ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​មិន​ច្បាស់លាស់​រវាង​ទូរទស្សន៍ CNC​ និង​អតីត​បុគ្គលិក​​​


ទីតាំង​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុន Cambodian Broadcasting Service Co.,Ltd ដែល​គ្រប់គ្រង​លើ​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្ថិត​នៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ (រូបថតផ្ដល់ឱ្យ)
ទីតាំង​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុន Cambodian Broadcasting Service Co.,Ltd ដែល​គ្រប់គ្រង​លើ​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្ថិត​នៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ (រូបថតផ្ដល់ឱ្យ)

ក្រុមហ៊ុន​Cambodian Broadcasting Service Co., Ltd ហៅកាត់​ថា (CBS) ដែល​គ្រប់​គ្រង​លើ​បុស្តិ៍​ទូរទស្សន៍ CNC​បាន​ការ​ពារ​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​ដែល​បាន​ដក​បុគ្គលិក​ជិត​២០នាក់​ចេញ​ពី​ការងារ​ដោយ​ថា​ ជា ​«ការ​កែ​សម្រួល​ការងារ» និង​ស្រប​តាម​ច្បាប់​ការងារ​នៅ​ក្នុង​ប្រទេស។

ក្រុមហ៊ុន​ CBS ត្រូវ​បាន​អតីត​បុគ្គលិក​មួយ​ចំនួន​ចោទ​ថា​មិន​បាន​បង់​ប្រាក់​អត្ថប្រយោជន៍​គ្រប់គ្រាន់​ស្រប​តាម​ច្បាប់​ការងារពាក់​ព័ន្ធ​នឹង​ការ​បញ្ឈប់​បុគ្គលិក​ទាំង​មិន​បាន​ជូន​ដំណឹង​ជា​មុន។​

បើ​តាម​សេចក្តី​បំភ្លឺ​មួយ​ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ក្រុមហ៊ុន​ ​បាន​លើកឡើង​ថា​ក្រុម​ហ៊ុន​បាន​កែ​សម្រួល​ការងារ​មួយ​ចំនួន​ក្រោយ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ជូន​ដំណឹង​ដល់​បុគ្គលិក​ទាំង​អស់​អំពី​ផែនការ​នៃ​ការ​កែ​សម្រួល​ការងារ​នេះ​តាំងពី​ខែ​កញ្ញា​ឆ្នាំ​២០២១ ដោយ​ធ្វើ​ជា​ពីរដំណាក់​កាល​ហើយ​នេះ​ជា​ការ​កែសម្រួល​ដំណាក់​កាល​ទីពីរ​ដោយ​បាន​បញ្ចប់​កិច្ច​សន្យា​បុគ្គលិក​ចំនួន​១៧​នាក់​នៅ​ទូរទស្សន៍​CNC។​

ក្រុមហ៊ុន CBS​បាន​បន្ថែម​ថា ក្រុមហ៊ុន​បាន​ទូទាត់​ជូន​បុគ្គលិក​ស្រប​តាម​ច្បាប់​ការងារ​ដូចជា ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ ប្រាក់​ដំណាច់​ជួស​ការ​ជូន​ដំណឹង​មុន​ទៅ​តាម​អតីតភាព​ការងារ​របស់​បុគ្គលិក​ម្នាក់ៗ ប្រាក់​ដំណាច់​ជួស​ការ​ឈប់​សម្រាក​ដែល​នៅ​សល់​ប្រាក់​អតីត​ភាព​ការងារ​មុន​ឆ្នាំ ២០១៩ និង​ប្រាក់​ដំណាច់​អតីតភាព​ក្រោយ​ឆ្នាំ ២០១៩​ដែល​នៅ​សល់។

ក៏​ប៉ុន្តែ​អតីត​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ប្រចាំ​បុស្តិ៍​ទូរទស្សន៍​CNC​ លោក​យ៉ង់ សុភា​ និយាយ​ថា​ក្រុម​អតីតបុគ្គលិក​ដែល​ត្រូវ​បាន​រំសាយ​ពី​ការងារ​នៅ​យល់ថា ការ​ពន្យល់​របស់​ក្រុមហ៊ុន​ពាក់​ព័ន្ធ​នឹងការ​ទូទាត់​សំណង​ចំពោះ​ការ​រំសាយ​ការងរារបស់​ពួក​គាត់​នោះ​មិនទាន់​បាន​គ្រប់​ជ្រុង​ជ្រោយទេ។

លោក​បាន​បន្ត​ថា ដូច្នេះ​ក្រុម​អតីត​បុគ្គលិកនៅ​តែ​បន្ត​ធ្វើ​ការ​ទាមទារ​តាមរយៈ​ការ​ដាក់លិខិត​ស្នើ​សុំ​ចរចា​តាម​យន្កការ​សម្រប​សម្រួល​វាង​សហភាព​ការងារ​កម្ពុជា​របស់​លោក​អាត់ ធន់​ ជាមួយ​ភាគីក្រុមហ៊ុន​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​សម​ស្របតាម​ច្បាប់​ការងារ។

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «មន្រ្តី​សហជីព​នឹង​យក​លិខិត​ហ្នឹង​ទៅ​ដាក់​ជូន​ទៅ​ដល់​ក្រុមហ៊ុន​ហើយ ដើម្បី​ជួប​គ្នា​ពិភាក្សា​ថា​តើ​អ្វី​ដែល​ក្រុមហ៊ុន​បាន​គិត​ឲ្យ​បុគ្គលិក​នេះ​វា​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ការងារ​ដែល​ក្រុមហ៊ុន​អះអាង​ដែរ​ឬ​អត់។ អញ្ចឹង​ខ្ញុំ​មិន​ហ៊ាន​អះអាង​ថា យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ថា ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់ ដូច​អ្វី​ដែល​បាន​ដាក់​៤​ចំណុច​នា​ពេល​កន្លង​ទៅពី​អតីត​បុគ្គលិក​នៃ​ក្រុមហ៊ុន​CBS ​នេះ»

នាយករង​ផ្នែក​ព័ត៌មាន​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​CNC​កញ្ញា​អ៊ុង ចាន់សោភា​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុមហ៊ុន​ស្វាគមន៍​និង​សហការ​ចំពោះ​ការ​ទាមទារ​ទាំងឡាយ​ណា​ដែល​ស្រប​តាម​ច្បាប់​ការងារ និង​តាម​លទ្ធ​ភាព​របស់​ក្រុមហ៊ុន។

កញ្ញា​បាន​ថ្លែង​ថា៖ «ពួកខ្ញុំ​ស្វាគមន៍​ដែល​គាត់​ស្វែងរក​ការ​យល់ដឹង​តាម​ផ្លូវ​ច្បាប់។ ហើយ​យើង​នឹង​ធ្វើការ​ដោះស្រាយ​ជាមួយ​គាត់​ស្រប​តាម​នីតិវិធី​ច្បាប់។ ហើយ​នៅ​ពេល​ដែល​គាត់​ស្វែងរក​ការ​អន្តរាគមន៍​ផ្នែក​ផ្លូវ​ច្បាប់​ហ្នឹង​គាត់​នឹង​យល់​កាន់​តែ​ច្បាស់​ហើយ​ថា អ្វី​ដែល​គាត់​យល់​កាល​ពី​កន្លង​មក​ហ្នឹង​វា​ខុស វា​មិន​ត្រូវ​នោះ​ទេ។ ហើយ​យើង​ធ្វើ​អី​មួយ​និយាយ​ទៅ​គឺ​យើង​ធ្វើ​ស្រប​ទៅ​តាម​ច្បាប់​ទាំងអស់»។​

ក្រុម​បុគ្គលិក​បុស្តិ៍​ទូរទស្សន៍ CNC ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​មិន​បាន​ជូន​ដំណឹង​ទុក​ជា​មុន បាន​ទាមទារ​ប្រាក់​ជួស​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ចូល​បំពេញ​ការងារ​ដំបូង​រហូត​ដល់​ថ្ងៃ​បញ្ចប់​ការងារ​ប្រាក់​អតីតភាព​ ១៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ប្រាក់​ជំងឺ​ចិត្ត និង​ប្រាក់​បន្ទាប់បន្សំ។

កាលពី​ថ្ងៃព្រហស្បតិ៍​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​អាត់ ធន់​បាន​ប្រាប់​វីអូអេ​ថា​ក្នុង​ករណី​ដែល​មិន​មាន​ការ​សះជា​នឹងគ្នា​រវាង​ភាគី​ក្រុមហ៊ុន​CBS​និង​ក្រុម​អតីត​បុគ្គលិក​ទូរទស្សន៍​CNC តាម​ការ​ចរចា​ទេ​នោះ​អង្គការ​លោក​នឹង​យក​ករណី​នេះ​ទៅ​ប្តឹង​នៅ​ក្រសួង​ការងារ។​

លោក​យ៉ង់ សុភា ​បាន​ឲ្យ​ដឹង​បន្ថែម​ថា មក​ទល់ថ្ងៃ​សុក្រ​នេះ លោកនិង​ក្រុម​បុគ្គលិក​ដែល​បាន​ធ្វើ​ការ​តវ៉ា​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ក្នុង​ការ​រៀប​ចំ​ឲ្យ​មាន​ពិភាក្សា​ណា​មួយ​នៅ​ឡើយ​នោះ​ទេ។

បើ​តាម​លោក​យ៉ង់ សុភា​គិតត្រឹម​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​មាន​បុគ្គលិក​ចំនួន ២២​នាក់​ហើយ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ហៅ​ទូរសព្ទ​មក​បុគ្គលិក​ជា​បន្តបន្ទាប់​ដោយ​ជូនដំណឹង​ថា មាន​កិច្ច​ប្រជុំ​ជាមួយ​ផ្នែក​ធនធាន​មនុស្ស​ហើយ​បុគ្គលិក​នៅ​តាម​បណ្តា​ខេត្ត​ត្រូវ​យក​ឧបករណ៍​និង​គ្រឿងសម្ភារៈ​របស់​ក្រុមហ៊ុន​មក​ជាមួយ​ផង​ដែរ ដើម្បី​ធ្វើ​ជំរឿន ដោយ​មិន​បាន​ប្រាប់​ថា​នឹង​មាន​ការ​បញ្ឈប់​ការងារ​នោះ​ទេ។

ក្រុមហ៊ុន​CBS គឺ​ជា​ផ្នែក​មួយនៃ​អាជីវកម្ម​ជាច្រើន​មុខ​របស់​ក្រុមហ៊ុន​Royal Group​ ដែល​ស្ថិតក្រោម​ការ​ចាត់​ចែង​ដោយ​អ្នកឧកញ៉ា​គិត ម៉េង។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​គិត ម៉េង​ បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។​

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA)​ លោក​ណុប វី​បាន​លើក​ទឹកចិត្តឲ្យ​ភាគី​វិវាទ​ទាំង​សង​ខាង​ផ្តល់​អាទិភាព​លើ​ការ​ចរចា​ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​មួយ​ដោយ​សន្តិវិធីនិង​បញ្ឈប់​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក។

លោកបាន​ថ្លែង​ថា៖ «ខ្ញុំ​មើល​ទៅ​ក្រុមហ៊ុន​ក៏​គាត់​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដែរ ហើយ​សំខាន់​ប្រហែល​ជា​ភាគី​ទាំង​ពីរ​នៅ​មាន​ការ​យល់​ច្រឡំ​ចពោះ​ព័ត៌មាន​ណា​មួយ​ទេ។ អ៊ីចឹង​ហើយ​ ចំណុច​នេះ​វា​ទាមទារ​ឲ្យ​មាន​ការ​សម្របសម្រួល​ការ​ជួប​ជជែក​គ្នា​ផ្ទាល់​រវាង​ខាង​ក្រុមហ៊ុន​ជាមួយ​នឹង​ខាង​នយោជិត​របស់​គាត់​ជា​អ្នក​សារព័ត៌មាន​ហ្នឹង។ ហើយ​បើ​នៅ​ក្នុង​ករណី​ចាំបាច់​វា​គួរ​តែ​មាន​អ្នក​សម្របសម្រួល​បន្ថែម​ទៀត»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នកការពារ​សិទ្ធិ​អ្នកសារព័ត៌មាន​រូបនេះក៏​បាន​អំពាវនាវ​ឲ្យ​នយោជិត​នៅ​តាម​គ្រឹះ​ស្ថាន​ផ្សព្វផ្សាយ​នានា​នៅ​កម្ពុជា​គោរព​តាម​លក្ខខណ្ឌ​ចែង​ក្នុង​កិច្ចសន្យា​ការងារ និង​គោលការណ៍​ច្បាប់​ការងារ​ផងដែរ។

គួរ​រំឭក​ផង​ដែរ​ក្នុង​សំណុំ​រឿង​បញ្ឈប់​បុគ្គលិក​នៅ​ស្ថានីយ​ទូរទស្សន៍​ CNC ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ កាល​ពី​ឆ្នាំ​២០១៨​បានផ្តល់​អន្តរាគមន៍​បង្អាក់​ផែនការ​របស់​នាយក​ប្រតិបត្តិ​ទូរទស្សន៍​CNC​លោក​អ៊ុក វូរ៉ា ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​រៀបចំ​គម្រោង​បញ្ឈប់​បុគ្គលិក​ចំនួន​៣២​នាក់​ដែល​ក្នុងនោះ​មាន​ទាំង​សាច់​ញាតិ​របស់​លោក​នាយករដ្ឋមន្ត្រី​មួយរូប​ផងដែរ៕

XS
SM
MD
LG