ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្នើ​សុំ​អន្តរាគមន៍​ពី​សហភាព​ការងារ​កម្ពុជា​ដើម្បី​ការពារ​អត្ថប្រយោជន៍


ទីតាំង​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុន Cambodian Broadcasting Service Co.,Ltd ដែល​គ្រប់គ្រង​លើ​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្ថិត​នៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ (រូបថតផ្ដល់ឱ្យ)
ទីតាំង​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុន Cambodian Broadcasting Service Co.,Ltd ដែល​គ្រប់គ្រង​លើ​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្ថិត​នៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ (រូបថតផ្ដល់ឱ្យ)

បន្ទាប់​ពី​ត្រូវ​បាន​រំសាយ​ពី​ការងារ ក្រុមបុគ្គលិក​ប៉ុស្តិ៍​ទូរទស្សន៍ CNC បាន​ស្វះស្វែង​រក​កិច្ចអន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ការងារ​ ដើម្បី​ទាមទារប្រាក់អត្ថប្រយោជន៍​ដែល​និ​យោជក​មិន​បាន​ទូទាត់​ឲ្យ​ ស្រប​តាម​ច្បាប់​ការងារនៅ​ក្នុង​ប្រទេស។

ស្ថានីយ៍​ទូរទស្សន៍ CNC បាន​ចាប់​ផ្តើម​កាត់​បន្ថយ​បុគ្គលិក​ផ្នែក​ព័ត៌មាន​ និង​បច្ចេកទេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ ចំនួន​ប្រមាណ​ ២០​នាក់​ ដោយ​លើក​ពី​ហេតុផល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ។ ​

អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ប្រចាំ​បុស្តិ៍​ទូរទស្សន៍ CNC លោក យ៉ង់ សុភា បាន​ប្រាប់​វីអូអេនៅ​ថ្ងៃព្រហស្បតិ៍​នេះថា លោក ​និង​បុគ្គលិក​ដែល​ត្រូវ​បាន​រំសាយ​ការងារ​ចំនួន​ ១០នាក់​ បាន​ដាក់​ពាក្យ​ស្នើ​សុំជំនួយ​ផ្លូវ​ច្បាប់​ពីសហភាព​ការងារ​កម្ពុជា ពាក់ព័ន្ធ​នឹង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ដែល​ក្រុមហ៊ុន​មិន​ទាន់​បាន​ផ្តល់​ឲ្យ​តាម​គោល​ការណ៍​ការងារ​។

លោក​បាន​ឲ្យ​ដឹងទៀតថា ក្រុមហ៊ុន​ Cambodian Broadcasting Service Co.,Ltd ដែល​គ្រប់គ្រង​លើ​ប៉ុស្តិ៍​ទូរទស្សន៍ CNC មិន​បាន​ផ្តល់​ជា​ប្រាក់បំណាច់​ឆ្នាំ​ចាប់តាំង​ពី​ឆ្នាំ​ទី​មួយ​មក​ គួប​ផ្សំ​នឹង​ប្រាក់​ជំងឺ​ចិត្ត និង​ប្រាក់​បន្ទាប់បន្សំ​ដទៃ​ទៀត​ ដល់​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នោះទេ​ ដោយក្រុមហ៊ុន​បាន​ត្រឹមតែផ្តល់​ប្រាក់​បំណាច់ប្រចាំឆ្នាំ​សម្រាប់​តែ​មួយ​ឆ្នាំ​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ ។

លោក យ៉ង់ សុភា ដែល​បាន​បំពេញ​ការងារ​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ CNC អស់​រយៈពេលជាង​៨​ឆ្នាំមក​នេះ​ បាន​និយាយថា៖ «ស្រប​ពេល​ដែល​កាត់​ហើយ​ហ្នឹង​គឺ​ គាត់​មិន​បាន​ឲ្យ​ផល​សំណង​ទៅ​តាម​ច្បាប់​ហ្នឹង​ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ។ នៅមាន​ភាព​ខ្វះ​ចន្លោះ ដែល​យើង​ខ្ញុំ​កំពុង​ទាមទារ​នេះ។ តាម​ពិត​ទៅ​ ក្រុមហ៊ុន​ប្រសិន​បើ​គាត់​មាន​បញ្ហា​ហ្នឹង​មែន គួរ​តែ​ធ្វើ​ឲ្យ​រៀបរយ​ជាង​ហ្នឹង​ គួរ​តែ​ព្យួរ​ការងារ ជូន​ដំណឹង​អី​តាមរយៈ​លិខិត​អ៊ីចឹង​ទៅ។ ប៉ុន្តែ​នេះ​អត់​ទេ​ គឺ​គាត់​មក​បញ្ឈប់​ភ្លាមៗ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ហ្នឹង​ពិបាក​ស្វែងរក​ការងារ​ធ្វើ​ថ្មី រក​ចំណូល​ដើម្បី​ទៅ​ដោះស្រាយ​ជីវភាព​រៀងៗ​ខ្លួន​នេះ​បាទ»។

អ្នកអត្ថាធិប្បាយ​ព័ត៌មាន​រូបនេះ​ បាន​ពន្យល់​បន្ថែមថា មូលហេតុ​នៅ​ពី​ក្រោយការ​រំសាយ​បុគ្គលិក​មួយ​ចំនួន​នេះ ​គឺដោយសារ​ក្រុមហ៊ុន​កំពុង​ជួប​ប្រទះ​វិបត្តិហិរញ្ញវត្ថុ ហើយ​ក្រុមហ៊ុន​បាន​ផ្តល់ឲ្យ​នូវ​ប្រាក់​ខែ​ចុងក្រោយ និង​ប្រាក់​អតីតភាព និង​ប្រាក់​បំណាច់​ឆ្នាំ​គិត​តែ​មួយ​ឆ្នាំ​ចុងក្រោយ​តែ​ប៉ុណ្ណោះ​ដល់​បុគ្គលិក​ដែល​ត្រូវ​បាន​រំសាយ​ពី​ការងារ។

បើតាម​លោក ​យ៉ង់ សុភា​ គិតត្រឹម​ថ្ងៃព្រហស្បតិ៍នេះ​ មាន​បុគ្គលិក​ចំនួន ២២​នាក់​ហើយ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ហៅ​ទូរសព្ទ​មក​បុគ្គលិក​ជា​បន្តបន្ទាប់​ ដោយ​ជូនដំណឹង​ថា មាន​កិច្ចប្រជុំ​ជាមួយ​ផ្នែក​ធនធាន​មនុស្ស​ ហើយ​បុគ្គលិក​នៅ​តាម​បណ្តា​ខេត្ត​ត្រូវ​យក​ឧបករណ៍​ និង​គ្រឿងសម្ភារ​របស់​ក្រុមហ៊ុន​មក​ជាមួយ​ផង​ដែរ ដើម្បី​ធ្វើ​ជំរឿន ដោយ​មិនបាន​ប្រាប់​ថា ​នឹង​មាន​ការបញ្ឈប់​ការងារ​នោះ​ទេ។

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត ធន់ បាន​ប្រាប់​វីអូអេ​ថា​ ​មេធាវី​បាន​ជួប​ជាមួយ​នឹង​បុគ្គលិក​ទាំង​នោះរួចហើយ ដើម្បី​ពន្យល់​គោលការណ៍​និង​នីតិវិធី​ផ្សេងៗ។ លោក​បាន​បន្ត​ថា អង្គការ​របស់​លោក​ក៏​កំពុងរៀបចំ​ឯកសារ ​ដើម្បី​ធ្វើ​ជា​តំណាង​ចរចា ប្រសិន​បើ​នៅ​តែ​មិនមាន​ដំណោះស្រាយជាមួយ​ភាគី​ក្រុមហ៊ុន។

លោក​បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​មាន​បណ្តឹង​គឺ​យើង​នឹង​សិក្សា​ឲ្យ​បាន​ច្បាស់លាស់។ បន្ទាប់​មក ​គឺ​យើង​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​ ដូចជា ករណី​ខាង​បុគ្គលិក​ CTN ហ្នឹង​គឺ​យើង​នឹង​ធ្វើ​ដូចគ្នា​នេះ​ដែរ។ ហើយ​ក្នុង​ករណី​ដែល​មិនមាន​ការ​ជជែក​គ្នា​ឯកភាព​ទេ យើង​ប្តឹង​ទៅ​ក្រសួង​ការងារ​ ហើយ​បន្ទាប់​មក​គឺ​ យើង​នឹង​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវ​ច្បាប់​ទៀត»។

នាយករង​ផ្នែក​ព័ត៌មាន​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ CNC កញ្ញា អ៊ុង ចាន់សោភា សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ ដោយ​លើកឡើង​ថា ខាង​ក្រុមហ៊ុន​កំពុង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ។

នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) លោក ណុប វី បានស្នើ​ឲ្យ​ភាគី​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ខាង​លើ​គោរព​តាមលក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​ការងារ និង​គោលការណ៍​ច្បាប់​ការងារ ដើម្បី​បញ្ចៀស​ជម្លោះ​អូសបន្លាយ​ និង​ការខាតបង់​ផ្សេងៗ។ ​

«ហើយ​ដែល​យើង​ដឹង​ហើយនៅ​ក្នុង​ករណី​នៃ​ការ​បញ្ចប់​ការងារ​ វា​មាន​ផលប៉ះពាល់​ទៅ​ដល់​កេរ្តិ៍ឈ្មោះ​ ឬ​ក៏​កត្តិយស​របស់​នយោជិត។ ខ្ញុំ​យល់​ឃើញ​ថា ភាគី​នយោជក​ និង​នយោជិត​គួរ​តែ​ពិភាក្សា​គួរ​តែ​ពិនិត្យលទ្ធភាព​នៅ​ក្នុងការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ដោយ​ប្រើប្រាស់​ច្បាប់​ការងារ​ជា​គោលរួម។ ហើយ​នៅ​ក្នុង​ករណី​ដែល​យើង​បង្ក​ឲ្យ​មាន​ទំនាស់​ ឬ​មាន​បញ្ហា​ ខ្ញុំ​គិត​ថា គ្មាន​ផល​អី​ចំណេញ​សម្រាប់​ភាគី​ទាំងពីរ​ទេ»។

បើតាម​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់​ ធន់​ កន្លង​មក​នេះ​ មាន​អ្នកសារព័ត៌មាន​ជាង ២០​នាក់​ផង​ដែរ​ ដែល​អង្គការ​របស់​លោក​បាន​ទទួល​ដំណឹង និង​ជួយ​ដោះស្រាយពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​ដោយ​មិនបាន​ផ្តល់​ជា​ប្រាក់​សំណង ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗទៀតនោះ៕

XS
SM
MD
LG