច្បាប់​ ក៏​ដូច​ជា​អង្គហេតុ​ដែរ​ វា​គ្មាន​ធាតុ​ផ្សំ​ណាមួយ​ដែល​អាច​ចោទ​បទល្មើស​ទាំង​ពីរ​នេះ​ ទៅលើ​អ្នក​១៣​នាក់​ហ្នឹង​បាន​ទេ​។ ហើយ​ខ្ញុំ​យល់​ទៅវិញ​ថា​ ការ​ចោទប្រកាន់​ពេល​ហ្នុង​ គឺ​ជា​ការ​មួយ​ចោទ​ចាប់ ​ចោទ​ប្រកាន់​ដើម្បី​ធ្វើការ​គំរាម​កំហែង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ហ្នឹង​កុំ​ឲ្យ​ធ្វើការ​តវ៉ា​ទៀត​តែប៉ុណ្ណោះ​ទេ។ អានេះ​គឺ​ជា​គោល​បំណង​នៃ​ការ​ចាប់​ និង​ចោទប្រកាន់​ហ្នុង ប៉ុន្តែ​ធាតុ​ពិត​នៃ​បទល្មើស​ បើ​យើង​ពិនិត្យ​គឺ​អត់​មាន»។​

ស្រ្តី​បឹងកក់​ទាំង​១០​នាក់​នេះ​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ក្នុង​ម្នាក់ៗ១ឆ្នាំ​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៤។​ ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​ត្រូវ​បានសាលាឧទ្ធរណ៍​បន្ធូរ​បន្ថយរយៈពេល​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​មិនដល់​មួយ​ឆ្នាំ​ទេ។​ ​ពួកគេ​ទាំង​១០​នាក់​នេះ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មានសេរីភាព​វិញ​ កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០១៥។​ ការ​ដោះ​លែង​សកម្មជន​ដីធ្លី​នេះ​ ក៏​ត្រូវ​គេ​ដឹង​ថា​ ធ្វើ​ឡើង​បន្ទាប់​ពី​ការសម្រប​សម្រួល​ផ្នែក​នយោបាយ​រវាង​គណបក្ស​នយោបាយ​ធំៗ​ពីរ​ក្នុង​រដ្ឋសភា ​និង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។​

នៅ​ចុង​បញ្ចប់​នៃ​អង្គ​សវនាការ​របស់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​ថា​ តុលាការ​កំពូលនឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិនា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ៕

XS
SM
MD
LG